ក្រុង​ប៉ារីស​៖ ពេល​​​មាន​ការ​បិទ​ខ្ទប់​កាត់​ផ្ដាច់​ការ​ចម្លង​​​វីរុស​កូរ៉ូណា ​​តម្រូវការ​​នែបនិត្យ​​ធម្មជាតិ​នៅ​ទីក្រុង​រឹតតែ​សំខាន់ ហើយ​​ AFP បាន​ប្រមូល​រូបភាព​គម្រោង​អគារ​ទីក្រុង​ជា​ច្រើន រួម​មាន​​​ការ​រចនា​​ទីក្រុង​បៃតង​ នៅ​ឈិនឌូ ប្រទេស​ចិន និង​នៅ​សិង្ហបុរី។


អ្នក​ជំនាញ​ផ្នែក​សុខភាព​បរិស្ថាន​នៃ​សាកលវិទ្យាល័យ ​ Bath អ្នកនាង ស្តេហ្វានី​ មើរឆេន បាន​និយាយ​ថា​ទីធ្លា​បៃតង​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាន​ជួយ​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​រួម​ទាំង​ការ​កាត់​បន្ថយ​ភាព​តានតឹង​ការ​ថប់​អារម្មណ៍ និង​ស្ត្រេស​ជាដើម»។

យ៉ាងណា​​មិញ អ្នកនាង​​​​បន្ថែម​ថា៖ «ប៉ុន្តែ​ការ​បន្ថែម​រុក្ខជាតិ​ព្រៃ​នៅ​ទីក្រុង ចាំបាច់​ត្រូវ​តែ​ធ្វើ​ឡើង​តាម​តម្រូវការ​សហគមន៍​ជា​មូលដ្ឋាន​ឱ្យ​សមស្រប​​បរិបទ​ជាក់​ស្ដែង​របស់​អ្នក​រស់នៅ»។


សួន​ពិភព​ផ្សេង​របស់​សិង្ហបុរី


នៅ​ទឹកដី​តោ​កន្ទុយ​ត្រី​នេះ ដើម​ឈើ​​យក្ស​​ធ្វើ​ពី​គ្រោង​ឆ្អឹង​សិប្បនិម្មិត​ត្រូវ​បាន​សាងសង់​ពី​បេតុង ​និង​ដែកថែប​​​គ្រប​ដណ្តប់​​​ដោយ​រុក្ខជាតិ។


មាន​អគារ​កម្ពស់​​ពី ២៥ ទៅ ៥០ ម៉ែត្រ នៅ​លើ​តំបន់​ពាណិជ្ជកម្ម​ថ្មី​ដែល​បំភ្លឺ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​​ផ្ទះ​កញ្ចក់​ខ្នាត​យក្ស​គ្រប​ដណ្ដប់​ដោយ​​ព្រៃ​​​ត្រូពិក​​ ២ ០០០ ម៉ែត្រ​ និង​ទឹក​ធ្លាក់​សិប្បនិម្មិត​​ដ៏​អស្ចារ្យ។

គម្រោង​ឧទ្យាន​កណ្ដាល​ក្រុង​សិង្ហបុរី​​​​ ដែល​បាន​ទទួល​ពាន​រង្វាន់​ពិភព​លោក​នៃ​ការ​កសាង​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ ២០១២ ត្រូវ​បាន​ផ្ដួចផ្ដើម​ក្រោម​​​គំនិត​ «ទីក្រុង​មួយ​នៅក្នុង​សួន​ច្បារ»។

ប៉ុន្តែ​ចក្ខុវិស័យ​នេះ​ ត្រូវ​បាន​លោក ហ្វីលីហ្វ ស៊ីម៉ាយ ជា​ទស្សនវិទូ​លើ​ទីក្រុង​ និង​ស្ថាបត្យកម្ម​ លើក​ឡើង​ថា ជា​ការ​រំសាយ​ធម្មជាតិ។

