ភ្នំពេញ៖ គម្រោងចងក្រងបទភ្លេង និងទំនុកចម្រៀងក្នុងទម្រង់ល្ខោនយីកេខ្មែរ ក្រោមចំណងជើងថា «សៀវភៅបទភ្លេងយីកេ សម្រាប់ទ្រអ៊ូ កម្រិតដំបូង» បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៩ ដឹកនាំដោយលោក គាត សុគីម ជានាយកសាលាភ្លេងមិត្តតន្ត្រី រួមជាមួយអ្នកជំនាញតន្ត្រីខ្មែរផ្សេងៗទៀតក្នុងស្រុក ហើយនឹងត្រៀមចេញផ្សាយជាសៀវភៅ និងវីដេអូ នាខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ។ ខណៈគម្រោងចងក្រងសៀវភៅនេះ ទទួលបានការឧបត្ថម្ភពីមូលនិធិកុមារកម្ពុជា (CCF)។


លោក គាត សុគីម ជានាយកសាលាភ្លេង មិត្តតន្ត្រី ប្រាប់ឱ្យដឹងថា៖ «គោលបំណងនៃការចងក្រងសៀវភៅនេះឡើង គឺដើម្បីប្រមែប្រមូលកម្រងបទភ្លេងចំនួន ៨៥ បទ ដែលត្រូវបានប្រើប្រាស់ក្នុងទម្រង់ល្ខោនយីកេខ្មែរក្នុងការរួមចំណែកអភិរក្ស និងការផ្សព្វផ្សាយ ហើយជាគម្រោងដំបូងគេបំផុត ក្នុងប្រទេសកម្ពុជា ផ្ដោតពិសេសលើការផលិតឯកសារបង្រៀនតន្ត្រីសម្រាប់សិស្សថ្នាក់ដំបូងផង»។

លោក សុគីម បានបន្តឱ្យដឹងថា៖ «ដោយក្ដីព្រួយបារម្ភខ្លាចបាត់បង់ ទម្រង់ល្ខោន និងចម្រៀងយីកេដ៏ចំណាស់ និងជាទម្រង់ល្ខោនដ៏ល្អឯកបង្កប់នូវអត្តសញ្ញាណជាតិខ្មែរនេះ ទើបលោកបានចាប់ផ្ដើមធ្វើការជាមួយនឹងក្រុមតន្ត្រីករជំនាញៗ ក្នុងការកត់ត្រាទំនុកភ្លេងនីមួយៗ និងផលិតវីដេអូបង្ហាញរបៀបប្រគំទ្រអ៊ូ តាមបែបងាយៗ»។


លោកបន្ថែមថា៖ «បទភ្លេងទាំង ៨៥ បទ គឺពិតជាច្រើនណាស់សម្រាប់តន្ត្រីករ និងអ្នកចម្រៀងម្នាក់ដែលត្រូវចាំគ្រប់បទ ដោយឥតមានការកត់ត្រាទុក។ ពេលសម្ដែង ល្ខោនយីកេ គេមិនប្រើបទទាំងអស់ទេ។ ដូច្នេះតន្ត្រីករ ឬអ្នកចម្រៀងអាចនឹងភ្លេចបទមួយចំនួន ដោយសារមិនសូវបានប្រគំ និងកាលៈទេសៈ ដែលល្ខោនយីកេ ពុំសូវមានឱកាសបានសម្ដែងច្រើន រឹតតែប្រឈមនូវការបាត់បង់មរតកដ៏មានតម្លៃរបស់ខ្មែរយើងមួយនេះ នេះជាក្ដីព្រួយបារម្ភរបស់ខ្ញុំ»។


តន្រ្តីករ និង​ឧបករណ៍​ទ្រអ៊ូ គឺ​ជា​ធាតុ​សំខាន់មិ​នអាច​អត់​បាននៅ​​ក្នុង​ទម្រង់​ល្ខោនយីកេខ្មែរ។ រូបថត សហ​ការី


