ក្រុង​ឌូបៃ: ការ​បង្កាត់​ពូជ​ចម្លង ឬក្លូន​កំពុងតែមាន​តម្រូវការ​ខ្ពស់​ក្នុង​ពិភព​ដ៏​ប្រកួត​ប្រជែង​នៃ​រាជនីសម្រស់​អូដ្ឋ​ ដែល​នាំ​ឱ្យ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​នៅ​គ្លីនិក​ក្រុង​ឌូបៃ​ធ្វើការ​ឥតឈប់​សម្រាក​ ដើម្បី​បង្កាត់ពូជ​ចម្លង​មុខមាត់​សត្វ។


នៅមជ្ឈមណ្ឌល​ជីវបច្ចេកវិទ្យា​បង្កពូជ ជាមួយ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​អគារ​ខ្ពស់​កប់ពពក​នៅអេមីរ៉េត ​អារ៉ាប់​រួម ក្រុម​អ្នក​វិទ្យាសាស្ដ្រ​សម្លឹង​មើល​តាម​ម៉ាស៊ីន​មីក្រូស្កុប ខណៈ​សត្វ​អូដ្ឋ​នៅ​ខាង​ក្រៅ​មួយ​ហ្វូង។

នាយក​ផ្នែកវិទ្យាសាស្ដ្រ​នៅ​មជ្ឈមណ្ឌល នីសា វ៉ានី បាន​ប្រាប់ AFP ថា​៖ «​យើង​មាន​តម្រូវការ​ច្រើន​លើ​ការ​ក្លូន​អូដ្ឋ​ ដែល​យើង​មិន​អាច​ផ្គត់​ផ្គង់​តម្រូវការ​ទាន់​»។


ការ​បង្អួត​សម្រស់​មិនមែនជា​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​កំណើន​ការងារ​ក្លូន​អូដ្ឋ​ដ៏​ច្រើន​នោះទេ។ អតិថិជនជា​ច្រើន​ចង់​បាន​ពូជអុដ្ឋ​រត់​ប្រណាំង​ ឬ​សត្វ​ដែល​អាច​ផលិត​ទឹក​ដោះ​បា​នច្រើន​ផង​ដែរ។


អូដ្ឋ​ត្រូវបាន​ប្រើ​ជា​ជំនិះ​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​លើ​ឧបទ្វីប​អារ៉ាប់ និង​ជា​និមិត្ដរូប​នៃវប្បធម៌​ឈូង​សមុទ្រ​បែប​ប្រពៃណី។ AFP


ប៉ុន្ដែ «រាជនីអូដ្ឋ» ស្ថិត​ក្នុង​លំដាប់​លេខ ​១​ នៃ​ការ​កុម្ម៉ង់។ អតិថិជន​នៅ​ឈូង​សមុទ្រនេះ​ ហ៊ាន​ចំណាយ​ប្រាក់​ចន្លោះ​ពី ២០ ​ម៉ឺន ទៅ ៤០ ​ម៉ឺន​ឌីហាម (​៥៤ ៥០០ ដល់ ១០៩ ០០០ ​ដុល្លារ) ក្នុងការ​​ចម្លង​ពូជ​អូដ្ឋ​មួយ​ក្បាល។

កាលពី ១២ ​ឆ្នាំ​មុន ឌូបៃ បាន​គ្រង​តំណែង​ជា​ប្រទេសមាន​អូដ្ឋ​ក្លូន​ដំបូង​បំផុត​ក្នុង​លោក។

អ៊ីនចាហ្ស ជាអូដ្ឋ​ញី​មួយ​ក្បាល ដែល​ឈ្មោះ​របស់​មាន​ន័យថា ជោគជ័យ បាន​កើត​នៅថ្ងៃទី ៨ ខែ​ មេសា ឆ្នាំ ​២០០៩ ក្រោយ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល ៥​ ឆ្នាំ​របស់ វ៉ានី និង​ក្រុមការងារ។

