ក្រុង​ឌូបៃ៖ ពេល​ថ្ងៃរះ​​លើ​សមុទ្រ​ខ្សាច់​នៃ​ក្រុង​ឌូបៃ វិថី​កង់​អាល់-ក្វាត្រា ពេញ​ទៅ​ដោយ​ក្រុម​អ្នក​ជិះ​កង់​ព្រោង​ព្រៀត​ដែលចាក​ចេញ​ពី​មហាវិថី​ហាយវ៉េ និង​អគារ​ខ្ពស់​កប់​ពពក ធ្វើ​ដំណើរ​លើ​ចម្ងាយ​ផ្លូវ ៨០​ គីឡូម៉ែត្រ។

រៀង​រាល់​ចុងសប្ដាហ៍ ពេញ​មួយឆ្នាំ ទោះស្ថិត​ក្រោម​កម្ដៅ​ថ្ងៃ​ហួត​ហែង មនុស្ស​យ៉ាង​តិច​រាប់​រយ​នាក់​ ដែល​និយម​ជិះ​កង់​នាំគ្នា​ចុះ​វិថី​អាល់​-ក្វាត្រា ចម្ងាយ​ប្រមាណ ៥០​គីឡូម៉ែត្រ​ពី​ទីក្រុង។

ទីឋាន​គ្មាន​រថយន្ដ​នៅ​លើ​ទិដ្ឋភាព​ស្រដៀង​ព្រះខែ​ជា​ទំនោរផ្លាស់ប្ដូរ​សម្រាប់​មនុស្ស​ជា​ច្រើន​ពី​ជីវិត​ក្នុង​ទីក្រុង ក៏ដូចជា​​ជា​ឱកាស​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ធម្មជាតិ និង​អាច​ប្រទះ​ឃើញ​ពពួក​សត្វ​​ក្ដាន់​ស្នែង​ស្រួច​ផង​ដែរ។


ទោះស្ថិត​ក្រោម​កម្ដៅ​ថ្ងៃ​ហួត​ហែង មនុស្ស​យ៉ាង​តិច​រាប់​រយ​នាក់​ ដែល​និយម​ជិះ​កង់​នាំគ្នា​ចុះ​វិថី​អាល់​-ក្វាត្រា។ AFP

ថ្វីដ្បិតតែ​សីតុណ្ហភាព​ដែល​តែងតែ​កើន​ដល់ ៤០​ អង្សាសេ ​ជាមួយ​កម្រិត​សំណើម​ខ្ពស់ ការ​ជិះ​កង់​បាន​កើន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​អេមីរ៉ាត់​អារ៉ាប់រួម។


ហេដ្ឋារចនាសម្ព័ន្ធ​ជិះ​កង់​ថ្មី​តែងតែ​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​អាប៊ូដាប៊ី និង​ឌូបៃ​ ជាទីដែល​ព្រឹត្ដិការណ៍ «Dubai Ride» ត្រូវ​បាន​បង្កើតឡើង​កាលពី​ថ្ងៃ​សុក្រ​នៅតាម​ដង​មហា​វិថី​ហាយវ៉េ​ទីក្រុង។

អត្ដពលិកទ្រីយ៉ាថ្លុង​អារ៉ាប់ អាស្មា អាល់​-​ចាណាហ៊ី អាយុ ២៨ ឆ្នាំ ចាត់​ទុក​វិថី អាល់-​ក្វាត្រា ជា​ទីកន្លែង​សំណព្វ​ចិត្ដ​នៅ​ក្រុង​ឌូបៃ និង​ជា​សកម្មភាព​ស្មើ​នឹង​ការ​ធ្វើ​សមាធិ។

ក្រោម​កម្ដៅ​ថ្ងៃ​ហួត​ហែង អ្នក​​និយម​ជិះ​កង់​នាំគ្នា​ចុះ​វិថី​អាល់​-ក្វាត្រា ដែល​ពុំ​មាន​វត្តមានរថយន្ត​។ AFP

