ភ្នំពេញ៖ កាល​ពី​ម្ចាស់​ស្នេហ៍​លោក ចូវ៉ានី ​អេនតូនីញ៉ូ បាន​លុត​ជង្គង់​ សុំ​រៀបការ​ជា​ការ​​បញ្ជាក់​​​ក្តី​​ស្រឡាញ់​ដ៏​លើស​លប់​ កាល​​​ពី​ប៉ុន្មាន​​ខែ​​​មុន​នោះ តារា​សម្តែង ម៉ូដែល និង​ពិធីការិនី រាង​​ស្រឡូន កញ្ញា ទឹម រដ្ឋា កាន់​​តែ​បន្ថែម​​​ភាព​ផ្អែម​ល្ហែម​យ៉ាង​ស្អិតល្មួត​ ជាមួយ​​​ម្ចាស់​ចិត្ត​ តែ​ហាក់​​ពុំ​ទាន់​បង្ហើប​​ពី​រឿង​កំណត់​វេលា​ចូល​រោងការ​​នោះ​ឡើយ​​។​​


តែ​នាពេល​ថ្មីៗ​នេះ ​​តារា​សម្តែង​ស្រី​ និង​ម៉ូដែល​រូប​ស្រស់ ​រាង​ស្ល៊ីម​ កញ្ញា ទឹម រដ្ឋា ស្រាប់​តែ​​បង្ហើប​ថា នឹង​​​រួស​រាន់​​​ដឹក​ដៃ​គូ​ស្នេហ៍​ជនជាតិ​អាមេរិក​ ចូវ៉ានី អេនតូនីញ៉ូ ចូល​រោងការ​​ឆាប់ៗ ​ប្រសិន​​បើ​ស្ថានភាព​កូវីដ​​បាន​បញ្ចប់​​ការ​រាលដាល​ឆាប់ៗ​នោះ។ ​

នេះ​បើ​តាម​សារ​​អះអាង​បង្ហើរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក ​​តារា​សម្តែង​ស្រី​ ពូកែ​ថែរក្សា​រាង​ឱ្យ​នៅ​​តែ​ស្ល៊ីម កញ្ញា ទឹម រដ្ឋា បង្ហើប​ថា៖ «My​ គូ​ជិវិត​ Jovany Antonio Real Estate​! COVID 19 នេះ អត់​ព្រម​​ឈប់​សោះ អត់​ដឹង​​​ថា ទឹម រដ្ឋា ចាំ​ចូល​រោង​ការ​ទេ​អី​! គ្នា​​មិន​ងាយ​បាន​រៀបការ​​នោះ​ទេ​ណា ទៅ​វិញ​​​ឱ្យ​​​​លឿនៗ​ទៅ​ទាន់​ខ្ញុំ​កំពុង​តែ​​ចង់​​ការ»។​


រឿង​នេះ​មិន​ត្រឹម-​​តែ​ធ្វើ​ឱ្យ​​​ផ្អើល​​ទៅ​ដល់​​ប្រិយមិត្ត​អ្នក​គាំទ្រ​ទេ សូម្បី​តែ​អតីត​មិត្ត​​រួម​សិល្បៈ​គឺ​អ្នក​នាង អេនជី ក៏​បាន​​លាន់​​មាត់​ និង​ផ្តល់​​​ជា​​យោបល់​បែប​រុញ​​ទូក​ទៅ​បណ្តោយ​តាម​ខ្យល់​ថា៖ «​រៀបការ​បែប​​សម័យ​កូវីដ​ ទៅ​​​ពួក​​ម៉ាក! ហើយ​កុំចាំ​មិន​​ដឹង​ពេល​ណា​ចប់​នោះ​​ទេ ​Friend​!»។


ដោយសារ​​​​​តែ​គេ​ឧស្សាហ៍​ឃើញ​បណ្តើរ​សង្សារ​​អាមេរិក​រូប​សង្ហា ចូវ៉ានី អេនតូនីញ៉ូ ទៅ​ចូលរួម​​​​ក្នុង​កម្មវិធី​ផ្លូវ​ការ ឬ​កម្មវិធី​​សង្គម​​នានា​​​​​​ បើក​ចំហ​ និង​​មាន​រយៈពេល​យូរ​ក្រែល​​នោះ​ ទើប​តារា​ស​ម្តែង​ស្រី​​រាង​​ស្ល៊ីម​ កញ្ញា ទឹម រដ្ឋា រង​ភាព​​​​ជម្រេញ​ខ្លាំង​​​នឹង​សំណួរ​ជជីក​សួរ​​នាំ​ពី​​​​រឿង​សម្ព័ន្ធ​ស្នេហ៍​របស់​នាង ​ ដែល​នៅ​​​មិន​​ទាន់​​​​កំណត់​​វេលា​ចូល​រោងការ​​ជា​រឿយៗ។


ប្រហែល​​​ទ្រាំ​លែង​បាន​ហើយ​មើល​ទៅ​​ ទើប​​​​តារា​​​សម្តែង​​សិច​ស៊ី ឬ​ស៊ី​វិល័យ​កញ្ញា ទឹម រដ្ឋា បន្លឺ​​ជា​សារ​​តប​វិញ​ភ្លាមៗ ទៅ​នឹង​អ្នក​តាម​សួរ​នាំ​រឿង​​នាង​ដូច្នេះ​​​ថា៖ «មាន​សំណួរ​ជា​ច្រើន​ហើយ​ក៏​​​ជា​សំណួរ​ដដែលៗ​ ដែល​សួរ​មក​កាន់​ពួក​យើង​ទាំង ២។ ចម្លើយ​​​ គឺ​សូម​រង់ចាំ​​ទស្សនា​​ភាគ​បន្ត​អរគុណ​​​​សម្រាប់​នូវ​ការ​ស្រឡាញ់ ​និង​គាំទ្រ ខ្វល់ខ្វាយ​​មក​កាន់​យើង​ទាំង ២ តាំង​ពី​ដើម​រហូត​​​​ដល់​ឥឡូវ»។​​

ជាក់​ស្តែង​ថ្មីៗ​នេះ កញ្ញា ទឹម រដ្ឋា បង្ហោះ​រូបថត​ស៊ី​អារម្មណ៍​​នឹង​គូស្នេហ៍​ពេល​ទៅ​លេង​កម្សាន្ត​ ក៏​រំលេច​​ជា​សារ​អម​ថា៖ «ត្រូវ​តែ​ធ្វើ​ឱ្យ​​ប្រាកដ​​ថា ម្ចាស់​​បេះដូង​​អ្នក​​ស្រឡាញ់​​អ្នក​ពី​​ចំណុច​​សូន្យ​ទៅ​​ដល់​​ចំណុច ១០០ មិន​មែន​​ពី​ចំណុច ១០០ មក​​ចំណុច ០ (សូន្យ) ទេ។ មិន​​ថា ​ពួក​យើង​រវល់​ប៉ុនណា​​​​នោះ​ទេ តែ​ពួក​យើង​តែង​​​មាន​ពេល​សម្រាប់​គ្នា​រៀងរាល់​ចុង​សប្តាហ៍។ ជីវិត​​​គូ ត្រូវ​តែ​មាន​តុល្យភាព​»៕​