
អតិថិជនឈរចាំទិញនំស្ករដាល់ហ្គូណា ជាអាហារផ្អែមក្នុងល្បែងមរណៈមួយក្នុងរឿង Squid Game។ AFP
ក្រុងប៉េកាំង៖ អត់មាននៅស្រុកចិន តែភាពយន្ដល្បីទូទាំងសកលោក «Squid Game» របស់ Netflix បានជ្រៀបចូលពាសពេញដែនដីកុម្មុយនិស្ដមួយនេះ ដោយក្រុមអ្នកគាំទ្រខិតខំរិះរកវិធីទស្សនាភាពយន្ដរន្ធត់នេះ និងនាំគ្នាទិញសម្ភារ គ្រឿងតុបតែងកាយ និងចំណី ដូចក្នុងភាពយន្ដនេះមកលេងឱ្យទាន់សម័យផងដែរ។
ភាពយន្ដសម្លាប់ឆៅៗក្នុងសង្គមសិប្បនិម្មិតរបស់កូរ៉េខាងត្បូង បានក្លាយជាភាពយន្ដភាគពេញនិយមបំផុតរបស់ Netflix ជាក្រុមហ៊ុនកម្សាន្ដផ្សាយតាមអនឡាញ បានឱ្យដឹងកាលពីថ្ងៃអង្គារ តែវាមិនទំនងជាអាចឆ្លងផុតការត្រួតពិនិត្យរបស់ចិនដោយសារតែមាតិកាដ៏មហាហិង្សា។
ប៉ុន្ដែវាបានទទួលភាពល្បីល្បាញនៅតាមទីក្រុងមួយចំនួន ដូចជា ក្រុងស៊ាងហៃ ជាទីដែលមហាជនមកជួបជុំគ្នាកាលពីថ្ងៃអង្គារនៅនៅភោជនីយដ្ឋានលក់ នំស្ករដាល់ហ្គូណា ដែលរំលេចជាហ្គេមក្នុងឈុតមួយនៃសាច់រឿង ដោយអតិថិជនមកថតរូបនៅស្លាកសញ្ញាក្នុងភាពយន្តស៊េរី «Squid Game»។

អតិថិជនទទួលទាននំស្ករដាល់ហ្គូណា ដែលពួកគេទិញយកមកសាកល្បងលេង។ AFP
អតិថិជនម្នាក់ត្រកូល លី បានប្រាប់ AFP ថា៖ «យើងនាំគ្នានិយាយពីរឿងសប្បាយៗ ទាក់ទងនឹងសាច់រឿងក្នុងក្រុមជជែកកម្សាន្ដ ពេលខ្ញុំចាប់ផ្ដើមទស្សនាភាពយន្ដនេះ»។
ក្រោយពីបានទិញនំស្ករ លោក លី និងមិត្ដភក្ដិបានថតសកម្មភាពលេងតាមល្បែងហ្គេមភាពយន្ដ ដោយពួកគេព្យាយាមកាត់រូបភាពតាមក្រឡាលើនំស្ករដោយមិនយ៉ាងណាធ្វើឱ្យស្ករស្រួយនេះបែក។
ភាពយន្តស៊េរី Squid Game បានឆ្លុះបញ្ចាំងពីដំណើររឿងមនុស្សមួយក្រុមស្ថិតក្នុងវណ្ណៈបាតសង្គម និងជាប់បំណុលវណ្ឌក ដែលត្រូវបានបង្ខំឱ្យប្រកួតប្រជែងក្នុងហ្គេមក្មេងជាច្រើនប្រភេទរហូតដល់អ្នកលេងស្លាប់ទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ។ អ្នកឈ្នះ ទទួលបានប្រាក់រង្វាន់ ៣៨ លានដុល្លារ។
ខណៈភាពយន្ដកូរ៉េនេះកំពុងតែល្បីលើពិភពលោក ក្រុមហ៊ុនផលិតសម្ភារផ្សេងៗដ៏វៃឆ្លាតរបស់ចិនក៏កំពុងតែញាប់ដៃញាប់ជើងផ្គត់ផ្គង់តម្រូវការជាមួយផលិតផលទាំងនេះ រួមទាំងឈុតពណ៌ផ្កាឈូកស្រស់ និងម៉ាសបិសាចពាក់ដោយឆ្មាំអនាមឹក ដែលត្រូវដាក់លក់លើផ្សារអនឡាញចិន Taobao។

អ្នកលក់ញាប់ដៃធ្វើនំស្ករដាល់ហ្គូណា ជាអាហារផ្អែមក្នុងល្បែងមរណៈមួយក្នុងរឿង Squid Game។ AFP
អាជីវករ ប៉េង ស៊ុយយ៉ាង បានប្រាប់ AFP ថា ការលក់របស់លោកបានកើនឡើងប្រមាណ ៣០ភាគរយ ដែលអរគុណដល់តម្រូវការដល់អ្នកនិយម Squid Game នេះ។
លោកមិនដែលឮកម្មវិធីភាពយន្ដនេះទេ ពេលអតិថិជនម្នាក់មកសួរកាលពីខែមុន ដោយចង់រកទិញម៉ាសជារបាំងមុខពណ៌ខ្មៅ មានសញ្ញាគំនូររាងជាបួនជ្រុង ត្រីកោណ ឬមូល។
ប៉ុន្ដែពេលនេះអាជីវករទាំងអស់ រួមទាំងរូបលោក និងក្រុមហ៊ុនផលិតប្លាស្ទីកនៅភាគខាងជើងតំបន់យីវូ សុទ្ធតែមមាញឹកក្នុងការផ្គត់ផ្គង់តម្រូវការអតិថិជន ទាំងក្នុងស្រុកនិងបរទេស។

អតិថិជនរូបថតជាមួយរូបសញ្ញាក្នុងរឿង Squid Game ដែលពួកគេទិញយកមកសាកល្បងលេង។ AFP
លោកបានបន្ថែមថា៖ «អតិថិជនរបស់យើងគឺជាអ្នកដែលបានទស្សនាភាពយន្ដភាគនេះនិងចង់បង្កើតភាពស្និទ្ធិស្នាលជាមួយភាពយន្ដ»។
ដោយរដូវបុណ្យខ្មោចហាឡូវីនកាន់តែខិតចូលមកដល់ ម៉ាសបិសាចបានក្លាយជាផលិតផលលក់ដាច់បំផុត។ ជាសម្ភារបែបហ្វេសសិនក្នុងភាពយន្ដវាបានអង្រួនអារម្មណ៍យុវវ័យសម័យបច្ចេកវិទ្យាចិន ដោយផ្សារភ្ជាប់ជាមួយសញ្ញាតំណភ្ជាប់ ហាសថេក Squid Game។
អតិថិជនម្នាក់នៅក្រុងស៊ាងហៃត្រកួលយ៉ាងបាននិយាយថា៖ «ខ្ញុំឃើញមានលក់អាហារសម្រន់ក្នុងភាពយន្ដតាមអនឡាញ តែវាជាលើកដំបូងសម្រាប់ខ្ញុំដែលឃើញវានឹងភ្នែកនាពេលនេះ»៕ AFP/HR

អតិថិជនរូបថតនំស្ករដាល់ហ្គូណា ដែលពួកគេទិញយកមកសាកល្បងលេង។ AFP