ក្រុង​គែរ: បុរស​អេ​ហ្ស៊ី​ប​វ័យ ២៩​ ឆ្នាំ អា​ប្រា​ហ៊ីម ប៊ី​ឡាស់ ពិតជា​បាន​សម្រួច​ទេពកោសល្យ​ប្លែក​ខុសពី​គេ​គ្មាន​ ២ តាមរយៈ​ស្នាដៃ​ឆ្លាក់​ចុង​ខ្មៅ​ដៃ​ជា​ចម្លាក់​ដ៏​តូច​គួរឱ្យ​ស្ងើចសរសើរ​។​

​ដោយ​ប្រើ​ឧបករណ៍​ឆ្លុះ​ពង្រីក​មីក្រូ​ទស្សន៍ និង​សម្ភារៈ​ឆ្លាក់​ដ៏​សាមញ្ញ លោក ប៊ី​ឡាស់ បានជ្រើសរើស​យក​ចម្លាក់​វប្បធម៌​អេ​ហ្ស៊ី​ប​ជាតិ​សាសន៍​របស់ខ្លួន រំលេច​លើ​បណ្ដូល​ខ្មៅ​ដៃ​។​

​លោក​បាន​រំឭក​ប្រាប់​ពី​ប្រតិកម្ម​មហាជន​ចំពោះ​ស្នាដៃ​សិល្បៈ​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​ចាប់​​ផ្ដើម​បង្ហោះ​រូបភាព​ចម្លាក់​អធិរាជ​អេ​ហ្ស៊ី​ប​នៅ​ចុង​ខ្មៅ​ដៃ ហើយ​មហាជន​ពិតជា​ចាប់អារម្មណ៍​ខ្លាំង មិនគួរ​ឱ្យ​ជឿ​។ ការចែករំលែក និង​មតិ​កោត​សរសើរ​មកពី​ជុំវិញ​ពិភពលោក ធ្វើឱ្យ​ខ្ញុំ​ខ្នះខ្នែង​បន្ត​កិច្ចការ​សិល្បៈ​ម្លា​ក់លើ​បណ្ដូល​ខ្មៅ​ដៃ​នេះ​ត​ទៀត​»​។​


​លោក ប៊ី​ឡាស់ បានឱ្យដឹងថា លោក​មានគំនិត​ឆ្លាក់​បណ្ដូល​ខ្មៅ​ដៃ​ជា​រូបភាព​ផ្សេងៗ ក្រោយពី​មើលឃើញ​អ្នកសិល្បៈ​អាស៊ី​បានធ្វើ​ការងារ​សិល្បៈ​នេះ​យ៉ាង​ផ្ចិតផ្ចង់ និង​អំណត់​អត់ធន់​បំផុត​។​

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​បានចាប់ផ្ដើម​ឆ្លាក់​បណ្ដូល​ខ្មៅ​ដៃ​ប្រមាណ​ជាង ៣ ​ឆ្នាំ ក្រោយពី​ឃើញ​សិល្បករ​តៃវ៉ាន់​ម្នាក់​ធ្វើ​ដូច្នេះ​។ ខ្ញុំ​ពិតជា​ចូល​ចិត្ត ហើយ​ចង់​សាកល្បង​»​។


សិល្បករ​ចម្លាក់​បណ្ដូល​ខ្មៅ​ដៃ ចេះ​ដោយ​អត់​មាន​សាលារៀន​រូបនេះ​បាន​បញ្ជាក់ថា ក្រោយពី​សាកល្បង​រាប់សិប​ដង ទើប​លោក​អាច​រំលេច​ស្នាដៃ​មួយ​លក្ខណៈ​អាជីព​»​។​

​ទោះជា​ស្នាដៃ​ដំបូង​ទទួល​បានការ​កោតសរសើរ​ក៏ពិតមែន ប៉ុន្តែ ប៊ី​ឡាស់ យល់ថា ក្នុងនាម​ជា​សិល្បករ​ម្នាក់ លោក​គួរតែមាន​អត្ថន័យ​សារ​បង្កប់​ក្នុង​ទម្រង់​សិល្បៈ​របស់ខ្លួន​។​

​ស្នាដៃ​ចម្លាក់​ដែល​ពុំ​អាចធ្វើ​ដោយ​ភ្នែក​ទទេ​បាន ត្រូវបាន​លោក ប៊ី​ឡាស់ បញ្ជាក់ថា​៖ «​ភាគច្រើន​ពាក់់​-​ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ និង​កេរដំណែល​អេ​ហ្ស៊ី​ប ដែល​ត្រូវបាន​អភិរក្ស និង​ផ្សព្វផ្សាយ​ដោយ​ចុង​ខ្មៅ​ដៃ​របស់លោក​»៕ AFP/HR