តំបន់ភាគឦសាននៃប្រទេសឥណ្ឌា កំពុងជួបវិបត្តិទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយចំនួនអ្នកស្លាប់កើនឡើងដល់ ៣៦ នាក់ និងជាង ៥,៥ លាននាក់កំពុងរងផលប៉ះពាល់នៅទូទាំងរដ្ឋជាច្រើន។


នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានពង្រីកការជួយយ៉ាងពេញទំហឹងដល់រដ្ឋដែលរងផលប៉ះពាល់ ដោយធានានូវការផ្តល់ជំនួយឲ្យ​ទាន់ពេលវេលា និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិ។

លោក Modi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការសន្ទនាជាមួយមេដឹកនាំក្នុងតំបន់ថា៖ «រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់តាមដានយ៉ាងដិតដល់នូវស្ថានភាពក្នុងពេលនេះ ហើយខ្ញុំបាននិយាយទៅកាន់​ថ្នាក់​ដឹកនាំ​រដ្ឋដែលរងផលប៉ះពាល់ ហើយធានាថានឹងផ្តល់ការគាំទ្រទាំងអស់ដែលអាចធ្វើទៅបាន  រដ្ឋាភិបាលនឹងឈរជាមួយប្រជាជណនៅភាគឦសានដោយស្មារតីរួមគ្នា»។


នៅរដ្ឋ Assam ដែលជារដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងគេបំផុតមានមនុស្ស ១១នាក់បានស្លាប់ ហើយប្រជាជនជាង ៥,៣៥លាននាក់ នៅទូទាំង ២២ស្រុក ត្រូវបានរងផលប៉ះពាល់។ស្រុកដូចជា Sribhumi, Cachar និង Nagaon ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសាទន្លេ Brahmaputra និងដៃទន្លេរបស់វាហូរលើសពីកម្រិតគ្រោះថ្នាក់។


រដ្ឋមន្រ្តី Himanta Biswa Sarma បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងសកម្ម ដោយទៅទស្សនាតំបន់រងគ្រោះ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។


មន្ត្រីនៅរដ្ឋ Arunachal Pradesh បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ១០នាក់ដោយសារតែការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ហើយស្ថានភាពនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ស្រុកដូចជា Lohit, West Kameng និងជ្រលងភ្នំ Dibang ។ អភិបាលខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ននៅតំបន់ដែលមានហានិភ័យខ្ពស់។

រដ្ឋ Meghalaya បានរកឃើញការស្លាប់ចំនួន ៦នាក់ ដែលបណ្តាលមកពីការរអិលបាក់ដី ការលង់ទឹក និងការវាយប្រហារដោយរន្ទះ ដោយតំបន់ដូចជា Cherrapunji និង Mawsynram មានភ្លៀងធ្លាក់យ៉ាងខ្លាំង។

រដ្ឋ Mizoram បានរកឃើញការស្លាប់ចំនួន ៥នាក់ ដែលបណ្តាលមកពីការរអិលបាក់ដី និងការដួលរលំផ្ទះ ដោយនៅតំបន់ដូចជា Aizawl, Champhai និង Serchhip រងផលប៉ះពាល់ខ្លាំងជាងគេ។

រដ្ឋ Sikkim បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣ នាក់បន្ទាប់ពីមានការរអិលបាក់ដីនៅក្នុងស្រុក Mangan ដែលបានវាយប្រហារជំរុំយោធាដោយបានឆក់យកជីវិតរបស់បុគ្គលិកយោធាពីរនាក់ និងអ្នកដឹកជញ្ជូនម្នាក់។

រដ្ឋ Tripura បានកត់ត្រាមានចំនួនអ្នកស្លាប់ម្នាក់ ហើយមនុស្សជាង ១ម៉ឺន​នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។

នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលជំរុញឱ្យរដ្ឋបាលរដ្ឋចេញការប្រកាសអាសន្ន និងជម្លៀសប្រជាជនចេញពីតំបន់ទំនាប។

ជាមួយនឹងការធានារបស់នាយករដ្ឋមន្ត្រី Modi អំពីការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ព្រមទាំងការដាក់ពង្រាយបុគ្គលិកកម្លាំងការពារជាតិ និងថវិកាបន្ថែមក្រោមមូលនិធិគ្រោះមហន្តរាយជាតិ តំបន់រងគ្រោះទាំងអស់កំពុងផ្តោតលើទាំងការផ្តល់ជំនួយ និងជួយសង្គ្រោះបន្ទាន់ និងធ្វើការពង្រឹងសម្ថភាពប្រឆាំងនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរ៕