ក្រុងញូវយ៉ក៖ ចំពោះមនុស្សជាច្រើន ការសម្រេចចិត្ដឈប់ស្លៀកខោទ្រនាប់ ហាក់ដូចជាខុសប្រក្រតីបន្ដិច ពីព្រោះពួកគេធ្លាប់តែមានវាមុនពេលចេញទៅធ្វើការ ទៅសាលារៀន ឬទៅហាត់ប្រាណជាដើម។ ចុះហេតុអ្វីចាំបាច់ស្លៀកខោទ្រនាប់?
នារីកាន់តែច្រើនកំពុងចាប់យកជម្រើសអត់លីអូជាថ្នូរនឹងផាសុកភាព សុខភាព និងរូបភាព ដែលពួកគេមិនឱ្យមានរំលេចស្នាមខោក្នុងឡើយ។ ខណៈការស្លៀកខោទ្រនាប់បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ការព្រលែងល្វែងក្រោមកុំឱ្យគ្នាចង្អៀតចង្អល់ក៏ផ្ដល់នូវលទ្ធផលវិជ្ជមានរបស់វាដែរ ដោយវាអាស្រ័យទៅលើជម្រើសបុគ្គលម្នាក់ៗ។
វេជ្ជបណ្ឌិត លីសា ម៉ាស្ទើសុន មកពី The Doctors បានប្រាប់ PopSugar ថា៖ «បើនិយាយពីផ្នែកវេជ្ជសាស្ដ្រ បរិវេណទ្វារមាសរបស់អ្នកមានភាពស្រស់បំព្រងបំផុត និងប្រកបដោយសុខុមាលភាពបំផុត ពេលវាមានឱកាសដកដង្ហើមចេញចូលល្អ។ តែពេលសម្រេចចិត្ដថាឈប់ អ្នកគួរតែដឹងនូវអ្វីដែលនឹងកើតឡើងចំពោះរាងកាយអ្នក»។
ពេលឈប់ស្លៀកខោទ្រនាប់ អ្នកអាចកាត់បន្ថយហានិភ័យជំងឺរលាកតម្រង់នោម ឬមេរោគផ្សិត
គ្មាននរណាចង់កើតអាការទាំងនេះនោះទេ ដោយវាអាចបង្កជារមាស អស់កម្លាំង និងរំខានផ្សេងៗ។ យោងតាមវេជ្ជបណ្ឌិត នីនី ម៉ៃ ដែលផ្ដល់បទសម្ភាសជាមួយ Well+Good បានឱ្យដឹងថា៖ «ខោក្នុងអាចផ្ទុកសំណើម និងអតិសុខុមប្រាណ ដែលបង្កជាជំងឺឆ្លងរលាករោល»។
បើឈប់ស្លៀកខោទ្រនាប់ អ្នកបង្កើនឱកាសឱ្យមានខ្យល់ចេញចូលល្អ
ពេលស្រាតខោក្នុងភ្លាមៗមុនពេលឡើងគ្រែដេកមិនមែនជារឿងលំបាក ការអនុវត្ដទម្លាប់នេះអាចជួយរក្សាភាពត្រជាក់ផ្នែកខាងក្រោម ជាពិសេស បើស្លៀកខោទ្រនាប់អំឡុងពេលថ្ងៃ។
អ្នកស្រី Alyse Kelly-Jones បាននិយាយថា៖ «ខ្ញុំជឿថា បរិវេណប្រដាប់ភេទគួរតែមានខ្យល់ចេញចូលល្អ មិនខុសពីផ្នែកដទៃនៃរាងកាយឡើយ»។
មិនសូវជួបបញ្ហាស្កៀប និងរោលរលាក បើឈប់ស្លៀកខោក្នុង
មិនថា អ្នកមានអារម្មណ៍មិនស្រណុកទាំងកាយ និងចិត្ដចំពោះការបញ្ឈប់ស្លៀករឹតក្បឺត ឬមានបំណងព្រលែងល្វែងក្រោមឱ្យខ្យល់ខ្យល់អាកាសខ្លះ វាមិនមែនជាគំនិតអាក្រក់នោះទេ។ Kecia Gaither បានប្រាប់ Bustle ថា៖ «ដោយសារខោទ្រនាប់មានសភាពរឹបចង្អៀតពេក ការរោលរលាក និងស្កៀបនៅបរិវេណកៀនកោះប្រដាប់ភេទ អាចកើតឡើងដោយសារតែបញ្ហាត្រដុស»។
បើឈប់ស្លៀកទាំងស្រុង អ្នកអាចគិតគូរថាតើត្រូវជំនួសដោយអ្វី
