
លោក ដូណាល់ ត្រាំ និយាយជាមួយលោក អេឡុន ម់ាស់ កាលពីខែមីនា។ AFP
ភាពតានតឹងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមហាសេដ្ឋីបច្ចេកវិទ្យា លោក អេឡុន ម៉ាស់ បានឈានដល់ចំណុចបែកបាក់ ហើយទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងមេដឹកនាំដ៏មានឥទ្ធិពលបំផុតក្នុងលោក និងបុរសមានបំផុតបានដល់បញ្ចប់។
អស់រយៈពេលជាងមួយសប្តាហ៍ លោក អេឡុន ម៉ាស់ បានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់ដ៏សំខាន់របស់លោក ត្រាំ គឺសេចក្តីព្រាងច្បាប់ស្តីពីការចំណាយ ហើយបានធ្វើយុទ្ធនាការយ៉ាងសកម្មប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ ដោយហៅវាថា«គួរឲ្យស្អប់ខ្ពើម»។
នៅថ្ងៃព្រហស្បតិ៍ ខណៈពេលកំពុងជួបជាមួយមេដឹកនាំអាល្លឺម៉ង់នៅក្នុងការិយាល័យរាងពងក្រពើនៃសេតវិមាន លោក ត្រាំ បាននិយាយដោយបើកចំហអំពីការខកចិត្តរបស់គាត់ចំពោះលោក ម៉ាស់។
លោក ត្រាំ បាននិយាយថា គាត់ «មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង» និង «ខកចិត្ត» ចំពោះការរិះគន់របស់អតីតសម្ព័ន្ធមិត្ត លោក អេឡុន ម៉ាស់ លើសេចក្តីព្រាងច្បាប់ថវិកាដ៏សំខាន់របស់គាត់។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា «អេឡុន និងខ្ញុំធ្លាប់មានទំនាក់ទំនងដ៏ល្អ។ ខ្ញុំមិនដឹងថាយើងនឹងនៅមានទំនាក់ទំនងនេះទៀតទេ»។
លោក អេឡុន ម៉ាស់ បានចាប់ផ្តើមការវាយប្រហារដ៏ខ្លាំអជាបន្តបន្ទាប់នៅលើបណ្ដញសង្គម X ដោយបានលើកឡើងដោយគ្មានភស្តុតាងថា លោក ត្រាំ មានឈ្មោះនៅក្នុងឯកសារមិនទាន់បានបញ្ចេញដែលទាក់ទងនឹងជនល្មើសផ្លូវភេទចុងក្រោយ Jeffrey Epstein។
លោក ត្រាំ បានឆ្លើយតបវិញជាច្រើនដង ដោយនិយាយនៅលើ Truth Social ថា លោក ម៉ាស់ «បានឆ្កួត» ហើយត្រូវបានស្នើឱ្យចាកចេញពីរដ្ឋបាល។ គាត់ក៏បានគំរាមកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាលជាមួយក្រុមហ៊ុនរបស់លោក អេឡុន ម៉ាស់ ផងដែរ។
ចំពេលជម្លោះនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះយ៉ាងខ្លាំង ១៤% ដែលធ្វើឱ្យក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោកធ្លាក់ចុះក្រោមកម្រិត ១ ទ្រីលានដុល្លារ។
ជម្លោះជាសាធារណៈនេះកើតឡើងបន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យាបានចាកចេញជាផ្លូវការពីតំណែងរដ្ឋាភិបាលរបស់គាត់កាលពីសប្តាហ៍មុន ដែលគាត់ត្រូវបានផ្តល់ភារកិច្ចក្នុងការស្វែងរកការចំណាយហួសហេតុតាមរយៈ DOGE។
អេឡុន ម៉ាស់ បានចាកចេញពីតំណែងនៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលកាលពីសប្តាហ៍មុន បន្ទាប់ពីធ្វើការបាន ១២៩ ថ្ងៃ ហើយលោក ត្រាំ បានប្រគល់កូនសោមាសឱ្យគាត់ក្នុងអំឡុងសន្និសីទសារព័ត៌មានអបអរសាទរនៅថ្ងៃទី ៣០ ខែឧសភា។
ប៉ុន្តែនៅប៉ុន្មានថ្ងៃក្រោយមក គាត់បានរិះគន់ជាបន្តបន្ទាប់លើសេចក្តីព្រាងច្បាប់ថវិការបស់លោក ត្រាំ ដែលកំពុងដំណើរការនៅសភា ដោយហៅវាថាជា «អំពើគួរឱ្យស្អប់ខ្ពើម» និងបង្ហោះថាវាជា «អាម៉ាស់ចំពោះអ្នកដែលបានបោះឆ្នោតគាំទ្រច្បាប់នេះ អ្នកដឹងថាអ្នកបានធ្វើខុស»។
លោក ត្រាំ និយាយថា អេឡុន ម៉ាស់ បានផ្លាស់ប្តូរនិន្នាការរបស់លោកនៅពេលនេះ ដោយសារតែក្រុមហ៊ុនរថយន្តរបស់គាត់ គឺ Tesla នឹងរងផលប៉ះពាល់ដោយសារការជំរុញរបស់គណបក្សសាធារណរដ្ឋក្នុងការបញ្ចប់ការលើកទឹកចិត្តពន្ធសម្រាប់រថយន្តអគ្គិសនី។
អេឡុន ម៉ាស់ អះអាងថា លោកមិនខ្វល់ពីការអនុគ្រោះពន្ធលើរថយន្តអគ្គិសនីទេ ហើយថា គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ មិនអាចឈ្នះការបោះឆ្នោតទេប្រសិនជាលោកមិនបានជួយគាំទ្រដែលមានទឹកប្រាក់ចន្លោះពី ២៥០ទៅ២៩០លានដុល្លារ៕