
កញ្ញា កែវ សុបញ្ញា បង្ហើបបង្ហាញបុរសដែលជាម្ចាស់បេះដូង។ តារាចម្រៀងស្រីកំពុងឡើងកូដ នៅទ្រនំហង្សមាសកញ្ញា កែវ សុបញ្ញា។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ តារាចម្រៀងស្រីរាងខ្ពស់ស្រឡះកញ្ញា កែវ សុបញ្ញា អតីតបេក្ខភាពប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ កាន់តែមានប្រជាប្រិយភាពលើអាជីពជាតារាចម្រៀង និងសម្ដែងក្រោមដំបូលផលិតកម្មហង្សមាស ហើយក៏សមប្រកបនឹងរឿងបេះដូងផងដែរ។
នេះបើតាមការបង្ហើបពីសម្ព័ន្ធភាពជាមួយបុរសជាម្ចាស់ចិត្តខ្លួនបណ្តើរៗ តាមបណ្តាញសង្គម តែមិនទាន់បង្ហាញមុខមាត់ពិតនៅឡើយទេថា ជាអ្នកណា។ កញ្ញា កែវ សុបញ្ញា បង្ហោះសារថា៖ «មនុស្សដែលខ្ញុំស្រឡាញ់ គឺខ្ញុំរើសដោយបេះដូង និងមនោសញ្ចេតនាផ្ទាល់របស់ខ្លួនឯង។ ទោះអ្នកមិនល្អសម្រាប់អ្នកផ្សេង ទោះអ្នកបែបណាក៏ដោយ ក៏មិនជាបញ្ហា សុំត្រឹមអ្នកមានការស្រឡាញ់ ស្មោះត្រង់ ចំពោះខ្ញុំ តស៊ូជាមួយខ្ញុំ ច្បាស់លាស់នឹងខ្ញុំ និយាយដោយសម្ដីត្រូវធ្វើដោយទង្វើ។ មនុស្សសាមញ្ញរបស់ខ្ញុំ»។
ចាប់ពីក្លាយជាតារាចម្រៀង និងតារាសម្តែងអាជីព ១ រូប ដែលកាន់តែមានភាពលេចធ្លោក្នុងរង្វង់សិល្បៈ កែវ សុបញ្ញា មានប្រជាប្រិយភាពមិនចាញ់តារារួមជំនាន់ឡើយ ខណៈតារាស្រីរូបនេះ តែងតែមានវត្តមាននៅលើឆាកប្រគុំតន្ត្រីតូចធំជាច្រើន ក៏ដូចជាចូលរួមនៅក្នុងកម្មវិធីផ្សេងៗ និងបញ្ចេញក្បាច់រាំ ព្រមទាំងបទចម្រៀងថ្មីៗចេញជាហូរហែ។
ចំពោះវត្តមានបុរសជាសម្ព័ន្ធស្នេហ៍របស់កញ្ញា កែវ សុបញ្ញា ជាអ្នកជំនួញ ឬអ្នកសិល្បៈនោះ ក៏ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទទួលបានការបកស្រាយពីតារាចម្រៀងស្រីរាងស្រឡូនរូបនេះឡើយ ដោយប្រព័ន្ធទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
ទន្ទឹមនឹងអាជីពសិល្បៈឡើងកូដនោះ ស្រីស្រស់ កែវ សុបញ្ញា ក៏រឹតតែមានរូបសម្រស់ សិចស៊ី ទាក់ទាញក្រុមកន្លង់តាមសុំស្នេហ៍ និងចង់បានតារាស្រីរូបនេះ ជាម្ចាស់បេះដូងក៏មិនតិចឡើយ។ នាពេលកន្លងមក តារាស្រីវ័យ ២៨ ឆ្នាំ តែរូបសម្រស់មិនជ្រេតាមវ័យ កញ្ញា កែវ សុបញ្ញា ធ្លាប់បានបង្ហើបពីជីវិតគូស្រករថា៖ «សម្រាប់រឿងនេះ មិនទាន់មានម្ចាស់ចិត្តទេ ប៉ុន្តែក៏កំពុងតែមើលផងដែរ ហើយក៏ធ្លាប់មានគេចូលស្តីដណ្តឹងដែរ ប៉ុន្តែខ្ញុំបដិសេធដោយសារចង់រកលុយសិន ចង់ឱ្យការងារមានលំនឹង និងរឹងមាំជាងនេះសិន ចាំយើងគិតព្រោះខ្លួនឯងក៏ជិតចូល ៣០ ឆ្នាំ ស្អែកខានស្អែកហើយហ្នឹង ក៏មិនចង់នៅយូរ»។
កញ្ញា កែវ សុបញ្ញា តារាស្រីមានភាពរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃរូបនេះ ក៏បានសម្តែងនៅក្នុងរឿង «រាជិនីភូមិគ្រឹះ» ជាតួកាច និងរឿងទី២ កញ្ញា សុំលាក់ចំណងជើងសិន តែការសម្តែងរឿងក្រោយនោះ ទំនងជាត្រូវដើរជាតួស្លូតទេ ហើយក៏មានរឿងទី៣ ប្រហែលជាត្រូវគេឱ្យដើរជាតួកាច ទៀតផងដែរ៕