ក្រុង​ប៊ែ​រ​ឡាំង៖ បន្ទាប់ពី​រយៈពេល ១៦ ​ឆ្នាំ​នៃការ​គ្រប់គ្រង​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប រឿង​ដំបូង​ដែល​លោកស្រី អេនជេឡា មឺរកែល ចង់​ធ្វើ​នៅពេល​ដែល​លោកស្រី​​ចូលនិវត្តន៍​ពី​នយោបាយ​គឺ «សម្រាក​បន្តិច» ប៉ុន្តែក្រោយពីសម្រាក តើស្ត្រី​ដ៏ល្បីល្បាញ​ក្នុងឆាកនយោបាយ​រូបនេះ​នឹង​ធ្វើអ្វីបន្ទាប់ទៀត?


អធិការបតី​ជើងចាស់​រូបនេះ​​នឹងធ្វើ​​ការប្រគល់​តំណែង​ទៅឱ្យលោក Olaf Scholz នៅ​ថ្ងៃទី ៨ ខែធ្នូ។

ក្នុងអំឡុងពេល​កាន់តំណែង​ទាំង​ ៤ អាណត្តិលោក​ស្រីមឺរកែលវ័យ៦៧​ឆ្នាំជារឿយៗត្រូវបាន​ពិពណ៌នា​ថា​ ជា​ស្ត្រី​ដែលមាន​អំណាច​បំផុត​នៅលើ​ពិភពលោកប៉ុន្តែ​លោកស្រី​បាន​ព្រលយ​ថា លោក​ស្រី​នឹង​មិននឹកនា​បន្ទុក​ការងារ​​ដ៏ធ្ងន់ធ្ងរ​នោះឡើយ។


លោកស្រី​​បាន​និយាយ​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​នា​រដូវក្តៅ​នេះ​ថា៖ «ខ្ញុំ​នឹង​យល់​ជ្រួតជ្រាប​​បាន​យ៉ាង​ឆាប់រហ័ស​ថាអ្វីៗទាំងអស់នេះ​ឥឡូវនេះ​គឺជា​ការទទួលខុសត្រូវ​របស់​អ្នកផ្សេង ហើយ​ខ្ញុំ​គិតថា ខ្ញុំ​នឹងចូលចិត្ត​ស្ថានភាព​បែប​នោះ»។


កាយវិការ​ចុង​ម្រាមដៃផ្គុំគ្នា​របស់លោកស្រី មឺរកែល ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាច្រើនចងចាំ។ AFP


សាង​ភាព​ល្បីល្បាញ​ដោយសារ​ភាពរឹងមាំនិង​សមត្ថភាព​របស់​លោកស្រីក្នុង​ការ​រក្សា​ភាពស្រស់​ស្រាយ​បន្ទាប់ពី​កិច្ចប្រជុំ​ពេញ​ ១ ​​យប់លោកស្រី មឺរកែល ធ្លាប់បាន​និយាយថា​ លោកស្រីអាច​សន្សំ​ម៉ោងដំណេកប៉ះប៉ូវ​គ្រា​រវល់ខ្លាំង​ ​​​ដូចជា​សត្វ​អូដ្ឋ​រក្សាទុក​ទឹកសម្រាប់គ្រា​ខ្វះខាត​ដូច្នោះដែរ​។

ប៉ុន្តែ​នៅពេល​សួរ​អំពី​ការចូលនិវត្តន៍​របស់​លោកស្រី​នៅ​ទីក្រុង​វ៉ាស៊ីនតោនមឺរកែល បាន​ឆ្លើយថា៖ «ប្រហែលជា​ខ្ញុំ​នឹង​ព្យាយាម​អាន​អ្វីមួយបន្ទាប់មក​ភ្នែក​របស់ខ្ញុំ​នឹង​ចាប់ផ្តើម​បិទព្រោះ​ខ្ញុំ​ហត់នឿយដូច្នេះ​ខ្ញុំ​នឹង​គេង​បន្តិចហើយ​បន្ទាប់មកយើង​នឹង​អាច​ដឹងថា​រូប​ខ្ញុំទៅដល់ទីណា»។

អតីត​អធិការបតី​​​រូបនេះ​បាន​និយាយថា៖ «នៅពេលដែល​ខ្ញុំ​ឈានដល់​អាយុ ៦៧ ​ឆ្នាំខ្ញុំ​មិនមាន​ពេលវេលា​នៅសល់​ច្រើន​ទេ។ នេះ​មានន័យថា​ខ្ញុំ​ចង់​គិត​ឱ្យបាន​ហ្មត់ចត់​អំពី​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​នៅក្នុង​ដំណាក់កាល​បន្ទាប់​នៃ​ជីវិត​របស់ខ្ញុំ»។

