តើ​ការបើកបរ​បង្ក​ឱ្យ​អ្នកបើក​តាម​ក្រោយ​បុក​ស្លាប់​ មាន​ទោស​ឬទេ?

Content image - Phnom Penh Post
លោក​មេធាវី ផុន ធារិន កាលពីពេល​កន្លងមក​។ រូបថត សហការី

ជាធម្មតា​ការបើកបរ​បង្ក​ឱ្យ​អ្នកដទៃ​គ្រោះថ្នាក់​ត្រូវ​ទទួលទោស​តាមច្បាប់​។ ​ក៏ប៉ុន្តែ​មាន​ករណីខ្លះ​កើតឡើង​ដោយ​​ចៃដន្យ​ដូចជា បើក​សុខៗ​ក៏​ខូច​យានយន្ត​តាមផ្លូវ​ធ្វើឱ្យ​អ្នកបើក​តាម​ក្រោយ​បុក​ស្លាប់​ខ្លួនឯង​។ ​ត្រង់ចំណុច​នេះ​តើ​អ្នក​​បើកបរ​ខាងមុខ​នោះ​មានទោស​ឬទេ​?

ជុំវិញ​ករណី​បែប​នេះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី ផុន ធារិន បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ​ធារិន នៅ​បុរី​ឌឺមេគង្គ​រ៉ូយ៉ាល់​ផ្ទះ​លេខ​ ៧១ ផ្លូវ​ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​កំពុងបើក​រថយន្ត​តាមផ្លូវ​ជាធម្មតា ប៉ុន្តែ​ចៃដន្យ​រថយន្ត​គាត់​រលត់​ម៉ាស៊ីន​។ ពេលនោះ​ស្រាប់​តែមាន​រថយន្ត​ ១ ​គ្រឿង​ទៀត​មក​បុក​ពីក្រោយ​បណ្តាល​ឱ្យ​មនុស្ស​ក្នុង​រថយន្ត​ខាងក្រោយ​ស្លាប់​ម្នាក់​។ ​តើ​ករណីនេះ​លោក​ (​ក​) ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​​ឬ​យ៉ាងណា​? ​បើ​លោក​ (​ក​) ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ដោយ​មូលហេតុ​អ្វី​? ​ព្រោះថា គេ​បុក​គាត់​ពី​ក្រោយ​?

ជាគោលការណ៍​ច្បាប់​ក្នុង​មាត្រា​ ១៨ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​នៅ​ពីក្រោយ​យានយន្ត​ ១ ​ផ្សេងទៀត ត្រូវ​រក្សា​ទុកចន្លោះ​សុវត្ថិភាព​គ្រប់គ្រាន់ ដើម្បី​ចៀសវាង​ការប៉ះទង្គិច នៅពេល​ដែល​យានយន្ត​ខាងមុខ​បន្ថយល្បឿន ឬ​ឈប់​ដោយ​ចៃដន្យ​។ ដោយឡែក​ចន្លោះ​សុវត្ថិភាព​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​ថ្នល់​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

នៅក្នុង​ករណី​ខាងលើ លោក​ (​ក​) ​កំពុង​បើកបរ​តាម​ដងផ្លូវ​ជាធម្មតា ប៉ុន្តែ​ចៃដន្យ​រថយន្ត​របស់​គាត់​រលត់​ម៉ាស៊ីន ពេលនោះ​មាន​រថយន្ត​ ១ ​គ្រឿង​ទៀត​បើក​ពី​ក្រោយ​បុក​បណ្តាល​ឱ្យ​មនុស្ស​ក្នុង​រថយន្ត​ខាងក្រោយ​នោះ​ស្លាប់​ម្នាក់​។ បើ​យើង​ពិនិត្យ​មើល​តាម​មាត្រា​ ១៨ ​ច្បាប់​ស្តី​ចរាចរណ៍​ផ្លូវគោក រថយន្ត​បើក​ពីក្រោយ​អាច​នឹង​មិនបាន​គោរព​វិធាន​ស្តីពី​ការរក្សា​ចន្លោះ​សុវត្ថិភាព​បើកបរ​គ្រប់គ្រាន់ ឬ​បើកបរ​ដោយ​ខ្វះខាត​ការប្រុងប្រយ័ត្ន​ដែល​បណ្តាល​ឱ្យ​បុក​រថយន្ត​នៅ​ពី​ខាងមុខ​។

ជា​ការសន្និដ្ឋាន​ដំបូង​ចំពោះ​អង្គហេតុ​ខាងលើ លោក​ (​ក​) ​មិនមាន​កំហុស​ធ្ងន់ធ្ងរ​ណា​មួយ​ដែល​បញ្ជាក់ថា សកម្មភាព​របស់​គាត់​​បាន​បង្ក​បណ្តាល​ឱ្យ​មនុស្ស​ក្នុង​រថយន្ត​ដែល​បើក​ក្រោយ​នោះ​ស្លាប់​ទេ​។ ដូច្នេះ​លោក (​ក​) ​ក៏​មិនអាច​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ ឬ​ព្យសនកម្ម​នេះដែរ​។

ចុះ​ប្រសិន​បើ គាត់​មានទោស តើ​ជា​ប្រភេទ​ទោស​កម្រិតណា​? ​ប៉ុន្តែ​បើ​លោក​ (​ក​) ​ចេញ​សំណង​ឱ្យ​ភាគី​ជនរងគ្រោះ​ ដើម្បី​កុំឱ្យ​ប្តឹង តើ​បាន​ដែរ​ទេ​?

ផ្ទុយ​មកវិញ ប្រសិន​បើ​លោក​ (​ក​) ​មិន​បាន​អនុវត្តតាម​វិធាន​ក្នុង​កថាខណ្ឌ​ ៥ មាត្រា​ ២៧ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដោយ​តម្រូវ​ឱ្យ​ម្ចាស់​យានយន្ត​ត្រូវ​ប្រាប់​ដំណឹង​អំពី​ឧបសគ្គ​ដល់​អ្នក​បើកបរ​ផ្សេងទៀត ដោយ​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ខណៈ​ដែល​លោក ​(​ក​) ​បានដឹង​រួចហើយ​ថា​រថយន្ត​របស់​គាត់​អាច​នឹងមាន​បញ្ហា​កើតឡើង​។ ផ្អែក​តាម​មាត្រា​ ៨៥ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក លោក (​ក​) ​អាច​នឹង​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​ទង្វើ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​តាម​បទប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បណ្តាល​ឱ្យ​អ្នកដទៃ​ស្លាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​ដល់​ ១៥ ​លាន​រៀល​។

ជាគោលការណ៍​ច្បាប់ ទោះបី​ជនបង្ក​បាន​ចេញ​សំណង​ឱ្យ​ជនរងគ្រោះ​ក៏ដោយ បណ្តឹងអាជ្ញា​ ឬ​បណ្តឹង​ព្រហ្មទណ្ឌ​មិនអាច​រលត់​បានឡើយ​។ ម្យ៉ាងទៀត​​ក្នុង​ករណី​ការដក​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ វា​គ្រាន់តែ​ជា​ការបញ្ចប់​​នូវ​ការទាមទារ ផ្នែក​សំណង​រដ្ឋប្បវេណី​របស់​ជនរងគ្រោះ​តែប៉ុណ្ណោះ មានន័យថា ជនបង្ក​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ ដែល​មាន​ព្រះរាជអាជ្ញា​ជាដើម​បណ្តឹងអាជ្ញា​។

(​សូម​រង់ចាំ​ស្វែងយល់​វគ្គ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​)

ព័ត៌មានថ្មីៗ