ភ្នំពេញ៖ Garden of Desire ប្រែ​ថា​ «សួន​នៃ​សេចក្តី​ប្រាថ្នា» ​គឺ​ជា​វិចិត្រសាល​នៃ​ការ​រចនា​ម៉ូដ​គ្រឿង​អលង្ការ​ប្រកប​ដោយ​​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​វត្ថុធាតុ​ដើម​​រាប់​តាំង​ពី​លោហៈ​​ប្រាក់​រហូត​ទៅ​ដល់​ថ្ម​ធម្មជាតិ​​​ពណ៌​ចម្រុះ​ស្អាត​ទាក់​​ភ្នែក​ ដែល​ធ្វើ​ឱ្យ​​អ្នក​ប្រទះ​ភ្នែក​​ឃើញ ​​នឹក​ភ្នក​ចង់​ដឹង​​ពី​គំនិត​សាវតារ​​នៃ​ការ​ចេញ​ម៉ូដ​នីមួយៗ​នេះ​ឡើង​។

ម៉ូដ​មួយ​ក្នុង​ចំណោម​ម៉ូដ​ពិសេសៗ​របស់​ហាង​នោះ​ គឺ​ចិញ្ចៀន វល្លិ៍​រពាក់​ធ្វើ​ពី​ប្រាក់ (Rattan vine silver ring) មាន​រាង​រង្វេល​នៅ​ពេល​ពាក់​លើ​ម្រាមដៃ​។ ភាព​លេច​ធ្លោ​របស់​វា​ត្រូវ​បាន​ទទួល​ការ​បក​ស្រាយ​​ពី​សហស្ថាបនិក​ថា​ វា​ជា​ការ​រំឭក​ដល់​តម្បាញ​​ខ្មែរ​។

ប្រជាជន​ច្រើន​តែ​យក​រពាក់ ឫស្សី ធ្វើ​កញ្ច្រែង ល្អី ឬ​ក្រណាត់​សូត្រ​មក​ត្បាញ​ជា​សម្លៀកបំពាក់​ផ្សេងៗ ហើយ​រពាក់​ គឺ​ជា​ធនធាន​ធម្មជាតិ​សំខាន់​មួយ​ក្នុង​​​អាជីវកម្ម​ប្រពៃណី​មួយ​នេះ​។


​ជាងទង​ផ្ចិតផ្ចង់​ផលិតគ្រឿងអលង្ការ Garden of Desire​​។ NATALY LEE

សហស្ថាបនិក​ Garden of Desire ​លោក លី ពិសិដ្ឋ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ខ្ញុំ​បង្កើត​​ម៉ូដ​ភ្ជាប់​នឹង​ឫសគល់​កម្ពុជា​ដែល​ទាំង​អបអរ​ចំពោះ​ការ​បង្កើត​នូវ​បេតិកភណ្ឌ​វប្បធម៌​ហើយ​ក៏​ទៅ​លើ​​សិល្បៈ​ឌីហ្សាញ ស្ថាបត្យកម្ម តន្ត្រី​ និង​ធម្មជាតិ​។ ការ​រស់នៅ​​ប្រចាំ​ថ្ងៃ​ និង​របស់​ជុំវិញ​ខ្លួន​ខ្ញុំ​ក៏​ជា​កម្លាំង​ជំរុញ​ចិត្ត​មួយ​»។


បទពិសោធ​នៃ​ការ​បាត់បង់​មនុសុ្ស​ជាទី​ស្រឡាញ់​ជា​ច្រើន​នាក់​នៅ​សម័យ​សង្គ្រាម​លោក​ ពិសិដ្ឋ​ ហាក់​បាត់បង់​ខ្លួន​ឯង​មួយ​ផ្នែក​ធំ​។ ប៉ុន្តែ Garden of Desire ​ជា​ការ​បង្កើត​ភាព​ស្រស់ស្អាត​ឡើង​វិញ​ និង​តំណាង​ពី​ការ​ពុះពារ​របស់​លោក​ក្នុង​ការ​បើក​ចិត្ត​ស្រឡាញ់​ទឹកដី​កំណើត​​ បន្ទាប់​ពី​ភាព​ជូរចត់​ដែល​បាន​កើត​ឡើង​។

សហស្ថាបនិក​​ខ្មែរ-បារាំង​​រូប​នេះ​ថា​៖ «ដើម​ចម​នៃ​ Garden of Desire គឺ​ត្រឡប់​ទៅ​ជិត​ ៥ ​ទសវត្សរ៍​មុន​ នៅ​ពេល​ខ្ញុំ​នៅ​ជា​កុមារា​​​ និង​ត្រូវ​បាន​បំបែក​ពី​ឪពុកម្ដាយ​ហើយ​ជម្លៀស​​ទៅ​ថៃ​​ បន្ទាប់​មក​បារាំង​»។