រដ្ឋបាលកីឡា​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក​ក្រុង​អាប៊ូដាប៊ី​ បាន​ប្រាប់ AFP ថា​៖ «​យើង​គេច​ចេញ​ពី​ទីក្រុង ហើយ​យើង​មើល​ឃើញ​នូវ​មាតា​ធម្មជាតិ។ នេះ​ពិត​ជា​វាលខ្សាច់​ដ៏​ស្រស់​ស្អាត។ វា​ពិតជា​ស្ងប់​សុខ ដោយ​បាន​ឃើញ​បក្សី និង​ពពួក​សត្វ​ក្ដាន់​ស្នែង​ស្រួច។ យើង​មាន​អារម្មណ៍​ផ្សារ​សាច់​ផ្សារ​ឈាម​នៅ​ទីកន្លែង​នោះ ជាពិសេស ជាមួយ​នឹង​កង់​»។

ជនជាតិ​អាល្លឺម៉ង់ វូហ្វហ្គាង ហូមេន ដែល​បើក​ហាង​លក់​កង់​មួយ​ក្នុង​ក្រុង​ឌូបៃ ជាមួយ​ភរិយា​ក្នុង​ឆ្នាំ​ ២០០២ បាន​និយាយថា អេមីរ៉ាត់​ ជា​ដែនដី​ល្បី​ខាង​អ្នក​ស្រឡាញ់​រថយន្ដ​ប្រណិត​ បាន​ដើរ​ឆ្ងាយ​ពី​ទំនោរ​នោះហើយ។

លោក​បាន​និយាយ​ថា​៖ «​ពេលនេះ យើង​មាន​ក្រុម​ ProTour ដែល​ឈ្នះ​ការ​ប្រកួត​ដ៏សំខាន់​ក្នុង​ពិភពលោក ហើយ​យើង​មាន​អ្នក​ជិះ​កង់​រាប់​ពាន់​នាក់​នៅ​ចុង​សប្ដាហ៍​លើ​វិថី​កង់​ដាច់​ដោយ​ឡែក​»។

ទីឋាន​គ្មាន​រថយន្ដ​នៅ​លើ​ទិដ្ឋភាព​ស្រដៀង​ព្រះខែ​ជា​ទំនោរផ្លាស់ប្ដូរ​សម្រាប់​មនុស្ស​ជា​ច្រើន​ពី​ជីវិត​ក្នុង​ទីក្រុង។ AFP

យោងតាម​ យូស៊ី ហ្វមីហ្សា ជា​ជនជាតិ​អេមីរ៉ាត់​​និយមកង់​តែម្នាក់​ឯងបាន​ឱ្យ​ដឹងថាកីឡានៅ​អេមីរ៉ាត់​អារ៉ាប់​រួមគឺជា​វិវត្ដន៍​ទៅមុខ​យ៉ាង​រហ័ស។

ក្រុង​ឌូបៃ​តែងតែ​ធ្វើ​អ្វី​ធំៗ និង​ល្អ​ប្រសើរ។ ដូច្នេះ​ប្រជាជន​ត្រូវការ​កង់​ល្អ​ៗ​ផង​ដែរ។

អ្នកនាង ណាទី កាឡេវីស ជា​អ្នក​ជិះ​កង់មក​ពី​វែលស៍ បាន​និយាយថា​៖ «​មនុស្ស​តែងតែមាន​ការ​ប្រកួត​ប្រជែង​ ទាំង​ជនជាតិ​អារ៉ាប់ និង​បរទេស។ ការ​ជិះ​កង់​មិន​មែន​ជា​សកម្មភាព​ឥត​ចាយ​លុយ​នោះទេ​នៅ​ឌូបៃ​»៕ AFP/HR

ពេល​ថ្ងៃរះ​​លើ​សមុទ្រ​ខ្សាច់​នៃ​ក្រុង​ឌូបៃ វិថី​កង់​អាល់-ក្វាត្រា ពេញ​ទៅ​ដោយ​ក្រុម​អ្នក​ជិះ​កង់។ AFP