ក្រុង​ម៉ូស្គូ៖ ​ខ្លា​ឃ្មុំ​ទឹកកក​​អាកទិក​​រុស្ស៊ី​ ត្រូវ​បាន​ប្រទះ​ឃើញ​វត្តមាន​នៅ​ឆ្នេរ​សមុទ្រ​អេសសិន​ប៊េ កាន់​តែ​កៀក​នឹង​កន្លែង​សម្បូរ​មនុស្ស​រស់នៅ។


ទោះ​ជា​វត្តមាន​ខ្លា​ឃ្មុំ​ទឹកកក​សម្បុរ​ស​ក្បុស​​ ធ្លាប់​ជា​រឿង​ដ៏​កម្រ​នឹង​​បាន​ឃើញ ពេល​នេះ​សត្វ​ដែល​រស់នៅ​តំបន់​ទឹកកក​ឆ្ងាយ​ពី​មនុស្ស ត្រូវ​បាន​គេ​​កត់​សម្គាល់​ពី​វត្តមាន​​​របស់​វា​មិន​ឆ្ងាយ​ពី​ក្រសែ​ភ្នែក​មនុស្ស។

ខណៈ​ដែល​ការ​រលាយ​ផ្ទាំង​ទឹកកក​បាន​ជំរុញ​ឱ្យ​ពួកវា​ផ្លាស់ទី​មក​កាន់​កន្លែង​មាន​មនុស្ស​រស់នៅ ដើម្បី​ស្វែងរក​ចំណី​អាហារ​ចំនួន​របស់​សត្វ​​ទ្វីប​ទឹកកក​មួយ​នេះ​​ក៏​បាន​ធ្លាក់​ចុះ​ ស្រប​នឹង​ការ​កើន​កម្ដៅ​ផែនដី​ផង​ដែរ។


ទីភ្នាក់ងារ​​ត្រួត​ពិនិត្យ​តាមដាន​អាកាសធាតុ​រុស្សី​​បាន​និយាយ​ថា កម្រាស់​ទឹកកក​គ្រប​ដណ្ដប់​ទ្វីប​អាកទិក​ កាន់​តែ​ស្ដើង​ឡើងៗ​​ក្នុង​ល្បឿន​ពី ៥ ទៅ ៧ ​ដង​បើ​ធៀប​នឹង​ទសវត្សរ៍​ឆ្នាំ ១៩៨០។


ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ ២០២០ បាន​កត់ត្រា​នូវ​ចំនួន​ខ្លាឃ្មុំ​ទឹកកក​ប្រមាណ ២៥ ០០០ ​ក្បាល​ នៅ​សេសសល់ ហើយ​អ្នក​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា ពួក​វា​អាច​នឹង​ត្រូវ​បាន​ដាច់​ពូជ​គ្មាន​សេសសល់​នៅ​ចុង​សតវត្សរ៍​ខាង​មុខ​នេះ។


សត្វ​ស៊ី​សាច់​ជា​អាហារ នេះ​មាន​កម្ពស់​ពី ២ ទៅ ​៣ ម៉ែត្រ និង​ទម្ងន់​ពី ៣៥០ ទៅ ៧០០ ​គីឡូក្រាម។ វា​អាច​ហែល​ទឹក​​រាប់​គីឡូម៉ែត្រ​ ដើម្បី​ប្រមាញ់​ត្រី និង​សត្វ​ក្នុង​ទឹក​ជាអាហារ។

ប៉ុន្តែ​ទម្លាប់​រស់នៅ​ និង​ការ​ប្រមាញ់​អាហារ​​របស់​ពួក​វា​បាន​ប្រែប្រួល​ហើយ។ ខ្លា​ឃ្មុំ​ខ្លះ​នាំគ្នា​ឡើង​គោក ពេល​​​ហ្វូងបក្សី​សមុទ្រ​ក្រាបពង។

ព្រោះ​តែ​​ក្ដី​ស្រែក​ឃ្លាន​ ពួក​វា​បែរ​ជា​នាំគ្នា​ស្វែងរក​ពង​បក្សី​សមុទ្រ​ស៊ី​ជា​អាហារ ដោយសារ​បម្រែបម្រួល​អាកាសធាតុ​បាន​បង្រួម​ទឹក​ដី​ប្រមាញ់​​​របស់​ខ្លួន ហើយ​សត្វ​ធ្លាប់​តែ​ជា​តែ​ស៊ី​ជា​ចំណី​ក៏​រឹតតែ​ខ្សត់ខ្សោយ។ ដោយសារ​តែ​ខ្លាឃ្មុំ​ទឹកកក​ត្រូវ​ស៊ី​អាហារ​ច្រើន​សន្ធឹកសន្ធាប់ ពួក​វា​បង្ខំ​ចិត្ដ​ស្វែងរក​ចំណី​​ដូចជា កាក​សំណល់​​សំរាម​ពី​មនុស្ស​ជាដើម៕ AFP/HR