កូនស្រី​អធិរាជ​គំនូរ ពី​កា​សូ ប្រគល់​ស្នាដៃ​ឪពុក ៨​ ផ្ទាំង ​ជា​ថ្នូរ​ការ​រួច​ពន្ធ​មរតក​

Content image - Phnom Penh Post
ស្នាដៃ​របស់អធិរាជគំនូរ ពីកាសូ ដែលត្រូវបានបរិច្ចាគ​ជា​ថ្នូរ​នឹង​ពន្ធ​មរតក​។ រូបថត AFP

​ក្រុងប៉ារីស: កូនស្រី​របស់​វិចិត្រករ ពី​កា​សូ ម្នាក់ បានប្រគល់​ស្នាដៃ​គំនូរ​ចំនួន ៨ ​ផ្ទាំង និង​សៀវភៅ​គំនូរ ១ ​ក្បាល ​ទៅកាន់​រដ្ឋ​ក្នុងប្រទេស​បារាំង ជំនួស​ពន្ធ​លើ​មរតក កាលពី​ថ្ងៃ​ចន្ទ​។

​គំនូរ ៦​ ផ្ទាំង និង​ចម្លាក់​ ២ ពី​ស្នាដៃ​វិចិត្រករ​អេ​ស្ប៉ា​ញ ត្រូវបាន​ប្រគល់​ទៅឱ្យ​សារមន្ទីរ​រដ្ឋ Picasso Museum ដោយ​កូនស្រី​ឈ្មោះ ម៉ា​យ៉ា រុស ពី​កា​សូ ជា​ដំណក់ឈាម​រួម​នឹង​ម៉ូ​ដែល​ជនជាតិ​បារាំង ម៉ា​រី ធេ​រ៉េ​ស វ៉ាល់​ធ័​រ​។

​ស្នាដៃ​សិល្បៈ រួមទាំង​គំនូរ «​កុមារ​កាន់​ស្ករ​គ្រាប់​អង្គុយ​លើ​កៅអី​» ដែល​ទំនងជា​បង្ហាញ​ពី​ជីវិត ម៉ា​យ៉ា ពី​កុមារ​​ភាព និង​តំណាងឱ្យ​ពិភពលោក​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅ​គ្រា​មុនពេល​ទៅ​ធ្លាក់​ក្នុង​សង្គ្រាមលោកលើកទី​២​។ នេះ​បើ​យោងតាម​ចៅប្រុស​របស់លោក​ឈ្មោះ អូ​លី​វៀរ វីដ​វ៉ៃ​យើរ ពី​កា​សូ​។

​លោក​ស្ថិតនៅ​សន្និសីទកាសែត​នៅ​សារមន្ទីរ​រួមជាមួយ​រដ្ឋមន្ដ្រី​វប្បធម៌ រ៉ូ​សេ​លីន បា​ឆេ​ឡុ​ត ដែល​បាន​អំពាវ​-​នាវ​កម្មវិធី​បរិច្ចាគ «​ដ៏​មាន​សារៈសំខាន់​មួយ​ប្រចាំ​ទសវត្សរ៍​ចុងក្រោយ​»​។

​ស្នាដៃ​ទាំងនេះ​ជា​មរតក​សម្រាប់​កូន​របស់​វិចិត្រករ​ដ៏​ល្បី​ក្នុង​ប្រវត្តិសាស្ត្រ​រូបនេះ និង​រួមទាំង​ចម្លាក់​មួយ​ក្នុង​ទម្រង់​ស្ទីល​ប៉ូ​លី​នេ​ស៊ី ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​ស្ទូ​ឌី​យោ​របស់លោក​។ ស្នាដៃ​ចំណាស់​បំផុត​ស្ថិតនៅក្នុង​ឆ្នាំ​ ១៨៩៥ ជា​គំនូរ​រូប​ឪពុក​លោក «Don Jose Ruiz» ក៏​ជា​វិចិត្រករ​ម្នាក់​ផងដែរ​។

​គំនូរ​ថ្មី​បំផុត​គឺ «​ក្បាល​បុរស​ម្នាក់​» ជា​គំនូរ​បែប​ប្រអប់ ដែល​គូរ​កាលពី​រដូវក្ដៅ ឆ្នាំ​ ១៩៧១ រយៈពេល ២ ​ឆ្នាំ​មុនពេល​មរណភាព​របស់លោក​នៅ​អាយុ ៩១​ ឆ្នាំ​។

​ស្នាដៃ​ទាំងនោះ នឹងត្រូវ​បានដាក់​តាំង​បង្ហាញ​សារមន្ទីរ Picasso Museum ដែលមាន​ស្នាដៃ​ប្រមូលផ្ដុំ​ធំ​បំផុត​របស់​វិចិត្រករ​ល្បីល្បាញ​ក្នុង​ពិភពលោក​រូបនេះ ចាប់ពី​ខែមេសា ឆ្នាំ​ ២០២២ ខាងមុខ​។

​តម្លៃ​នៃ​ស្នាដៃ​សិល្បៈ​មិនត្រូវ​បានបញ្ជាក់​ដោយហេតុ​ផល​អាថ៌កំបាំង តែ​ការបរិច្ចាគ​អនុញ្ញាតឱ្យ​អ្នកស្រី រុស ពី​កា​សូ វ័យ ៨៦​ ឆ្នាំ ចំណាយ​លើ​ប្រាក់​បង់ពន្ធ​មរតក​បាន​៕ AFP/HR

ព័ត៌មានថ្មីៗ