ច្បាស់ណាស់ថា អត់ស្លៀកខោចង្អៀតនេះសោះអាចជួយទប់ស្កាត់បញ្ហាស្កៀប រមាស់ តែវាក៏អាស្រ័យលើប្រភេទខោអ្វីផងដែរ។ Christine Greves បានប្រាប់ Refinery29 ថា៖ «បើស្លៀកឈុតគេងរលុងៗ អ្វីដែលមានផាសុកភាព ដោយមិនមែនជាខោទ្រនាប់រឹប គួរតែគ្មានបញ្ហា និងអាចឱ្យបរិវេណឯកជនមានខ្យល់ដង្ហើមខ្លះ»។
បើបករោម និងកោររោមនៅបរិវេណខាងក្រោម អ្នកអាចជ្រើសយកប្រភេទអាវ រ៉ូប ឬខោរលុងៗ បើបញ្ឈប់ការស្លៀកខោទ្រនាប់ជារៀងរាល់ថ្ងៃ។ Maria Sophocles បានប្រាប់ Women''s Health ថា៖ «ទម្លាប់កោរ ឬបករោម ដែលដុះស៊ុបទ្រោមដើម្បីធ្វើជារនាំការពារពីធម្មជាតិ កាន់តែធ្វើឱ្យស្បែកបរិវេណនោះងាយរងគ្រោះចំពោះបញ្ហាស្កៀបរមាស់ពីសម្លៀកបំពាក់រឹតក្បឺតថែមទៀត»។
បើអត់ស្លៀកខោក្នុងពេលហាត់ប្រាណ អ្នកអាចជះក្លិនលើអ្នកដទៃ
បើជ្រើសឈប់ស្លៀកខោទ្រនាប់រៀងរាល់ថ្ងៃ អ្នកគួរតែដឹងថា វាមានសុវត្ថិភាពចំពោះការហាត់ប្រាណនៅក្នុងក្លិប ឬការរត់នាពេលព្រឹក។ ប៉ុន្ដែអ្នកប្រហែលជាកត់សម្គាល់ពីបញ្ហាក្លិនចេញពីបរិវេណឯកជននោះ។
Alyssa Dweck បានប្រាប់ Shape ថា៖ «ញើសអនុញ្ញាតឱ្យបាក់តេរីនៅលើស្បែកក្នុងបរិវេណមានរោម រួមទាំង ផ្ដុំប្រដាប់ភេទ បង្កជាក្លិន។ នារីខ្លះជ្រើសរើសយកការអត់ស្លៀកអំឡុងពេលហាត់ប្រាណ ដែលមិនសូវបង្កជាបញ្ហាស្កៀបរមាស់ អត់បង្ហាញស្នាមថ្នេរខោក្នុងឆ្លុះមកខោកីឡាខាងក្រៅ ជាពិសេស ងាយស្រួលធ្វើចលនាបត់បែន»។
ប៉ុន្ដែគួរចងចាំថា អ្នកអាចបង្កើនឱកាសកើតបញ្ហាដាច់រលាត់បរិវេណប្រដាប់ភេទ ដែលជាការឈឺចាប់មួយ។ ការដាច់រលាត់នេះរមែងបង្កឡើងដោយការកន្ថែក ឬរោលស្បែក ហើយវាកើតឡើង នៅពេលអ្នកធ្វើលំហាត់ប្រាណកាយវិការដដែលៗដោយអត់ស្លៀកខោក្នុង។ ដូច្នេះ មិនខុសពីសម្លៀកបំពាក់ប្រចាំថ្ងៃ វាពិតសំខាន់ដែលអ្នកត្រូវគ្រងក្រដាត់ទន់ៗ និងមានខ្យល់ចេញចូល ពេលហាត់ប្រាណ។
កាត់បន្ថយហានិភ័យប្រតិកម្មអាឡាក់ស៊ី បើឈប់ស្លៀកខោក្នុង
បើឈប់ស្លៀកខោទ្រនាប់ អ្នកអាចមិនជួបបញ្ហារមាស់អាឡាក់ស៊ី។ ជួនកាល ខោអាចបង្កជាបញ្ហារោលរមាស់ដោយសាររោគរលាកស្បែកម្យ៉ាង។ អ្នកឯកទេសផ្នែកអាឡាក់ស៊ី មានមូលដ្ឋាននៅទីក្រុងញូវយ៉ក Tim Mainardi បានប្រាប់ Fox News ថា៖ «ក្រណាត់ ពណ៌ជ្រលក់ សារធាតុគីមី និងថ្នាំបង្ការត្រូវបានរកឃើញនៅក្នុងខោទ្រនាប់ រួមទាំង ជ័រកៅស៊ូ ដែលតែងតែត្រូវបានប្រើសម្រាប់ធ្វើជាកៅស៊ូចង្កេះខោ»។
Mainardi បានបន្ដថា មានវិធីមួយក្នុងការទប់ស្កាត់បញ្ហាអាឡាក់ស៊ី គឺកុំស្លៀកខោទ្រនាប់មិនមានជ័រកៅស៊ូ ដែលជាទូទៅមិនបង្កបញ្ហាអាឡាក់ស៊ី ឬកុំស្លៀកខោក្នុងតែម្ដង។
សាប៊ូបោកសម្លៀកបំពាក់ក៏បង្កបញ្ហាអាឡាក់ស៊ី។ ដូច្នេះ បើបរិវេណខាងក្រោមងាយនឹងរងប្រតិកម្ម កុំស្លៀកតែម្ដងគឺជារឿងល្អបំផុតក្នុងការបញ្ចៀសបញ្ហា។
