ភ្នំពេញៈ នា​រយៈពេល​ជាង ២ ឆ្នាំ ចុងក្រោយ​នេះ កុមារី​ជា​ពន្លក​តារាចម្រៀង តារា​សម្តែង និង​តារា​ម៉ូ​ដែល ជាប់សែស្រឡាយ​ព្រះរាជ​វង្ស ព្រះ​នាង​តូច នរោត្តម ជេន​ណា កំពុង​តែមាន​រាសី​ឡើង​ខ្លាំង ដោយ​ទ្រង់​ក្តោប​បាន​នូវ​ឱកាស​ជា​ច្រើន​លើ​វិថី​សិល្បៈ ស្ទើរ​គ្រប់​ទម្រង់ ទាំង​វិស័យ​សម្តែង​ភាពយន្ត និង​ចម្រៀង​។

​ក្នុងឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​តាម​គន្លង​​ប្រពៃណី ជាតិ សាសនា ឆ្នាំ ​២០២១ កន្លងមក​ថ្មីៗ​នេះ តាមរយៈ​ផលិតកម្ម​អន​ឡាញ NCJ Empire Studio ព្រះ​នាង​តូច ជេន​ណា បានចេញ​អាល់​ប៊ុ​ម​ទី​២ ​នៃ​ចម្រៀង​ទាំង​ប្រភេទ​​អូ​រី​ជីណ​ល និង​ច្រៀង​ឡើងវិញ​បំពេ​អារម្មណ៍​ប្រិយមិត្ត នា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាង​​ច្រើន​រួមមាន​បទ «​អូន​អើយ​អូន​» បទ «​ភ្ជុំបិណ្ឌ​ទំនៀម​ខ្មែរ​» បទ​ «​វេច​អន្សម​ភ្ជុំ​» បទ «​ភ្ជុំបិណ្ឌ​ចាំ​ស្នេហ៍​» បទ «​តា​លុង​ផ្តាំ​ស្នេហ៍​» និង​បទ «​ភ្ជុំបិណ្ឌ​ជុំ​ញាតិ​»​។

ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែល​ទ្រង់មាន​ទេព​​កោសល្យ និង​ដុង​ពី​កំណើត លើ​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ ហើយ​ចេះ​និយាយ ៥ ភាសា និង​មាន​ព្រះជន្ម ៩ វស្សា នៅ​ឆ្នាំ ​២០២១ នេះ ទ្រង់​បង្ហើរ​សារ​ថា​៖ «​បទ «​វេច​អន្សម​ភ្ជុំ​» ច្រៀង​ឡើងវិញ​ដោយ​ព្រះ​នាង​តូច នរោត្តម ជេន​ណា ជា​សំនៀង​ដើម​​លោកស្រី ប៉ែន រ៉​ន និពន្ធ​បទ និង​ទំនុកច្រៀង​ដោយ លោក ឯល ប៉ុល​ណា​។ សូម​ពុក​ម៉ែ បងប្អូន រីក​​រាយ​ស្តាប់​កម្សាន្ត​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សូម​ធ្វើ​ដំណើរ​ដោយ​សុខ​សប្បាយ សំណាងល្អ សុខភាព​ល្អ សូមឱ្យ​ការជួបជុំ ប្រកប​ដោយ​ភាព​រីករាយ តែ​កុំ​ភ្លេច​ពាក់​ម៉ា​ស់ណា បង​ប្អូន ៣ កុំ ៣ ការពារ​»​។


​មិនតែប៉ុណ្ណោះ​ព្រះ​នាង​តូច​ក៏​លេច​វត្តមាន​​សម្ដែង​ខ្សែភាពយន្ត​ភាគ​ ២ រឿង ដែល​ផលិត​ដោយ​ស្ថានីយ​ទូរ​ទស្សន៍​ស៊ី​ធី​អិន ​គឺ​រឿង «​ទេពធីតា​ថ្កុ​លមាស​» នៅ​ដើមឆ្នាំ ​២០២០ និង​រឿង «​នគរ​មាស​» នៅ​ដើមឆ្នាំ ​២០២១ នេះ ខណៈ​ទាំង​ ២ ​រឿង ព្រះ​នាង​តូច សុទ្ធតែ​ដើរ​ជា​តួអង្គ​ឯក ដោយ​រឿង ១ ព្រះ​នាង​សម្ដែង​ជា​តួអង្គ​ក្នុង​វណ្ណៈ​ខ្ពស់ និង​រឿង​ ១ ​ទៀត សម្ដែង​ជា​តួអង្គ​ក្រខ្សត់ និង​កម្សត់​។​

បើ​គិត​មក​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០២០ មក​ព្រះ​កិត្តិយស​ព្រះ​នាង​តូច​កំពុងតែ​បោះពួយ​ឡើងជា​លំដាប់​លើ​វិថី​សិល្បៈ​ទាំង​ចម្រៀង និង​សម្តែង ដោយ​គេ​ឃើញ​ព្រះ​នាង ជេន​ណា លេច​វត្តមាន​ក្នុង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា ជា​តារា​កិត្តិ​យស សម្ពោធ​កម្មវិធី​សង្គម ជា​ញឹកញយ ថតកុន និង​ត្រូវ​ក្រុមហ៊ុនទូរស័ព្ទ Cellcard ​ជ្រើស​ជា​ទូត​សុច្ឆន្ទៈ​ទៀតផង​។​


កាលពី​ឆ្នាំ ​២០១៩ បាន​បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប ជាមួយនឹង​សូរ​សំនៀង​ដ៏​ពីរោះ​បកស្រាយ​បទ «​ដួង​ចន្ទ​» របស់​កុមារី ទើប​តែមាន​ព្រះជន្ម ៧ ឆ្នាំ ហើយ​ជាប់សែស្រឡាយ​រាជវង្ស​ខ្មែរ គឺជា​ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែលជា​បុត្រី​ទី២ អ្នកអង្គម្ចាស់ នរោត្តម បុប្ផា​រី និង​ត្រូវជា​ចៅ​ស្រី​របស់​ព្រះអង្គ​​ម្ចាស់ នរោត្តម​ ​ចក្រ​ព​ង្ស់​៕