លោក​បាន​រំឭក​ប្រាប់​ពី​វេលា​ដ៏​លំបាក​ថា៖ «នៅ​វ័យ ២០ ​​ឆ្នាំ​ជាង​​រស់នៅ​ទីក្រុង​ប៉ារីស ខ្ញុំ​បាន​​រក​ឃើញ​ការ​លួងលោម​តាមរយៈ​ការ​បង្កើត​ដោយ​ដៃ​ និង​ជា​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​នោះ​ គឺ​ការ​ឌីហ្សាញ​។

បន្ទាប់​ពី​ចំណាយ​​ពេល​រៀន​ទាំង​សិល្បៈ​ក្រាហ្វិក​ និង​ការ​តុបតែង​ច្រើន​ឆ្នាំ​ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ធ្វើ​ជា​អ្នក​ច្នៃ​ម៉ូដ​ផលិតផល​​ក្រុមហ៊ុន​យីហោ​អន្តរជាតិ​នៅ​ក្រុង​ប៉ារីស ​ដូចជា អេឡេន មេកគឺ (Alain Mikli) ស្តាក (Starck) ជាដើម»។

អាជីព​របស់​លោក​បាន​ធ្វើ​ឱ្យ​លោក​ជួប​កញ្ញា អេកណេស លីម​ (Agnes Lim) ជា​អ្នក​អភិរក្ស ​និង​អ្នក​ធ្វើ​​អលង្ការ​​​នៅ​សិង្ហបុរី​។ ស្វែង​យល់​ពី​ចំណូល​ចិត្ត​ដូចគ្នា​​​លើ​​គ្រឿង​អលង្ការ​​បាន​ធ្វើ​ឱ្យ​ពួក​គាត់​សហការ​​គ្នា​បង្កើត ​Garden of Desire នៅ​ឆ្នាំ ២០០៨ នៅ​កម្ពុជា​។

លោក​ឱ្យ​ដឹង​ពី​គោល​បំណង​​នៃ​ជំនួញ​ផលិត​គ្រឿង​លម្អ​កាយ​​នេះ​ដែរ​ថា​៖ «យើង​មិន​មែន​​បង្កើត​​វា​ឱ្យ​គ្រាន់​តែ​ជា​គ្រឿង​អលង្ការ​ប៉ុណ្ណោះ​ទេ​។ យើង​ក៏​ចង់​ជួយ​ដល់​សិប្បករ​វ័យ​ក្មេង​ និង​ជំនួយការ​ផ្នែក​លក់​ដែល​យើង​​បណ្តុះបណ្តាល​​​ដែរ​»។

គ្រឿង​អលង្ការ​មួយៗ​ទាំង​ជា​ខ្សែក ខ្សែដៃ កងដៃ ក្រវិល និង​ចិញ្ចៀន​ត្រូវបាន​ច្នៃ​ឡើង​ដោយ​មាន​សាច់​​រឿង​របស់​វា​រៀងៗ​ខ្លួន។ អតិថិជន​មាន​ប្រវត្តិ​រឿងរ៉ាវ​ជីវិត​​ផ្សេងៗ​គ្នា​ចាប់​កាន់​នូវ​គ្រឿង​អលង្ការ​ និង​ទទួល​បាន​នូវ​ទំនាក់ទំនង​រឿង​ក្នុង​កម្រិត​ផ្សេងៗ​គ្នា។ នេះ​អាច​ជា​ការ​បង្កើត​​ឧទ្យាន​នៃ​សេចក្ដី​ប្រាថ្នា​ដោយ​ខ្លួន​ឯង​របស់​ពួក​គេ​។

ក្រុម​បុគ្គលិក ​និង​សហស្ថាបនិក​​ទាំង ២ ធ្វើ​ដោយ​ដៃ​ផ្ទាល់​សម្រាប់​គ្រប់​ម៉ូដ​ទាំង​អស់​ពី​ការ​គូរ​ ​រហូត​ទៅ​ដល់​ផលិតផល​​សម្រេច​។

លោក​ ពិសិដ្ឋ​ បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​មិន​និយាយ​ថា​ ម៉ូដ​ពួក​យើង​ពិសេស​​ជាង​គេ​ទេ ​​ពី​ព្រោះ​អ្នក​ធ្វើ​គ្រឿង​អលង្ការ​មួយៗ​សុទ្ធ​តែ​ធ្វើ​​ដោយ​​យក​ចិត្ត​ទុក​ដាក់​ និង​ខ្ញុំ​មាន​​ការ​គោរព​គ្រប់​ម៉ូដ​របស់​ពួក​គាត់​»។

​អេកណេស លីម​ ជាអ្នក​អភិរក្ស ​និង​អ្នកធ្វើ​គ្រឿង​អលង្ការ​​នៅ​សិង្ហបុរី​ និង​​សហស្ថាបនិក​ Garden of Desire ​លោក លី ពិសិដ្ឋ។ រូបថត សហ​ការី