មិនសូវមានបញ្ហាជំងឺធ្លាក់ស ពេលអត់ស្លៀកខោក្នុង
មែនហើយ សុភាពនារី គួរតែជជែកពីបញ្ហានៃជំងឺធ្លាក់សចេញពីបរិវេណខាងក្រោមនេះ បើទោះវាជាប្រធានបទរសើបយ៉ាងណាក៏ដោយ។ វាអាចជាដំណឹងល្អ ពេលមានអាការធ្លាក់ស ដែលផ្ទុកល្បាយបាក់តេរី កោសិការស្បែកប្រដាប់ភេទ ក៏ដូចជារំអិល និងទឹករងៃហូរចេញពីរន្ធទ្វារមាស។ អ្នកប្រហែលជាមិនសូវជួបបញ្ហានេះ បើអត់ស្លៀកខោក្នុង ជាពិសេស ពេលអត់ស្លៀកប្រភេទខោសាច់កប្បាស ដោយសារតែខោក្នុងរារាំង «ចរន្ដខ្យល់» នៅក្នុងបរិវេណឯកជនរបស់ស្ដ្រី ដែលនាំឱ្យមានការហូរទឹកសច្រើន។
តាមពិត ទឹកសហូរពីទ្វារមាស មិនសុទ្ធតែជាកង្វល់ចំពោះស្ដ្រីនោះទេ លុះត្រាវាកើតពីបញ្ហានៃប្រើថ្នាំផ្សះ និងស្ដ្រេស ដែលនាំឱ្យកើតជំងឺឆ្លង។ ប៉ុន្ដែដោយសារអត់ស្លៀកខោក្នុង ដែលធ្វើឱ្យចរន្ដខ្យល់ចេញចូលល្អ បរិវេណនោះមិនសូវមានសំណើម និងក៏មិនបង្កឱ្យមានបញ្ហាចោទផងដែរ។
បើឈប់ស្លៀកខោទ្រនាប់ អ្នកអាចជួបគ្រោះហាក់តេរីនៅតាមទីសាធារណៈតោង
បើឈប់ស្លៀកពេលថ្ងៃ អ្នកអាចជួបឧប្បត្ដិហេតុខ្លះៗ។ ខណៈវាអាចជាករណីកម្រនៃបញ្ហាចៃ អ្នកក៏ប្រឈមហានិភ័យចំពោះបាក់តេរីផ្សេងៗតោងស្បែក បើសំពត់ ឬសម្លៀកបំពាក់របស់អ្នកប៉ះរថយន្ដក្រុង ឬកៅអីសាធារណៈជាដើម។
ប៉ុន្ដែកុំសូវខ្វល់ពីបញ្ហានេះពេក។ បើអ្នកចូលក្លិបហាត់ប្រាណ និងចង់អង្គុយលើបង់ក្នុងបរិវេណសាធារណៈ ខោខាងក្រៅអាចទប់ទល់នឹងពពួកសត្រូវជាច្រើន។
ការងូតទឹកប្រចាំថ្ងៃគឺជាដំណោះស្រាយល្អមួយក្នុងការរក្សាបរិវេណខាងក្រោមស្អាតជានិច្ច ជាពិសេស បើអ្នកចេញក្រៅដោយអត់ស្លៀកខោក្នុង។
Jessica Shepherd បានប្រាប់ Well+Good ថា៖ «ការងូតទឹកអាចកម្ចាត់បាក់តេរី និងកម្ទេចកម្ទី ហើយបើអ្នកអត់ងូតទឹកទៀតទាត់ បាក់តេរីកើតកូនពូនជាចៅ ដែលធ្វើឱ្យរោល និងកើតជំងឺឆ្លង»។
អត់ស្លៀកលីអូ អាចស្ទួយបញ្ហានៃប្រព័ន្ធរំលាយអាហារ
ប្រលែងល្វែងក្រោមកុំឱ្យរួមរឹតអាចជួយកែកុនអាការនៃបញ្ហារំលាយអាហារ ដូចជា អាស៊ីដក្នុងក្រពះ ដែលកើតឡើងពីទម្លាប់ស្លៀកពាក់រឹតក្បឺតពេកជាប្រចាំ។
កាសែត Los Angeles Times បានរាយការណ៍ថា បើកើតអាការបញ្ហាជំងឺពោះវៀន ការស្លៀកពាក់រឹតក្បឺត អាចធ្វើឱ្យរោគសញ្ញាកាន់តែអាក្រក់។ នោះមិនមែនមានន័យថា វាជាការលើកទឹកចិត្ដឱ្យអ្នកឈប់ស្លៀកសម្លៀកបំពាក់រឹតរាងនោះទេ តែក៏មិនគួរស្លៀកជាប្រចាំថ្ងៃនោះដែរ។
Jay Kuemmerle បានប្រាប់ Los Angeles Times ថា៖ «ការបង្កើតទម្លាប់រស់នៅប្រកបដោយសុខភាពអាចកម្ចាត់បញ្ហារំខានបាន»៕ HR