ក្រុងប៊ែរឡាំង៖ មានកន្លែងមួយដែលធ្វើដំណើរ​ពី​ទីក្រុង​ប៊ែរឡាំង​តែ​ ៩០ ​នាទី ជា​ទី​ដែល លោកស្រីអធិការបតីអាល្លឺម៉ង់ អេនជេឡា មឺរកែល អាច​គេច​ផុត​ពី​បន្ទប់​ការិយាល័យ ជួប​មនុស្ស​ម្នា​ដែល​ស្គាល់​គ្នា​តាំងពីយូរ និង​មិន​ចាំបាន​រៀប​ឫកពារ។


ទីក្រុង ​Templin ដ៏​ស្រស់​ស្អាត​ ដែល​មាន​ប្រជាជន​សរុប ១៦ ០០០ ​នាក់ កំពុង​ប្រារឰ​ខួប​កំណើត​ ៧៥០ ​ឆ្នាំ​នា​ឆ្នាំ​នេះ ដោយ​ខក​ខាន​មួយ​ឆ្នាំ​ដោយសារ​វិបត្ដិ​កូវីដ ១៩។

ស្ថិត​ក្នុង​ស្រុក Uckermark រំលេច​ទេសភាព​បឹង​ ពួក​បាំង​បិទ​ក្នុង​ព្រៃ​ វា​ជា​ទីឋាន​ដែល​លោក​ស្រី មឺរកែល ធំដឹងក្ដី និង​មាន​តួនាទីជា​ទីឋាន​ជួយ​លោកស្រី​រក្សា​អំណាច​រហូត​ដល់ ១៦​ ឆ្នាំ។


អធិការបតីអាល្លឺម៉ង់ អេនជេឡា មឺរកែល​ នៅ​ទីក្រុងកុមារភាព Templin ភាគខាងជើងទីក្រុង​ប៊ែរឡាំង។ AFP


លោកស្រី មឺរកែល បាន​មក​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​ចុង​រដូវក្ដៅ ពោល​គឺ​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​លោក​ស្រី ចូល​និវត្ដន៍​ពី​ជីវិត​នយោបាយ។


លោកស្រីបាន​និយាយ​ទៅកាន់​មហាជន​ប្រមាណ ១០០ ​នាក់​ ដែលមក​ទទួល​ស្វាគមន៍​លោក​ស្រីថា​៖ «​ទីនេះជា​កន្លែង​ដើម​កំណើត​របស់​ខ្ញុំ។ ទីនេះជា​ឫសគល់​របស់​ខ្ញុំ​ ហើយ​អ្វីៗ​គឺនៅទីនេះទាំងអស់​»។

តាមពិត លោកស្រី មឺរកែល ប្រសូត​នៅ​ទីក្រុង​កំពង់ផែ Hamburg ក្នុង​ឆ្នាំ​ ១៩៥៤ តែ​ឪពុកដែលជា​លោកឪពុក​គ្រឹស្ដ​សាសនា​ម្នាក់ បាន​នាំ​គ្រួសារ​មក​​នៅ​ក្នុង​ដែន​ដី​កុម្មុយនិស្ដ​អាល្លឺម៉ង់​ខាង​កើត ពេល​លោកស្រី​ទើប​នៅ​បាត​ជើង​ក្រហម​រងាល​ មុន​ពេល​តាំងលំនៅ​ក្នុង​ទីក្រុង Templin ពេល​លោក​ស្រីអាយុ ៣​ ឆ្នាំ។