គួរកត់សម្គាល់ ល្ខោនយីកេ ជាទម្រង់សិល្បៈនាដកម្មមួយបែបដែលតួសម្ដែង ជាអ្នកសម្ដែងផង និងជាអ្នកចម្រៀងផង និងអមដោយអ្នកចម្រៀងបន្ទរ ១ ក្រុម និងតន្ត្រីករ ២ នាក់ ឬច្រើននាក់តាមទំហំវង់ ឬក្រុម។ សម្រាប់ឧបករណ៍តន្ត្រីសំខាន់អត់មិនបាន មានចំនួន ២ មុខ គឺស្គរយីកេ និងទ្រអ៊ូ។ ស្គរយីកេ មានរាងដូចថាសធំមួយ និងជម្រៅរាក់ល្មម ធ្វើពីឈើមានផ្ទៃមុខកាត់ធំ ពាសស្បែកគោ មានតួនាទីគ្រប់គ្រងចង្វាក់។ ឯទ្រអ៊ូវិញ ជាឧបករណ៍ខ្សែកូតមានខ្សែសំនៀង ២ និងប្រអប់សំនៀង ដែលធ្វើពីលលាដ៍ដូង ជាឧបករណ៍កូតកំដរតាមបទនីមួយៗ។ ដើម្បីអាចមានទឹកដៃប្រគំពីរោះរណ្ដំជាប់ចិត្ត តន្ត្រីករម្នាក់ត្រូវទទួលការបង្ហាត់បង្រៀនរយៈពេលយូរ និងត្រូវគួបផ្សំបទពិសោធសម្ដែងផងដែរ។

លោក គាត សុគីម រៀបរាប់ថា៖ «ក្នុងសៀវភៅកម្រាស់ ១២០ ទំព័រ រួមមានបរិយាយអំពីទ្រអ៊ូ ការផលិតឧបករណ៍ ទំនុកភ្លេងជាអក្សរភ្លេង និងទំនុកច្រៀងដែរ ឱ្យអ្នកសិក្សាអាចស្វែងយល់បានលម្អិតអំពីបទ និងបច្ចេកទេសនីមួយៗ។ ដើម្បីជាជំនួយដល់សិស្សយើងក៏មានជាវីដេអូបង្ហាញតាមបទនីមួយៗផងដែរ»។

លោក សុគីម និងក្រុមការងារ ពិតជាភ្ញាក់ផ្អើលណាស់ ដែលដូនតាខ្មែរ សម័យមុនអាចតែងនិពន្ធបទភ្លេង ព្រមទាំងចេះប្រើប្រាស់តុង និងចង្វាក់ខុសៗគ្នាច្រើន ដែលសូម្បីតែតន្ត្រីករសម័យ សឹងតែមិនអាចធ្វើបានទេ ហើយការប្រើត្រឹមតែទ្រអ៊ូ ដែលមានខ្សែតែ ២ ក្នុងការបង្កើតបានជាសាច់បទទាំងនេះឡើង។

លោក គាត សុគីម ក៏មានក្ដីសង្ឃឹមថា ស្នាដៃដែលនឹងបោះពុម្ពផ្សាយ នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ នឹងអាចទាក់ទាញចំណាប់អារម្មណ៍មហាជន ហើយកម្រៃដែលទទួលបានពីការលក់សៀវភៅនេះ នឹងត្រូវប្រើសម្រាប់គម្រោងបន្ទាប់ទៀត នៅក្នុងឆ្នាំ ២០២២ ដែលរួមមានទី១. ការផលិតវីដេអូឯកសារស្ដីពីការធ្វើខ្លុយឫស្សី និងទី២.ការស្រាវជ្រាវ និងចងក្រងសៀវភៅភ្លេងការនាសម័យកណ្ដាល ទាំងចំនួន ១៥០ បទ៕