​ភ្នំពេញៈ ក្រុម​អ្នករៀបចំ​ការប្រកួត​ក​ម្ម​វិធី​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​លើក​ទី​១០ បាន​រកឃើញ​ភាពយន្ត​ខ្នាត​ខ្លី​របស់​សមិទ្ធ​ករ​ខ្មែរ ៧​ រឿង ដែល​ជាប់​ជម្រើសសម្រាប់​ចាក់ផ្សាយ​តាម​អន​ឡាញ​ឆ្នាំ​ ២០២១​។​


​បើតាម​សេចក្តីប្រកាស​ព័​ត៌​មាន​ពី​ភាពយន្ត​ខ្លី​ជាប់​ជម្រើស សម្រាប់​ចាក់ផ្សាយ​អន​ឡាញក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​១០ នេះ​មាន​៖ «​ភាពយន្ត​ទី​១ រឿង «​ស្នេហ៍​ឆ្លង​វេហា​» របស់​សមិទ្ធ​ករ គឺ​ម​អាន សុ​ផា​ស័​ក្ត ទី​២ រឿង «​ប៉ាន់​ក្រហម​» របស់​សមិទ្ធ​ករ ទី ទេព​និមល ទី​៣​រឿង «Origami girl» របស់​សមិទ្ធ​ករ ហេង លឹម ទី​៤ រឿង «​ថ្ងៃនេះ​សម្រាប់​ថ្ងៃស្អែក​» របស់​សមិទ្ធ​ករ ភេទ​ ចា ទី​៥ រឿង «​មិន​បោះបង់​» របស់​សមិទ្ធ​ករ ចាន់ ស៊ី​ណេ​ត ទី​៦ រឿង «Dream catcher» របស់​សមិទ្ធ​ករ លោ​ល គង់ តុលា និង​ទី​៧ រឿង «​ម៉ែ​ខ្ញុំ​ម៉ែ​គេ​» របស់​សមិទ្ធ​ករ​លោក សុខ ពិសិដ្ឋ​។ កុំ​ភេ្ល​ច​រង់ចាំ​ទស្សនា​ភាពយន្ត​ខ្លី​ថ្មីៗ ទាំងនេះ ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ​២០២១»​។​

​ប្រភព​ដដែល​នេះ បន្ត​ឱ្យដឹងថា​៖ «​ការប្រកួត​ក៏មាន​ធ្វើ​ការចាក់​បង្ហាញ​រឿង​ផ្សេងៗ​ទៀត តាម​ប្រភេទ​ផ្សេងទៀត​ដែរ


​ដូចជាភាពយន្ត​ខ្លី​អន្តរជាតិ សម្រាប់​ចាក់​បង្ហាញ (International Showcase) ភាព​យន្ត​ឯកសារ​កម្ពុជាសម្រាប់​ចាក់​បង្ហាញ (Cambodian Documentary Showcase) ភាពយន្ត​ឯកសារ​អន្តរ​ជាតិ​សម្រាប់​ចាក់​បង្ហាញ ​(International Documentary Showcase) វីដេអូ​តន្ត្រី​សម្រាប់​ចាក់​បង្ហាញ (Music Video Showcase) ភាព​យន្ត​ខ្លី​ថ្មី​ពី «​ក្រុម​ភាពយន្ត​ឈូករ័ត្ន​» (SFA Showcase) និង​ភាពយន្ត​ពី​គម្រោង​ពិសេស សម្រាប់​ចាក់​បង្ហាញ (Special Project Showcase)​។​


​ដោយសារតែ​បញ្ហា​កូ​វីដ ១៩ កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​លើក​ទី​៩ ឆ្នាំ ២០២០ និង​លើក​ទី​១០ ​ឆ្នាំ ២០២១ ​ត្រូវ​រៀបចំ​ដាក់បញ្ចូល​រួមគ្នា​ ​និង​សម្រេច​ប្រារព្ធ​ធ្វើតាម​អន​​ឡាញ​វិញ បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​ជ្រើសរើស យ៉ាង​ស្វិតស្វាញ​មក​នោះ​។


ភាព​យន្តខ្លី ៣ រឿង ក្នុង​ចំណោម​ភាព​យន្ត​​​ជាប់​ជម្រើស​ទាំង ​៧ រឿង។ រូប ហ្វេសប៊ុក​

​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ហៅ​កាត់​ថា CSFF ​បានប្រកាស​ទទួល​រឿង​ប្រកួត​ដល់​សមិទ្ធ​ករ​រឿង​ខ្លី ចាប់តាំងពី​ដើមខែ​មីនា ឆ្នាំ ២០២១ ហើយ​កម្មវិធី​លើក​ទី​១០ នេះ នឹង​បូក​បញ្ចូល​នូវ​ភាពយន្ត​ខ្លី ដែល​បានដាក់​មក​តាំងពី​ឆ្នាំ ២០២០ ព្រោះ​ខកខាន​ដោយ​សារ​វិបត្តិ​កូ​វីដ​ ១៩ ​ដែរ​។

​ដោយសារ​វិបត្តិ​នៅតែ​បន្ត​មិន​ស្រាកស្រាន្ត​នោះ កម្មវិធី​ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅតាម​អន​​ឡាញ​ទាំងស្រុង ដោយ​កម្មវិធី​មាន​ក្រុម​ភាពយន្ត​ឈូករ័ត្ន​ (Sunflower Film Alliance) ជា​អ្នករៀបចំ​។​

​ខណៈ​កម្មវិធី CSFF ឆ្នាំនេះ មានការ​គាំទ្រ​ពី​ស្ថាប័ន​ក្នុងស្រុក​ចំនួន ៥ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័​ត៌​មាន ក្រុមហ៊ុន Sabay News ក្រុមហ៊ុន FilmTalk Cambodia និង​ក្រុមហ៊ុន Alien Express និង​មាន​ស្ថាប័ន​ក្រៅ​ស្រុក​ចំនួន​ ២ គឺ SEA Junction និង culture360​។ បន្ទាប់ពី​ឆ្លងកាត់​ដំណាក់កាល​ជ្រើសរើស និង​ចរចា ក្នុងការ​បញ្ចាំង​អន​ឡាញ​យ៉ាង​ស្វិត​ស្វា​ញ CSFF បានជ្រើសរើស​រឿង​សម្រាប់​ការប្រកួត​ចេញពី​ចំនួន​សរុប ២៨៥ ​រឿង (៨៨ ពី​ឆ្នាំ ២០២០ និង ១៩៧ ពី​ឆ្នាំ ២០២១​។​

​កម្មវិធី​មហោស្រព​នេះ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៣ រហូត​ទៅដល់​ទី​ ២៧ ខែ តុលា ឆ្នាំ ២០២១ ហើយ​រាល់​រឿង​ទាំងអស់ និង​កម្មវិធី​ផ្សេងៗ លោកអ្នក​អាច​តាមដាន​តាម Facebook Page របស់ CSFF៖ https://www.facebook.com/CSFF.co/៕