ក្រុងហ្សេរុយសាឡឹម: ក្នុងរណ្ដៅភ្នំភ្លើងដ៏ធំមួយលើវាលខ្សាច់ Negev ដុតដោយកម្ដៅព្រះអាទិត្យនៃប្រទេសអ៊ីស្រាអែល មនុស្សមួយក្រុមដែលគ្រងឈុតការពារក្រាស់ឃ្មឹកបានធ្វើដំណើរទៅបំពេញបេសកកម្មដូចក្នុងភពព្រះអង្គារ។
Austrian Space Forum បានបង្កើតមូលដ្ឋានផ្កាយព្រះអង្គារសិប្បនិម្មិតជាមួយទីភ្នាក់ងារអវកាសអ៊ីស្រាលីនៅរណ្ដៅភ្នំភ្លើង Makhtesh Ramon ជម្រៅ ៥០០ ម៉ែត្រ និងទំហំ ៤០ គីឡូម៉ែត្រ។
អវកាសយានិកទទួលការបណ្ដុះបណ្ដាល ៦ នាក់ នឹងរស់នៅផ្ដាច់ខ្លួនក្នុងស្ថានីយសិប្បនិម្មិតរហូតដល់ដំណាច់ខែខាងមុខនេះ។
លោក អាឡុន ធេនហ្ស័រ អាយុ ៣៦ ឆ្នាំ ជនជាតិអ៊ីស្រាអែលបានប្រាប់ AFP ថា៖ «វាជាក្ដីសុបិនក្លាយជាការពិត។ វាជាអ្វីដែលយើង បាននិងកំពុងតែធ្វើជាច្រើនឆ្នាំ»។
អ្នកចូលរួមមកពីអូទ្រីស អាល្លឺម៉ង់ ហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ ទាំងអស់គ្នាត្រូវធ្វើតេស្ដកាយសម្បទា និងចិត្ដវិទ្យាជាមុនសិន។
អំឡុងពេលបេសកកម្មនេះ ពួកគេនឹងធ្វើតេស្ដជាច្រើន រួមមានការបញ្ជ្រាដូនស៊េរីថ្មីដែលគ្មានប្រព័ន្ធ GPS និងយានដៅផែនទី ដែលដំណើរការដោយថាមពលខ្យល់ និងសូឡាដោយស្វ័យប្រវត្ដិ។
បេសកកម្មនេះ ក៏មានបំណងសិក្សាអំពីអត្ដចរិតរបស់មនុស្ស និងផលប៉ះពាល់នៃការរស់នៅផ្ដាច់ខ្លួននៅលើអវកាសផងដែរ។
លោក ហ្គេណុត ក្រែម័រ ប្រធានក្រុមបេសកកម្មជនជាតិអូទ្រីស បាននិយាយថា៖ «សាមគ្គីភាពរបស់ក្រុម និងសមត្ថភាពរបស់ពួកគេក្នុងការធ្វើការងាររួមគ្នា ពិតជាសំខាន់សម្រាប់ដំណើររស់នៅលើភពអង្គារ។ វាមិនខុសពីចំណងអាពាហ៍ពិពាហ៍នោះទេ ខុសត្រង់ចំណងអាពាហ៍ពិពាហ៍ យើងអាចកាត់ផ្ដាច់ តែនៅលើភពអង្គារ យើងមិនអាចនោះទេ»។
គម្រោងផែនការរបស់អ៊ីស្រាអែល គឺជាផ្នែកមួយនៃបេសកកម្ម Amadee-20 ដែលគ្រោងរៀបចំឡើងកាលពីឆ្នាំមុន តែត្រូវបានពន្យារដោយបញ្ហាវិបត្ដិកូវីដ។
មជ្ឈមណ្ឌលនេះ បានសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវរបស់អ៊ីស្រាលី D-MARS ដើម្បីស្ថាបនាមូលដ្ឋានបំពាក់ថាមពលសូឡា។
អវកាសយានិកអាល្លឺម៉ង់ អានីកា មេលីស ជាស្ដ្រីតែម្នាក់ក្នុងក្រុមបានប្រាប់ AFP អំពីភាពរីករាយរបស់ខ្លួនដែលបានចូលរួមក្នុងគម្រោងនេះ។
អ្នកស្រីបាននិយាយថា៖ «ឪពុកខ្ញុំបាននាំខ្ញុំទៅកាន់សារមន្ទីរអវកាសពេលខ្ញុំនៅតូច។ ពេលខ្ញុំបានឃើញថា មជ្ឈមណ្ឌលនេះត្រូវការជ្រើសរើស អវកាសយានិកទទួលការបណ្ដុះបណ្ដាល ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែដាក់ពាក្យ»។
នាងនឹងសិក្សាអំពីសេណារីយោ ដែលបាក់តេរីមកពីផែនដីអាចទៅចម្លងដល់ជីវិតនៅលើភពព្រះអង្គារ ដោយបាននិយាយថា «នេះទំនងជាអាចបង្កជាបញ្ហាធំ»។
លោក ក្រែម័រ បានឱ្យដឹងថា៖ «នៅទីនេះ យើងស្ថិតក្នុងសីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣០ អង្សាសេ តែនៅលើភពព្រះអង្គារ សីតុណ្ហភាពនឹងធ្លាក់ដក ៦០ អង្សាសេ ហើយបរិយាកាសមិនអំណោយផលដល់ការដកដង្ហើមនោះឡើយ»។
អង្គការណាសា គ្រោងបង្កើតបេសកកម្មទៅកាន់ភពព្រះអង្គារក្នុងឆ្នាំ ២០៣០៕ AFP/HR
វីដេអូ៖