
កងទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថាពួកគេបានទៅយកសាកសពរបស់ប្រមុខយោធារបស់ក្រុមហាម៉ាស Mohammed Sinwar នៅក្នុងផ្លូវរូងក្រោមដីមួយនៅក្រោមមន្ទីរពេទ្យភាគខាងត្បូងហ្គាហ្សា បន្ទាប់ពីប្រតិបត្តិការដែលបានកំរៀបចំកាលពីខែមុន។
មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់ម្នាក់ទៀត Mohammad Shabana ដែលជាមេបញ្ជាការកងពលតូច Rafah ក៏ត្រូវបានរកឃើញថាបានស្លាប់នៅកន្លែងកើតហេតុ រួមជាមួយនឹងក្រុមសកម្មប្រយុទ្ធមួយចំនួនទៀត ដែលកំពុងត្រូវបានកំណត់អត្តសញ្ញាណ។ នេះបើយោងតាមការបញ្ជាក់របស់ឧត្តមសេនីយទោ Effie Defrin អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល។
កងទ័ពអ៊ីស្រាអែលបានអញ្ជើញក្រុមអ្នកសាព័ត៌មានបរទេសមួយក្រុមតូច ឲ្យចូលទស្សនាផ្លូវរូងក្រោមដីដែលត្រូវបានរកឃើញនៅក្រោមមន្ទីរពេទ្យអ៊ឺរ៉ុបក្នុងទីក្រុង Khan Younis ដែលលោក Defrin បាននិយាយថាជាមូលដ្ឋានបញ្ជាការ និងគ្រប់គ្រងដ៏សំខាន់របស់ក្រុមហាម៉ាស់។
លោក Defrin បាននិយាយថា នេះគឺជាឧទាហរណ៍មួយផ្សេងទៀតដ៏ឃោរឃៅរបស់ក្រុមហាម៉ាស់ដែលបានប្រើប្រាស់ជនស៊ីវិលជាខែលការពារ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជាមន្ទីពេទ្យជាខែលការពារម្តងហើយម្តងទៀត។
លោកថា៖ «យើងបានរកឃើញបន្ទប់សង្គ្រោះបន្ទាន់ជាច្រើននៅក្រោមមន្ទីពេទ្យ ដោយមួយបន្ទប់ក្នុងចំណោមនោះយើងបានរកឃើញ Mohammed Sinwar ហើយយើងបានសម្លាប់គេ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ធ្លាប់បានប្រកាសពីការស្លាប់របស់លោក Sinwar កាលពីខែមុន ប៉ុន្តែលោក Defrin បាននិយាយថា ឥឡូវនេះពួកគេមាន DNA ដែលបង្ហាញកាន់តែច្បាស់ថា វាពិតជា Sinwar ពិតប្រាកដដោយគ្មានការសង្ស័យ។
ក្រុមហាម៉ាស់មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍អំពីការស្លាប់របស់ Sinwar ឬ Shabana ទេ។
គួរឲ្យដឹងផងដែរថា Sinwar គឺជាប្អូនរបស់ Yahya Sinwar ដែលជាមេដឹកនាំកំពូលរបស់ក្រុមប្រឆាំងអាវុធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) និងជាមេក្លោងនៃការវាយប្រហារទៅលើអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្សអស់ ១២០០នាក់ ហើយវាជាដើមហេតុបង្កឱ្យអ៊ីស្រាអែលចាប់ផ្ដើមជម្លោះវាយលុកក្នុងតំបន់ហ្កាហ្សា។
លោក Shabana គឺជាមេបញ្ជាការជាន់ខ្ពស់ និងរឹងប៉ឹងបំផុតរបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងហ្កាហ្សា។ លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់បណ្តាញផ្លូវរូងក្រោមដីនៅក្រោមទីក្រុង Rafah ភាគខាងត្បូង ដែលត្រូវបានប្រើសម្រាប់ការធ្វើសង្គ្រាម និងការវាយឆ្មក់ឆ្លងព្រំដែន៕