ក្រុងគីនស្ហាសា៖ ពួកគេជ្រមុជក្នុងផ្ទៃទឹក ១ ដង្ហើមយ៉ាងវែង រួចងើបស្រូបខ្យល់បន្ដិច មុនពេលដាក់ ១ ភ្លឹបទៀតឆ្ពោះទៅកាន់ព្រៃកោងកាងដ៏ជ្រៅ។ កប់ក្នុងដីជាច្រើនម៉ែត្រក្រោមផ្ទៃទឹកគឺជាកំណប់របស់ពួកគេ។ នោះគឺជាខ្យងគ្រែង ឬប៊ីបវ៉ាទីដែលវាមានទាំងរសជាតិឆ្ងាញ់ និងធម្មជាតិ។
ក្រុមអ្នកមុជទឹកទាំងប្រុសនិងស្ដ្រីគឺជាសមាជិកក្រុមកុលសម្ព័ន្ធ Assolongo ជាសហគមន៍តែមួយគត់ដែលត្រូវបានផ្ដល់សិទ្ធិរស់នៅក្នុងឧទ្យានជាតិព្រៃកោងកាងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ឧទ្យានទំហំ ៧៦៨ គីឡូម៉ែត្រការ៉េគឺជាសម្បត្ដិអភិរក្សដ៏កម្រនៅក្នុងពិភពលោកដែលព្រៃកោងកាងត្រូវបានបំផ្លិចបំផ្លាញសម្រាប់វិស័យទេសចរណ៍ ឬកសិដ្ឋានគ្រឿងសមុទ្រ។
វាលាតសន្ធឹងនៅតាមដងទន្លេកុងហ្គោ ដែលអម្បូរឈើនិងគ្រឿងសមុទ្រដ៏ល្អៗ ជាទីប្រសព្វរវាងទឹកសាបនិងទឹកប្រៃ។ ការធ្វើដំណើរទៅដល់ភូមិ Nteva ត្រូវឆ្លងកាត់ទឹក និងព្រៃស៊ុបទ្រុបដែលគ្របដណ្ដប់លើផ្ទៃដីជិត ២ ម៉ឺនហិកតា។
មេភូមិ Mbulu Nzabi បាននិយាយថា៖ «នៅទីនេះយើងអត់មានអគ្គិសនីប្រើប្រាស់ទេហើយក៏គ្មានសេវាទូរស័ព្ទនិងសាលារៀនដែរ»។
អ្នកភូមិធ្វើការនេសាទខ្យងគ្រែងដោយដៃនិងស្ទើរតែពឹងអាស្រ័យជីវភាពទាំងស្រុងលើវា។ ខ្យងគ្រែងត្រូវបានស្ងោរ ហើយសាច់របស់វាត្រូវបានប្រើជាអាហារ។ សម្បករបស់វាត្រូវបានបោះចោលនៅតាមច្រាំងទន្លេរហូតកកើតជាជម្រករបស់មនុស្ស។
មេភូមិបានបន្ដថា៖ «យើងកំពុងរស់នៅលើគំនរសម្បកប៊ីបវ៉ាទីដែលកាន់តែរីកធំឡើងៗ»។
ឧទ្យាន និងអេកូឡូស៊ីដ៏មានតម្លៃរបស់វាត្រូវបានគ្រប់គ្រងដោយវិទ្យាស្ថានកុងហ្គោសម្រាប់កិច្ចការអភិរក្សធម្មជាតិ (ICCN)។ វាមានកញ្ចប់ថវិកាប្រចាំឆ្នាំសម្រាប់កិច្ចការអភិរក្សឧទ្យានតិចជាង ១០ម៉ឺនដុល្លារ។
ពេលសុរិយាអស្ដង្គតនៅភូមិ Nteva ភាពងងឹតគ្របដណ្ដប់ ដោយគ្មានទូរទស្សន៍ ឬក៏សំឡងរបាំរ៉ាំបាដូចនៅតាមបណ្ដាទីក្រុងឡើយ។ ផ្ទុយទៅវិញ ព្រៃកោងកាងត្រូវបានបំបែកភាពស្ងប់ស្ងាត់ដោយសំឡេងជាភាសាកុលសម្ព័ន្ធ Kissolongo។
សំឡេងចម្រៀងត្រូវបានបន្លឺឡើងដោយក្រុមស្ដ្រីនិងកុមារីគ្រិស្ដបរិស័ទ ដែលជួបជុំគ្នានៅព្រះវិហារកាតូលិកបណ្ដែតលើក្បូនត្នោតរ៉ាហ្វហ្វីយ៉ា៕ AFP/HR