លោក​បន្ត​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ ម៉ូដ​នៅ​ក្នុង Garden of Desire ​​ជា​ស្នាដៃ​ចម្លាក់ ​និង​គ្មាន​​ទីបញ្ចប់​។ វា​ជា​ការ​បង្កើត​ដែល​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍ ​និង​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​អ្នក​ពាក់​»។

Garden of Desire ប្រៀប​បាន​ទៅ​នឹង​កំណប់​ទ្រព្យ​ ហើយ​អតិថិជន​ដឹង​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន និង​ជ្រើសរើស​យក​បំណែក​​​ណា​មួយ ដែល​សម​នឹង​​ពួក​គេ​បំផុត។ ដូច្នេះ​ហើយ លោក ពិសិដ្ឋ​ បាន​បញ្ជាក់​ថា មិន​មាន​ម៉ូដ​ណា​ពេញ​និយម​ជាង​ម៉ូដ​មួយ​ណា​ទេ​។

Garden of Desire មាន​ ២ សាខា​នៅ​សៀមរាប និង​ភ្នំពេញ​ ដោយ​​មាន​ការ​បោះដុំ​ និង​លក់​រាយ​។

បច្ចុប្បន្ន​លោក​ ពិសិដ្ឋ កំពុង​រង់ចាំ​ការ​បើក​សាខា​នៅ​ភ្នំពេញ​ឡើង​វិញ​ តែ​លោក​ក៏​មាន​ការ​ដាក់​​លក់​គ្រឿង​អលង្ការ​ខ្លះៗ​​នៅ​សណ្ឋាគារ​ ​រ៉ូសវូត និង​ហាង Trunkh Concept ​​ដែរ​។

លោក ពិសិដ្ឋ រៀបរាប់​ទាំង​ក្រៀមក្រំ​ថា​ នេះ​គឺ​ជា​ចំណុច​ធ្លាក់​ចុះ​ទាប​បំផុត​របស់​លោក​ក្នុង​អាជីវកម្ម​ជាង ​១៣ ឆ្នាំ​កន្លង​មក ហើយ​លោក​ពិត​ជា​ខូច​ចិត្ត​ដែល​ឃើញ​អាជីវកម្ម​​បិទ​ទ្វារ​ជា​បន្ត​​បន្ទាប់ ដែល​​ប៉ះពាល់​ដល់​ប្រជាជន​ខ្មែរ​ជាច្រើន​ និង​ជនបរទេស​ចាត់​ទុក​កម្ពុជា​ គឺ​ជា​ផ្ទះ​របស់​ពួក​គេ​​។

ហាង​មិន​អាច​រក​ចំណូល​បាន​​តាំង​ពី​ដើម​ឆ្នាំ​ ២០២០ តែ​លោក​ និង​ អេកណេស ​នៅ​តែ​ខិតខំ​ព្យាយាម​ស្រោចស្រង់​ក្រុម​​​ការងារ​​របស់​ពួក​គេ​តាមរយៈ​​ប្រាក់​សន្សំ​។

លោក ​ពិសិដ្ឋ​ បាន​ឱ្យ​ដឹង​ទៀត​ថា៖ «ក្រុម​បុគ្គលិក​យើង​ពួក​គាត់​ហាក់​ដូចជា​គ្រួសារ​។ ពួក​គាត់​នៅ​ជាមួយ​យើង​ជាង​ ១ ​ទសវត្សរ៍​មក​ហើយ​។ ហេតុ​នេះ​​យើង​នៅ​តែ​បន្ត​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ជួយ​ពួកគាត់​។ ប៉ុន្តែ​យើង​ក៏​មិន​ដឹង​ថា​​ យើង​អាច​នឹង​ទៅ​បាន​ឆ្ងាយ​ប៉ុនណា​ដែរ​»។

ស្ថាបនិក​ Garden of Desire រូប​នេះ​បាន​លើក​ឡើង​ថា៖ «យ៉ាង​ណា​មិញ​ ពួក​យើង​នៅ​តែ​​ប្រឹង​បង្កើត​ និង​ច្នៃ​ម៉ូដ​ខូលិកសិន​ថ្មីៗ​ដូចជា ការ​ចងចាំ​​នៃ​ទឹក​ដី (Memories of landscapes) ដោយ​គ្រោង​នឹង​​​ចេញ​​ឆាប់ៗ​នេះ​។ យើង​ក៏​ព្យាយាម​បង្កើត​ឱកាស​ភ្ជាប់​ទំនាក់ទំនង​នៅ​ក្រុង​​សាន់ហ្វ្រាន់ស៊ីស្កូ សិង្ហបុរី និង​ពង្រីក​សមត្ថភាព​​វេបសាយ​យើង​​បន្ថែម​​ទៀត​»​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គ្រឿង​អលង្ការ Garden of Desire លោក​អ្នក​អាច​​ចូល​ទៅ​កាន់​​ទំព័រ​ហ្វេសប៊ុក​តាមរយៈ​​ @gardenofdesire៕