ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់​ឲ្យ​អនុវត្ត​ឡើង​វិញ​នូវគោលនយោបាយហាមឃាត់ការធ្វើដំណើរពីអាណត្តិទីមួយរបស់គាត់ ដោយបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយនៅយប់ថ្ងៃពុធ ដែលរារាំងប្រជាជនមកពីប្រទេស ១៣ បូក​រួម​ទាំង​មីយ៉ាន់ម៉ា​ផង​ មិនឱ្យចូលសហរដ្ឋអាមេរិក។


ប្រទេសទាំងនោះរួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ បន្ថែមលើការហាមឃាត់នេះ នឹងមានការរឹតបន្តឹងខ្ពស់លើអ្នកដំណើរ​មកពី​ប្រទេស​ ប៊ូរុនឌី គុយបា ឡាវ សេរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និង វ៉េណេហ្ស៊ុយអេឡា។ ការ​ហាម​ឃាត់​និង​ការ​រឹត​បន្តឹង​នេះ​នឹង​ធរមាននៅម៉ោង ១២:០១ ព្រឹកថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ។

លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីប្រកាសរបស់លោក​ថា៖ «ខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជនរបស់​យើង»។


បញ្ជីប្រទេស​ទាំង​នេះបានមកពីបទបញ្ជាប្រតិបត្តិនៅថ្ងៃទី២០ ខែមករា ដែលលោក ត្រាំ បានចេញផ្សាយ ដោយតម្រូវឱ្យក្រសួងការបរទេស ក្រសួ​សន្តិសុខមាតុភូមិ និងនាយកនៃការិយាល័យចារកម្មជាតិ រៀបចំរបាយការណ៍ស្តីពី «អាកប្បកិរិយាអរិភាព» ចំពោះសហរដ្ឋអាមេរិក និងថាតើការចូលមកពីប្រទេសមួយចំនួនបង្ក​ហានិភ័យសន្តិសុខជាតិដែរឬទេ។


វាជាពេលវេលាដ៏ច្របូកច្របល់ និងភាន់ច្រឡំបំផុតមួយនៃអាណត្តិប្រធានាធិបតីដែល​មាន​អាយុកាល​ជាង ៥ខែ។ អ្នកធ្វើដំណើរមកពីប្រទេសទាំងនោះត្រូវបានហាមឃាត់មិនឱ្យឡើងជើងហោះហើរទៅសហរដ្ឋអាមេរិក ឬត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋានសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានចុះចត។ បទ​បញ្ជា​នេះ​មិន​លើក​លែង​ថា​ពួកគេជា​និស្សិត សាស្ត្រាចារ្យ អ្នកជំនួញ ភ្ញៀវទេសចរ ឬ​អ្នកដែលមកសួរសុខទុក្ខមិត្តភក្តិ និងក្រុមគ្រួសារ​នោះ​ទេ៕