​ភ្នំពេញៈ នៅ​ទីបំផុត​ការ​ប្រ​កួត​ប្រជែង​តែង​និពន្ធ​ប្រលោម​​លោក​ខ្លី និង​កំណាព្យ​រឿង នៃ​ពានរង្វាន់​អក្សរសិល្ប៍​ព្រះ​នាង​ឥន្ទ្រ​ទេវី បាន​រកឃើញ​ម្ចាស់​​ជយលាភី​ប្រចាំឆ្នាំ​ ២០២១ ​ហើយ ដែល​នាយកដ្ឋាន​សៀវ​​ភៅ និង​ការអាន​នៃ​ក្រសួង​វប្ប​​ធម៌ និង​វិចិត្រសិល្បៈ បាន​រៀប​​ចំ​ប្រកាស​លទ្ធផល និង​ប្រគល់​ពានរង្វាន់ កាលពី​ព្រឹក​ម្សិល​​មិញ​នេះ​។

ជយលាភី​ពានរង្វាន់​អក្សរ​​សិល្ប៍​ឥន្ទ្រ​ទេវី ឆ្នាំ ២០២១ ផ្នែក​សំណេរ​ប្រលោមលោក​ខ្លី លេខ​ ១ បាន​ទៅ​អ្នកនិពន្ធ​លោក លឹម ដា​រ៉ា មកពី​រាជធានី​​ភ្នំពេញ ជាមួយនឹង​ស្នាដៃ​រឿង «​គែន​ព្យួរ​ជញ្ជាំង​» លេខ​ ២ បាន​ទៅ​អ្នកនិពន្ធ​លោកស្រី អ៊ុច ថា​វី មកពី​រាជធានី​ភ្នំពេញ ជាមួយ​ស្នាដៃ​រឿង «​បូណ៌មី​» លេខ ៣ បាន​ទៅ​អ្នកនិពន្ធ​លោកស្រី ឡុង លាប​សុជាតា មកពី​ខេត្តកំពង់ចាម ជាមួយ​​ស្នាដៃ​រឿង «​ចិត្ត​ប្រណី​» លេខ ៤ បាន​ទៅ​អ្នកនិពន្ធ​លោក ពៅ មករា មកពី​រាជធានី​ភ្នំពេញ​ជា​មួយ​សា្ន​ដៃ​រឿង​«​ជំនោរ​ជីវិត​» និង​លេខ ៥ បាន​ទៅ​អ្នកនិពន្ធ​លោក ជា តុង​ហៃ មកពី​ខេត្ត​​តាកែវ ជាមួយនឹង​ស្នាដៃ​រឿង «​ទឹកភ្នែក​ស្នេហា​»​។

ចំណែកឯ​ជយលាភី​ផ្នែក​កំណាព្យ​រឿង​វិញ លេខ ១ បាន​ទៅ​លោក​កវី វណ្ណ សារ៉េត មកពី​ខេត្តព្រៃវែង ជាមួយ​សំណេរ​កំណាព្យ​រឿង «​និស្ស័យ​ស្នេហ៍​កុលាប​ស​» និង​លេខ ២ បាន​ទៅ​លោក​កវី វង្ស សុភា​ជ មកពី​ខេត្តព្រៃវែង ជាមួយ​សំណេរ​កំណាព្យ​រឿង «​លោហិត​វីរនារី​» លេខ ៣ បាន​ទៅ​លោក​កវី សែម ពណ្ណរាយ មកពី​រាជ​​ធានី​ភ្នំពេញ ជាមួយ​សំណេរ​កំណាព្យ​រឿង «​កំណប់​ស្នេហ៍​» លេខ​ ៤ បាន​ទៅ​លោក​កវី សេង កែវ សេង​រដ្ឋា មកពី​ខេត្ត​កំពង់​​ឆ្នាំង ជាមួយ​សំណេរ​កំណាព្យ​រឿង «​សំឡេង​សង្គម​» និង​លេខ​ ៥ បាន​ទៅលើ​លោក​កវី មឿ​ន សំណាង មកពី​ខេត្ត​ឧ​ត្ត​រ​​មានជ័យ ជាមួយ​សំណេរ​​កំណាព្យ​រឿង «​ម្តាយ​»​។​


លោក វណ្ណ សារ៉េត ជយលាភីលេខ ១ ផ្នែកកំណាព្យរឿង(ស្តាំ) និង​លោក លឹម ដារ៉ា ជយលាភី​លេខ ១ ​​​ផ្នែកប្រលោមលោកខ្លី(ឆ្វេង)។ រូបថត ប៉ាន់ រិទ្ធា

លោក កុក រស់ ជា​ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យដឹង​លក្ខណ​វិនិច្ឆ័យ និង​ដំណាក់កាល​ពិនិត្យ​វាយតម្លៃ​របស់​ក្រុម​គណៈកម្មការ​ឆ្នាំនេះ​ថា​៖ «​ក្រ​សួង​បង្កើត​គណៈកម្មការ​​ចំនួន​ ២ គឺ​គណៈកម្មការ​វាយ​តម្លៃ​ផ្នែក​ប្រលោមលោក​ខ្នាត​ខ្លី និង​គណៈកម្មការ​វាយតម្លៃ​ផ្នែក​ប្រលោមលោក​កំណាព្យ​អនុវត្តតាម​លក្ខខណ្ឌ ៣ ជា​គោល​គឺ​អត្ថន័យ ផ្តោតលើ​គុណធម៌ សច្ចធម៌ និង​សីលធម៌​។ អត្ថរូប ផ្តោតលើ​វិធី​តែង រចនាបថ និង​សោភ័ណ និង​អត្ថរស ផ្តោតលើ​តម្លៃ​អប់រំ តម្លៃ​ជាតិ និង​តម្លៃ រីកចម្រើ់ន​»​។​


លោក​បាន​បន្តថា​៖ «​ផ្អែកលើ​លក្ខណវិនិច្ឆ័យ​សំខាន់​៣- យ៉ាង​គណៈកម្មការ​ប្រឡង​បានធ្វើការ​ជ្រើសរើស ២ ដំណាក់​កាល​។ ដំណាក់កាល​ទី​១ ការ​ពិនិត្យ​ជម្រុះ​ចម្រាញ់​ដោយ​​គណៈកម្មការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​អ្នក​និ​ព្ធ​ខ្មែរ​។ ដំណាក់កាល​ទី​២ ការពិនិត្យ​ផ្តល់​ចំណាត់ថ្នាក់​ជយលាភី សម្រេច​ដោយ​​គណៈ​កម្មក​ការ​ចម្រុះ ដែលមាន​ជំនាញ មកពី​សមាគម អ្នកនិពន្ធ​ខ្មែរ រាជបណ្ឌិត្យ​ សភា​កម្ពុជា សាកលវិទ្យាល័យ​​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ​»៕