ភ្នំពេញៈ មហាជនភ្ញាក់ផ្អើលសាជាថ្មីនឹងការបង្ហើរសារប្លែកៗរបស់តារាចម្រៀងស្រីសាច់សខ្ចីកញ្ញា យូរី តាមបណ្តាញសង្គមមើលទៅហាក់ដូចកំពុងតែជួបរឿងខកចិត្តបាត់បង់ម្ចាស់បេះដូង បន្ទាប់ពីរួចផុតទុក្ខធំ ដែលបាត់បង់អ្នកម្តាយជាទីស្រឡាញ់កន្លងទៅថ្មីៗនោះ។
តារាចម្រៀងស្រីដែលផ្ទុះល្បីខ្លាំងក្នុងបណ្តាញសង្គម ជាមួយបទ «ចាក់ទឹកដូង» កាលនៅទ្រនំសាន់ដេ កញ្ញា យូរី បង្ហើរថា៖ «កុំស្រឡាញ់តែដំបូង កុំស្រឡាញ់ព្រោះតែអារម្មណ៍មួយឆាវ កុំស្រឡាញ់ព្រោះតែអាណិតកុំស្រឡាញ់ព្រោះចង់បំបាត់ភាពអផ្សុក កុំស្រឡាញ់ព្រោះតែចង់បំភ្លេចសង្សារចាស់។ ពិបាករកណាស់មនុស្ស ដែលយើងស្រឡាញ់គេ ហើយគេក៏ស្រឡាញ់យើងវិញ បើជួបមនុស្សអ៊ីចឹងហើយ ថែគេឱ្យល្អផងព្រោះក្នុង ១ ជីវិតយើងមិនជួបមនុស្សល្អអ៊ីចឹងច្រើននាក់នោះទេ។ ពេលខ្លះយើងស្តាយក្រោយ ហើយវិលទៅរកគេវិញ ក៏មិនប្រាកដថា គេទទួលយកយើងវិញដែរ។ ធ្វើអ្វីត្រូវចេះគិតដល់លទ្ធផល និងការចាប់ផ្ដើមផង»។
កញ្ញា យូរី បន្ថែមសារ ១ ទៀតថា៖ «គ្មានជីវិតរបស់អ្នកណា អាចដូចបំណងបានគ្រប់យ៉ាងនោះទេ។ នៅពេលជួបរឿងលំបាក រឿងដែលធ្វើឱ្យកើតទុក្ខ ការស្ដាប់ពាក្យណែនាំ លើកទឹកចិត្តពីអ្នកដទៃគឺជារឿងល្អ ប៉ុន្តែអ្នកដែលជួយដោះទុក្ខឱ្យខ្លួនយើងបាន ល្អបំផុត គឺមានតែយើងខ្លួនឯងនេះហើយ។ ដរាបណាយើងនៅមានការតស៊ូ ជ័យជម្នះ គឺស្ថិតក្នុងដៃយើងពាក់កណ្ដាលបាត់ទៅហើយ។ បើយើងខ្លាច ចូរហ៊ានធ្វើអ្វីដែលយើងខ្លាច ទើបភាពភ័យខ្លាចនោះរលាយបាត់ទៅ។ កុំខ្លាចបរាជ័យ ព្រោះបរាជ័យនេះហើយដែលធ្វើឱ្យយើងចេះ ប្រយ័ត្នប្រយែង កាន់តែល្អនៅពេលខាងមុខ»។
តែការពិតនៃសារប្លែកខាងលើនេះ ត្រូវបានកញ្ញា យូរី បកស្រាយបំភ្លឺយ៉ាងដូច្នេះវិញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទថា៖ «អូ! ចាសបង! តាមពិតទៅសារទាំងនោះ មិនមែនជាការជួបទុក្ខបែកបាក់បេះដូងអ្វីទេ! គឺគ្រាន់តែជាសារ ដែលប្អូនចង់សរសេរនូវ-ពាក្យពេចន៍ ប្លែកៗ និងថ្មីៗ ដើម្បីជាការជួយលើកទឹកចិត្តដល់អ្នកជួបបញ្ហាពិបាកចិត្ត និងឱ្យមានការតស៊ូ កុំរួញរានឹងរឿងលំបាកប៉ុណ្ណោះ»។
គួរឱ្យកត់សម្គាល់ វត្តមានរបស់កញ្ញា យូរី បានមកដល់ទ្រនំថ្មីហង្សមាសតាំងពីចុងឆ្នាំ ២០២០ រហូតមកដល់ពេលនេះ កញ្ញាមានបទចម្រៀងប្រមាណជា ៣-៤ បទ តែប៉ុណ្ណោះ ដែលបទចម្រៀងដំបូងគេ មានចំណងជើងថា «ផាំងៗ» បទ « I LOVE FOOTBALL» និងបទ «មនុស្សស្មោះនៅណា?» ហើយបទទាំងនេះ សុទ្ធតែជាបទចម្រៀងមានចង្វាក់ញាក់រំលេចដោយក្បាច់រាំប្លែកៗទៀតផង៕