វ៉ានី បាន​និយាយ​ទាំង​មាន​មោនទភាព​ថា​៖ «​ពេលនេះ​យើង​កំពុង​តែ​ក្លូន​អូដ្ឋ​ជា​ច្រើន​ក្បាល​ទៀត ប្រហែលពី ១០ ទៅ ២០​ ក្បាល​ រៀង​រាល់​ឆ្នាំ។ ឆ្នាំនេះ យើង​មាន​អូដ្ឋ​ពពោះ​ ២៨​ ក្បាល​ ខណៈ​ឆ្នាំ​មុន មាន ២០ ​ក្បាល​»។

កូន​អូដ្ឋមួយ​ហ្វូង​​​ដែលត្រូវបាន​ក្លូន​ នៅ​មជ្ឈមណ្ឌល​ជីវបច្ចេកវិទ្យា​បង្ក​កំណើត​ក្នុង​ក្រុង​ឌូបៃ។ ​AFP

ដោយ​ស្គាល់​ជា «​នាវា​លើ​សមុទ្រខ្សាច់​» និង​ធ្លាប់​ត្រូវបាន​ប្រើ​ជា​ជំនិះ​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​លើ​ឧបទ្វីប​អារ៉ាប់ សត្វ​អូដ្ឋ​ជា​និមិត្ដរូប​នៃវប្បធម៌​ឈូង​សមុទ្រ​បែប​ប្រពៃណី។

វ៉ានី បាន​និយាយ​ប្រៀបធៀប​នឹង​ការ​ផលិត​ទឹក​ដោះ​របស់​អូដ្ឋ​ទូទៅ​ត្រឹម ៥​ លីត្រ​ថា​៖ «​យើង​បាន​ក្លូន​អូដ្ឋ​ញី​ដែល​អាច​ផលិត​ទឹក​ដោះ​បាន​លើស ៣៥​លីត្រ​ក្នុង​មួយ​ថ្ងៃ​»។

ការ​ក្លូន​មិន​ត្រឹម​តែ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ជា​ម្ចាស់​អូដ្ឋ​ពូជ​ល្អៗ​ប៉ុណ្ណោះ​ទេ។ ជួន​កាល​ អតិថិជន​គ្រាន់តែ​ចង់​ក្លូន​សត្វ​ចិញ្ចឹម​ដ៏គួរ​ឱ្យស្រឡាញ់​ក្រោយ​ពេល​ពួកវា​ស្លាប់​ទៅ។

លោក​បាន​និយាយថា​៖ «​វេលា​ដ៏គួរឱ្យមានមោទន​បំផុត​ គឺ​កំណើត​របស់​អ៊ីចាហ្ស តែ​វា​បាន​ស្លាប់​ក្នុង​ឆ្នាំ​នេះ​ហើយ។ ពេ​លយើង​មក​ដល់​ពេល​ព្រឹក វា​បាន​ធ្លាយ​ស្បូន​។ យើង​ព្យាយាម​សង្គ្រោះ​ជីវិត​វា​តាម​លទ្ធភាព។ នេះ​ជា​ហេតុការណ៍​គួរ​ឱ្យ​សង្វេគ​មួយ​»៕ AFP/HR

អូដ្ឋ​ត្រូវបាន​ប្រើ​ជា​ជំនិះ​​ឆ្លង​កាត់​សមុទ្រ​ខ្សាច់​លើ​ឧបទ្វីប​អារ៉ាប់ និង​ជា​និមិត្ដរូប​នៃវប្បធម៌​ឈូង​សមុទ្រ​បែប​ប្រពៃណី។ AFP

អតិថិជន​ហ៊ាន​ចំណាយ​ប្រាក់​ពី ៥៤ ៥០០ ដល់ ១០៩ ០០០​ ដុល្លារ ក្នុងការ​​ចម្លង​ពូជ​អូដ្ឋ​មួយ​ក្បាល។ AFP