ក្រុងឡាអេ៖ អ្នកនិយម​ក្រេប​កាហ្វេ​នៅហាង​ក្នុង​ប្រទេស​ហូឡង់​មិន​តម្រូវ​ឱ្យ​បង្ហាញ​ «​វិញ្ញាបនបត្រ​កូវីដ» ឡើយ​ ពេល​ទទួលទាន​នៅ​ខាង​ក្រៅ​ តែ​ត្រូវ​បង្ហាញ​ពេល​ចូល​បន្ទប់ទឹក។ នេះ​បើ​យោងតាម​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងកាលពី​ថ្ងៃ​ចន្ទ។


កាលពី​សប្ដាហ៍​មុន ហូឡង់​បាន​បន្ធូរ​បន្ថយ​ការ​រឹត​បន្ដឹង​ រួមទាំង​ការ​បញ្ចប់​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព តែ​បាន​ឱ្យដឹងថា ខ្លួន​នឹងតម្រូវ​ឱ្យមាន​វិញ្ញាបនបត្រ​ថ្មី​សម្រាប់​ចូល​ក្នុង​បារ៍ ភោជនីយដ្ឋាន និង​កម្មវិធី​បុណ្យ​ផ្សេង​ៗ។

វិធានការ​ថ្មី​ ដែល​ចាប់ផ្ដើម​អនុវត្ដពី​ថ្ងៃ​សៅរ៍ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា តែ​លើកលែង​សម្រាប់​អ្នក​ចង់​ទទួលទាន​អាហារ​ ឬភេសជ្ជៈ​នៅ​ក្រៅអគារ​ ដោយ​បាន​និយាយថា ឱកាស​នៃការ​ឆ្លង​មាន​តិច​តួច។


បណ្ដាញផ្សព្វផ្សាយ NOS បាន​ដក​ស្រង់​សម្ដី​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​ ហ៊ូហ្គូ ដេ ជុង ដោយ​បាន​និយាយថា​៖ «​ប៉ុន្ដែ​បើអស់​លោក​ចង់​ប្រើ​ប្រាស់​បន្ទប់​ទឹក លោក​អ្នក​នឹង​ត្រូវ​បង្ហាញ​ QR កូដ​»។


អ្នកនិយម​ក្រេប​កាហ្វេ​នៅខាងក្រៅហាង​ក្នុង​ប្រទេស​ហូឡង់​មិន​តម្រូវ​ឱ្យ​បង្ហាញ​ «​វិញ្ញាបនបត្រ​កូវីដ» ឡើយ​។


បើ​ស្គេន​ វិញ្ញាបនបត្រ​បង្ហាញ​ភ័ស្ដុតាង​ពី​ការ​ចាក់​វ៉ាក់សាំង ការ​ជា​សះស្បើយ​ពី​វីរុស ឬ​តេស្ដ​អវិជ្ជមាន​ និង​តម្រូវ​គ្រប់​មនុស្ស​ទាំង​អស់​ចាប់​ពី​អាយុ ១៣​ឆ្នាំ​ឡើង​ទៅ។

លោក ដេ ជុង បាន​សារភាពថា៖ «វាមិន​សូវ​ស្រួល​ប៉ុន្មាន​ទេ​ តែ​យើង​ត្រូវ​អនុវត្ដ​ទៅតាម​ការ​សម្រេច​របស់​រដ្ឋសភា។ លោកអ្នក​ក៏​ត្រូវ​រៀបចំ​បន្ទប់ទឹក​នៅ​ក្បែរ​រានដាល​»។

កាលពី​សប្ដាហ៍​មុន នាយករដ្ឋមន្ដ្រីហូឡង់ ម៉ាក រូតតេ បាន​និយាយថា វា​មិនគួរណាមាន​ករណីលើកលែង​សម្រាប់​អ្នក​អង្គុយ​ទទួលទាន​ខាង​ក្រៅ​អគារ​ ដោយសារ​ពួកគេ​ច្បាស់​ជា​ត្រូវ​ចូល​ក្នុង​បង់​ប្រាក់​ ឬ​ចូល​បន្ទប់​ទឹក​ដដែល។

លោក​បាន​បន្ដថា​៖ «​វា​ក៏អាច​មាន​ភ្លៀង​ធ្លាក់​ ហើយ​ពួកគេ​ចង់​ចូល​ខាង​ក្នុង»។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី រីនស្កេ វែមេន បាន​ប្រាប់ AFP ថា​៖ «​រដ្ឋាភិបាល​ដាក់​ម៉ាស៊ីន​ស្គេន QR កូដ នៅ​គ្រប់​វិស័យ​បដិសណ្ឋារកិច្ច​។ វា​មិន​ធ្វើ​ឱ្យ​រំខាន​ចិត្ដ​ តែ​ដោយសារ​មនុស្ស​ត្រូវការ​សេរីភាព​ពីការ​រឹត​បន្ដឹង។ ជា​អកុសល សេរីភាព​ទាំង​នេះ​សុទ្ធតែមាន​ព្រំដែន​កំណត់​»៕ AFP/HR

យោងតាម​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល អតិថិជនត្រូវ​​បង្ហាញ​ «​វិញ្ញាបនបត្រ​កូវីដ» មុនចូលបន្ទប់ទឹក។