លោក​​​លើក​ជា​សំណួរ​ថា៖ «ហេតុអ្វី​បាន​ជា​ធ្វើ​ដើម​ឈើ​ពី​បេតុង​នៅ​ពេល​អ្នក​អាច​មាន​ដើម​ឈើ​ពិត​ប្រាកដ»។

​ពលរដ្ឋ​ស្នាក់នៅ​សហគមន៍​អគារ​ស្រោបដោយរុក្ខជាតិបៃតង​នៅ​ក្រុង​ឈិនឌូ ភាគនិរតី​ខេត្ត​ស៊ីឈ័ន​​។ រូបថត AFP

អគារ​លំនៅឋាន​ទីក្រុង​ឈិនឌូ ​​​ប្រែ​ក្លាយ​ជា​ព្រៃ​កម្ពស់​រាប់​សិប​ជាន់​

គម្រោង​នេះ​បាន​​​ផ្ដល់​ឱ្យ​ប្រជាជន​នូវ​​​ជីវិត​​​បៃតង ផុស​កណ្ដាល​ទីក្រុង​ដ៏​ទំនើប​ និង​មមាញឹក។ ប៉ុន្តែ​​​ព្រៃ​ដុះ​បញ្ឈរ​​តាមជាន់​នៃ​អគារ​នីមួយៗ​នេះ​ក៏​មិនមែន​សុទ្ធ​តែ​ហុច​ផល​ល្អ​ឥត​ខ្ចោះ​​ដែរ។

ពលរដ្ឋ​​ លីន ​ឌិងយីង ​រស់នៅ​ក្នុង​អគារ​ ១ ​ក្នុង​ចំណោម​ប៉ម​ទាំង ៨ ដែល​​​បើក​ក្នុង​ឆ្នាំ ២០១៨ មាន​អារម្មណ៍​​​វិជ្ជមាន​លាយ​ឡំ​នឹង​អវិជ្ជមាន។​

ផ្នែក​ខ្លះ​មើល​ទៅ​ដូចជា​ផ្ទះ​​ត្រូវ​លេប​ត្របាក់​ដោយ​​ព្រៃ​ត្រូពិក ​ខណៈ​ផ្នែក​​ផ្សេង​ទៀត​មើល​ទៅ​ដូច​ជា​ឥត​សណ្ដាប់​ធ្នាប់ ដោយ​អំណាច​នៃ​រុក្ខជាតិ​លូតលាស់​​ច្រើន​សន្ធឹក។

កាល​ពី​ខែ​កញ្ញា​ កាសែត Global Times បាន​រាយការណ៍​ថា មាន​តែ ​១០ ​គ្រួសារ​ប៉ុណ្ណោះ​ ដែល​បាន​រើ​ចូល​ទៅ​នៅ​ក្នុង​អាផាត​មិន​ ក្នុង​ចំណោម​លំនៅឋាន​ ៨០០ កន្លែង ​ដោយសារ​តែ​ពលរដ្ឋ​​បារម្ភ​ពី​ភាព​ស៊ុបទ្រុប​ជា​​ជម្រក​មូស​ខាំ​​។

អ្នក​ជំនាញ​ស្ថាបត្យកម្ម សុខភាព និង​បរិស្ថាន សុទ្ធ​តែ​លើក​ឡើង​ស្រប​គ្នា​ថា ការ​ប្រែ​ក្លាយ​ទីក្រុង​ទៅ​ជា​ព្រៃ​បៃតង មិន​ត្រឹម​តែ​ជា​ការ​គិតគូរ​ពី​ផល​ប៉ះពាល់​បរិស្ថាន​នោះ​ទេ គឺ​ត្រូវ​សិក្សា​ពី​បរិបទ​តម្រូវ​ការ​សហគមន៍​​ជា​ចាំបាច់​ផង​ដែរ៕ AFP/HR