ភ្នំពេញ៖ ទើប​តែ​បង្ហើប​រឿង​មាន​ម្ចាស់​បេះដូង​ ​ដោយ​បើក​ចំហ កាល​ពី​​​ប៉ុន្មាន​​​សប្តាហ៍​មុន​សោះ ស្រាប់​តែ​តារា​​​​ចម្រៀង​​ស្រី​រាង​ខ្ពស់​ស្រឡះ​កញ្ញា កែវ សុបញ្ញា ជា​អតីត​បេក្ខភាព​​ប្រកួត​​​​កម្មវិធី The Voice Cambodia រដូវកាល​​​ទី១​ បង្ហោះ​បង្ហាញ​មុខ​មាត់​ពិត ឈ្មោះ​​ពិត អនាគត​ជា​ស្វាមី​នា​ថ្ងៃ​ភ្ជាប់​​​ពាក្យ​​​ ដើម្បី​រឹត​បន្តឹង​ចំណង​​ស្នេហ៍​មួយ​កម្រិត​ទៀត កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។


ចេញ​ពី​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន បណ្តុំ​រូបភាព ​ជួប​ជុំ​សាច់​ញាតិ​ទាំង​សង​ខាង​ ប្រកប​ដោយ​​ក្តី​សុខ​ ​មាន​​​ទឹក​​មុខ​​ញញឹម​រីករាយ​ កញ្ញា កែវ សុបញ្ញា បាន​​បរិយាយ​ថា៖ «យើង​ខ្ញុំ​ទាំង ​២​ នាក់​ កែវ ​សុបញ្ញា ​និង ប៉ាល់​ ប៉ោស៊ាង​ សូម​​ជំនួស​មុខ​ឱ្យ​មាតាបិតា​ ទាំង​សង​ខាង សូម​ថ្លែង​អំណរ​អរគុណ​ដល់ ​ភ្ញៀវ​​​កិត្តិយស​​ទាំង​អស់ ដែល​បាន​ចំណាយ​ពេល​វេលា​​ដ៏​មាន​តម្លៃ​ចូលរួម​​​ក្នុង​កម្មវិធី​​ភ្ជាប់​ពាក្យ​របស់​យើង​ខ្ញុំ​ទាំង​ ២​ និង​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ដែល​មិន​បាន​អញ្ជើញ​ចូលរួម​ ព្រោះ​​នាង​ខ្ញុំ​ ធ្វើ​ជា​លក្ខណៈ​​គ្រួសារ​​តែ​បណ្ណោះ។​ ដោយសារ​យើង​ខ្ញុំ​ត្រូវ​អនុវត្ត​តាម​បម្រាម​គោចរ​របស់​​សម្ដេច​ពុក​ សូម​​​​ជូន​​​ពរ​ភ្ញៀវ​​កិត្តិយស​​ទាំង​អស់​មាន​​សុខភាព​ល្អ រក​ទទួល​ទាន​មាន​​បាន​គ្រប់​​ក្រុម​គ្រួសារ​ ក៏​អរគុណ​សម្រាប់​​ពាក្យ​​ជូនពរ​របស់​បងប្អូន​ទាំង​អស់​គ្នា​ផង​​ណា!»។​

កញ្ញា កែវ សុបញ្ញា តារា​ចម្រៀង​ស្រី​នៅ​ផលិត​​កម្ម​ហង្សមាស​។ រូបថត ហ្វេសប៊ុក​


កញ្ញា កែវ​ សុបញ្ញា ​បន្ត​ថា៖ «​នាង​ខ្ញុំ​ពិត​ជា​រំភើប​ និង​ថ្លែង​អំណរគុណ​ ជាពិសេស​ចំពោះ​អ្នក​គាំទ្រ​​​ពី​គ្រប់​មជ្ឈដ្ឋាន​នូវ​​ពាក្យ​ជូនពរ​របស់​បងប្អូន​ និង​ទឹក​ចិត្ត​ដ៏​រំភើប ត្រេកអរ​ជំនួស​យើង​ទាំង ​២ ​នាក់ ​​​​សម្រាប់​​ថ្ងៃ​មង្គល​ពាក្យ​​ជូនពរ​របស់​​​អ្នក​ទាំង​អស់​គ្នា​​ ប្រៀប​ដូចជា​សិរីសួស្ដី​ ជ័យមង្គល ដែល​បាន​ផ្ដល់​​​ឱ្យ​នាងខ្ញុំ និង​ក្រុម​គ្រួសារ​យូរ​អង្វែង នាង​ខ្ញុំ​សូម​ជូនពរ​ឱ្យ​បងប្អូន​ទាំង​​អស់​គ្នា​ជួប​តែ​សេចក្ដីសុខ ​និង​សុភ​មង្គល​ក្នុង​ក្រុម​គ្រួសារ​ជា​រៀង​រហូត​ដូច​​គ្នា»​​។​


យ៉ាង​ណា​ក្រោយ​ពី​ភ្ជាប់​ទៅ ​​តារា​ចម្រៀង​ស្រី​ និង​តារា​សម្តែង​នៅ​ទ្រនំ​ហង្សមាស​រូប​នេះ ក៏​នៅ​មិន​ទាន់​អាច​បញ្ជាក់​​ពី​គម្រោង​ថ្ងៃ​ចូល​រោង​ជ័យ​មង្គល​ ​​ពេល​ណា​នឹង​គូ​​ដណ្តឹង​​ខ្លួន​ជា​​អ្នក​​សិល្បៈ ឬ​ជា​អ្នក​បម្រើ​ការងារ​រដ្ឋ ឬ​ជា​​អ្នក​ជំនួញ​នោះ​ឡើយ​ ដោយ​ប្រព័ន្ធ​​​ទូរស័ព្ទ​កញ្ញា​ធ្លាប់​ទំនាក់ទំនង​ពី​មុន​នោះ​ មិន​អាច​ទាក់ទង​បាន​ នាពេល​ថ្មីៗ​នេះ​។ ​


កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ កញ្ញា កែវ សុបញ្ញា ​បង្ហោះ​សារ​​បង្ហើប​​ពី​​​សម្ព័ន្ធភាព​ជាមួយ​​បុរស​ជា​ម្ចាស់​ចិត្ត​​ខ្លួន តាម​បណ្តាញ​សង្គម​ តែ​​មិន​​ទាន់​​បង្ហាញ​មុខ​មាត់​ពិត​នៅ​ឡើយ​​ ដោយ​រៀបរាប់​ជា​សំណេរ​ប្រាប់​ដល់​​​មហាជន​ដែរ​ថា៖ «​មនុស្ស​​​ដែល​​ខ្ញុំ​ស្រឡាញ់ ​គឺ​ខ្ញុំ​រើស​ដោយ​បេះដូង​ និង​​មនោសញ្ចេតនា​ផ្ទាល់​របស់​​ខ្លួន​ឯង​។ ទោះ​អ្នក​មិន​​​ល្អ​​សម្រាប់​​អ្នក​ផ្សេង ទោះ​​អ្នក​បែប​ណា​ក៏​ដោយ​ ក៏​មិនមែន​ជា​បញ្ហា សុំ​ត្រឹម​អ្នក​​មាន​ការ​​ស្រឡាញ់​ ស្មោះ​ត្រង់​ចំពោះ​​ខ្ញុំ​ ​តស៊ូ​ជាមួយ​ខ្ញុំ​ច្បាស់​លាស់​នឹង​ខ្ញុំ និយាយ​​ដោយ​សម្ដី​ត្រូវ​​ធ្វើ​​ដោយ​ទង្វើ។ មនុស្ស​សាមញ្ញ​​​របស់​​ខ្ញុំ»។​

សម្រាប់​កញ្ញា កែវ សុបញ្ញា ចាប់​​ពី​ក្លាយ​ជា​​តារា​​អាជីព​ ១ រូប​ ដែល​កាន់​តែ​​លេច​ធ្លោ​ក្នុង​រង្វង់​​សិល្បៈ​លើ​ទ្រនំ​ហង្ស​មាស ទទួល​បាន​ប្រជាប្រិយភាព​មិន​​ចាញ់​តារា​រួម​ជំនាន់​​ឡើយ​ ខណៈ​​តារា​​ស្រី​រូប​នេះ ​តែង​តែ​មាន​វត្តមាន​ នៅ​​​លើ​ឆាក​ប្រគំ​តន្ត្រី​ទាំង​​តូច​ទាំង​​ធំ​ជា​ច្រើន ​ក៏​​ដូច​ជា​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ​ព្រម​ទាំង​បទ​ចម្រៀង​​ថ្មីៗ​​ចេញ​ជា​ហូរ​ហែ​ផង​ដែរ​។​

ស្រប​ពេល​​ដែល​អាជីព​សិល្បៈ​កាន់​តែ​​ឡើង​កូដ​នោះ​ ស្រីស្រស់ កែវ-​សុបញ្ញា ក៏​រឹតតែ​​ថែរក្សា​​រូប​​​សម្រស់​ឱ្យ​កាន់​តែ​​សិចស៊ី​​ ទាក់ទាញ​​ក្រុម​កន្លង់​តាម​​សុំ​ស្នេហ៍ និង​ចង់​បាន ​​ធ្វើ​ជា​​ម្ចាស់​បេះដូង ​ក៏​មិន​តិច​​នោះ​ឡើយ​​។​ តារាស្រី​វ័យ ២៨ ឆ្នាំ​ តែ​​រូប​សម្រស់​​មិន​ជ្រេ​តាម​វ័យ​​ កញ្ញា កែវ សុបញ្ញា ធ្លាប់​បាន​ប្រាប់​ពី​ជីវិត​គូ​ស្រករ​ខ្លួន​​ដូច្នេះ​​​​​ថា​៖ «​​រឿង​នេះ ​មិន​ទាន់​មាន​​ម្ចាស់​ចិត្ត​ទេ ប៉ុន្តែ​ក៏​កំពុង​​តែ​មើល​ផង​ដែរ-​ហើយ​​ក៏​ធ្លាប់​មាន​គេ​​ចូល​​​ស្តី​​ដណ្តឹង​ដែរ​ ប៉ុន្តែ​ខ្ញុំ​បដិសេធ​​ដោយសារ​​ចង់​រក​​​​លុយ​សិន​ ចង់​ឱ្យ​ការងារ​​​​មាន​​​លំនឹង និង​រឹងមាំ​​ជាង​​នេះ​​សិន​ ចាំ​យើង​គិត​​ ព្រោះ​​ខ្លួន​ឯង​ក៏​​ជិត​ចូល​ ៣០​ ឆ្នាំ​ស្អែក​​ខាន​ស្អែក​​ហើយ​​​ហ្នឹង​​ ក៏​មិន​ចង់​នៅ​យូរដែរ​»​៕