ទិដ្ឋ​ផ្ទះ និង​ភូមិដ្ឋាន​ដែល​​អធិការបតី​អាល្លឺម៉ង់​ធ្លាប់​រស់​នៅ​ពីកុមារភាព។ AFP

លោក​ឪពុក​ឈ្មោះ ហូសត៍ កាស្នើរ បានបើក​សិក្ខាសាលា​មួយ​បំណង​ដោះស្រាយ​បញ្ហា​ខ្វះ​បុព្វ​ជិក​សាសនា​ក្នុង​របប​ដែល​មិន​ប្រណិបតន៍​សាសនា។ ម្ដាយ​របស់​លោក​ស្រី ហេរលីនដ៍ ជា​គ្រូ​បង្រៀន​អង់គ្លេស បាន​ប្រឆាំង​នឹងច្បាប់​បង្រៀន​ភាសា​សត្រូវ និង​បាន​ក្លាយជា​ស្ដ្រី​មេផ្ទះ​ ដែល​មាន​កូន អេនជេឡា ជា​កូន​ច្បង ម៉ាគូស ប្រសូត​ក្នុង​ឆ្នាំ​ ១៩៥៧ និង​ អ៊ីរ៉េន អាយុ​ប្អូន​គេ ៧​ ឆ្នាំ។

ពួកគេ​រស់​នៅ​ក្នុង​ផ្ទះ​ធំ​មួយ​ដែល​លាប​ថ្នាំពណ៌បៃតង និង​លឿង​នៅ​គែមឈើ​ ខណៈ​ផ្ទះមួយ​ទៀត​ជា​មណ្ឌល​សម្រាប់​អ្នកមាន​ពិការភាព។ ផ្ទះទាំងពីរ​នៅ​មាន​វត្ដមាន​រហូត​ដល់​សព្វថ្ងៃ។

ថ្វីដ្បិតតែ​លោក​ស្រី​ត្រូវ​បន្ដ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ អនាគត​ អធិការបតី​រូបនេះ មិន​ដែល​ភ្លេច​ទីក្រុង​ដែល​ខ្លួន​ធំធាត់​ Templin ដោយ​លោក​ស្រី តែង​តែ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ និង​ចំណាយ​ពេល​វិស្សមកាល​នៅទីនះ​ជាញឹកញយ។

ទិដ្ឋ​ផ្ទះ និង​ភូមិដ្ឋាន​ដែល​​អធិការបតី​អាល្លឺម៉ង់​ធ្លាប់​រស់​នៅ​ពីកុមារភាព។ AFP

ឪពុកម្ដាយ​ទាំង​សងខាង ដែលជា​មនុស្ស​ជំនិត​បំផុត​របស់​លោកស្រី ក៏​ត្រូវបាន​បញ្ជុះ​នៅទីនោះ។

បើទោះបីជា​ខ្លួន​មិនបាន​បោះឆ្នោត​ឱ្យគណបក្ស​អភិរក្ស CDU របស់​​អធិការបតីរូបនេះយ៉ាង​ណាក៏ដោយ​​ ក៏​គ្រូវ័យ ៤៦ ឆ្នាំ ម៉ានូអែល វិចមេន បាន​និយាយថា៖ «​គាត់​ជា​ចំណែកមួយ​របស់​យើង។ ពេល​គាត់​នៅទីនេះ គាត់​ជា​បុគ្គល​សាមញ្ញ​បំផុត​ ដូចជា​ពួកយើង​អ៊ីចឹង»។

បុរស​ចូល​និវត្ដន៍​ វ័យ ៦៨​ ឆ្នាំ បេនដ៍ រ៉េតធ័រ ដែលធ្លាប់​រៀនជាមួយ​អធិការ​បតីរូបនេះ​ បាន​បន្ដថា​៖ «​គាត់ពិតជា​មេដឹកនាំដ៏សាមញ្ញ។ ពេល​គាត់​ទៅផ្សារ ស្ទើរតែគ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ ពីព្រោះ​គាត់​មិន​ចង់​ឱ្យ​គេ​ស្គាល់​ឡើយ​»៕ AFP/HR

ទិដ្ឋ​ផ្ទះ និង​ភូមិដ្ឋាន​ដែល​​អធិការបតី​អាល្លឺម៉ង់​ធ្លាប់​រស់​នៅ​ពីកុមារភាព។ AFP