ក្រុង​គែរ: កាលពី​ថ្ងៃ​ព្រហស្បតិ៍ អេ​ហ្ស៊ី​ប​បាន​បង្ហាញផ្លូវ ​១ ​ខ្សែ ដែល​រំលេច​នូវ​ចម្លាក់​ក្បាល​ចៀម​រាប់រយ តាំងពី​ជាង ៣ ០០០​ ឆ្នាំ នៅក្នុង​កម្មវិធី​សម្ពោធ​ពេល​រាត្រី​នៅ​ប្រាសាទ Karnak Temple ក្នុង​ទីក្រុង Luxor ដ៏​សម្បូរ​បុរាណវត្ថុវិទ្យា​។

​ដោយ​ហៅថា «​វិថី​ចៀម​» ផ្លូវ​ថ្មើរ​ជើង​សង់​ពី​ថ្មកំបោរ ដែល​ត​ភ្ជាប់​ប្រាង្គ​ប្រាសាទ​នានា​នៃ​ក្រុម​ប្រាសាទ Karnak និង​ប្រាសាទ Luxor នៅ​ចំណុចកណ្ដាល​នៃ​ទន្លេ​នី​ល​ភាគខាងត្បូង ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី អាប់​ដែល ហ្វា​ត​តា អាល់​​ស៊ី​ស៊ី នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​នាពេល​រាត្រី​ដ៏​អស្ចារ្យ​។

​វិថី​បុរាណ​ ១ ​ខ្សែ​នេះ​មាន​ប្រវែង​ជិត ៣​ គីឡូម៉ែត្រ និង​មានឈ្មោះ​តាម​ព្រេង​ទេវ​កថា​អេ​ហ្ស៊ី​ប​ថា «​វិថី​ព្រះ​»​។ វា​ត្រូវបាន​រចនា​ទាំងសងខាង​ដោយ​ចម្លាក់​ក្បាល​ចៀម​ដែល​ត្រូវបាន​កប់​បាត់​ក្រោម​សមុទ្រ​ខ្សាច់​រយៈពេល​ជាច្រើន​សតវត្សរ៍ មុនពេល​ត្រូវបាន​រកឃើញ និង​ជួសជុល ក៏ដូចជា​ធ្វើការ​បង្ហាញ​ដោយ​ក្រុម​អ្នកសិក្សា​ពី​បុរាណវត្ថុ​អេ​ហ្ស៊ី​ប កាលពីពេល​ថ្មីៗ​នេះ​។


​ចៀម​ជាស​ត្វ​តំណាងឱ្យ​ទេវ​អេ​ហ្ស៊ី​ប​បុរាណ​ឈ្មោះ Amun​។ Karnak Temple  ត្រូវបាន​កសាងឡើង​ពី ២ ០០០ ទៅ ៤ ០០០ ឆ្នាំមុន និង​ត្រូវបាន​ឧទ្ទិស​ដល់ Amun-Ra ជា​អាទិទេព​ព្រះអាទិត្យ​។ វា​គ្របដណ្ដប់​លើ​ផ្ទៃដី ១០០​ហិកតា​។

​ក្រសួងទេសចរណ៍ និង​វត្ថុ​បុរាណ​អេ​ហ្ស៊ី​ប បាន​ប្ដេជ្ញា​លើកតម្កើង​ខ្លួន​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ក្នុង​ពិភព​អារ៉ាប់ នូវ​ងារ «​សារមន្ទីរ​លម្ហ​មេឃ​»​។ ទេសចរណ៍ អេ​ហ្ស៊ី​ប​បានផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់ និង​បង្កើន​ចំណូល​សេដ្ឋ​កិច្ច​ជាតិ​ជាង​ ១០ ​ភាគរយ​។


​អេ​ហ្ស៊ី​ប​គ្រោង​បើកសម្ពោធ​សារមន្ទីរ​អេ​ហ្ស៊ី​ប​ធំថ្មី Grand Egyptian Museum នៅក្បែរ​ប្រាសាទ​ពីរ៉ាមីត​ក្នុង​ក្រុង​គែរ​ ១ ​ទៀត​៕ AFP/HR