លោកស្រី​បាន​រៀបរាប់ថា៖ «តើ​ខ្ញុំ​ចង់​សរសេរខ្ញុំ​ចង់​និយាយខ្ញុំ​ចង់​ដើរលេងខ្ញុំ​ចង់​នៅផ្ទះខ្ញុំ​ចង់ឃើញ​ពិភពលោក​មែន​ទេ? ខ្ញុំ​សម្រេច​ចិត្ត​ថា​ មិនទាន់ធ្វើអ្វីទាំងអស់ និង​រង់ចាំមើល​ថា​តើ​នឹងមានអ្វីកើតឡើងសិន»។

លោកស្រី មឺរកែល ធ្លាប់បាន​និយាយថា​ លោកស្រីអាច​សន្សំ​ម៉ោងដំណេកប៉ះប៉ូវ​គ្រា​រវល់ខ្លាំង​ ​​​ដូចជា​សត្វ​អូដ្ឋ​រក្សាទុក​ទឹកដែរ។ AFP

លោក​ស្រី មឺរកែល ប្រហែលជា​ចង់​ចំណាយពេល​ច្រើន នៅ​ជាមួយស្វាមីរបស់លោកស្រី Joachim Sauer នៅ Hohenwalde ជិតក្រុង​ Templin ជាស្រុកកំណើត​ដែល​អតីត​អធិការបតី​អាល្លឺម៉ង់រូបនេះ​ធំធាត់​និង​ជា​កន្លែង​ដែល​លោកស្រី​​មានផ្ទះ​វិស្សម​កាលទុកគ្រាន់​សម្រាកស្រូបខ្យល់អាកាស​រំសាយភាព​នឿយហត់។

ក្នុងចំណោម​សកម្មភាព​កម្សាន្ត​ដែលលោកស្រី​អាច​នឹងធ្វើ​រួមមាន​​ការ​ដាំ​​បន្លែនិង​ជាពិសេស​ការដាំ​ដំឡូងជា​អ្វី​ដែល​លោកស្រី​ធ្លាប់​បាន​ប្រាប់​ទស្សនាវដ្ដីBunteក្នុង​បទសម្ភាស​មួយ​ក្នុង​ឆ្នាំ ២០១៣ ​ថា​ ជាចំណូលចិត្ត​របស់លោកស្រី​ផ្ទាល់​តែម្ដង។

លោកស្រី​​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ ជាអ្នក​ស្រឡាញ់​ទឹកដី​​ភ្នំភ្លើង D''Ischia ជាពិសេស​ភូមិ​មាត់សមុទ្រ​ដាច់ស្រយាល​នៃ Sant''Angelo។

លោកស្រី មឺរកែល ត្រូវបាន​គេ​ថត​បាន​នៅលើ​វីដេអូ​ទូរ​ស័ព្ទ​ស្មា​ត​ហ្វូ​ន​ក្នុង​សប្តាហ៍​នេះ​ ពេលលោកស្រី​ដើរ​រក​មើល​​ទិញ​ស្បែកជើង​ក្នុង​ហាង​លក់​សម្លៀកបំពាក់​កីឡា​នៅ​ទីក្រុង​ប៊ែ​រ​ឡាំងដែលនាំឱ្យ​មានការ​រំពឹង​ទុក​ថា ​លោកស្រី​អាច​នឹងមាន​គម្រោង​សកម្មភាពកីឡាអ្វីមួយ។

លោក​ស្រី មឺរកែល ពុំទាន់ដឹង​ថា​នឹង​ត្រូវ​ធ្វើអ្វី​បន្ទាប់ អាចជាការ​សម្រាក ឬ​លម្ហែ​នៅឆ្នេរសមុទ្រ។ AFP

អតីត​អ្នកវិទ្យាសាស្ត្ររូបនេះ​ក៏អាច​​​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ជាវាគ្មិន​នៃ​សាកលវិទ្យាល័យ​រាប់មិនអស់​តាំង​​ពី​ទីក្រុង​សេ​អ៊ូ​លរហូត​ដល់​ទីក្រុងតែលអាវីវដែល​បានប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយសដល់​លោកស្រីផង​ដែរ។

លោកស្រី មឺរកែល​ត្រូវបាន​កំណត់ឱ្យ​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ន៍​ប្រចាំខែ​ប្រមាណ ១៥០០០​អឺរ៉ូ (១៦ ៩០០ ដុល្លារ​) នេះ​បើ​យោងតាម​ការ​គណនា​ដោយ​សមាគម​អ្នក​បង់ពន្ធ​អាល្លឺម៉ង់។

ប៉ុន្តែលោកស្រី​មិន​ធ្លាប់ជា​មនុស្ស​ម្នាក់​ចាយ​​វាយ​ខ្ជះខ្ជាយ​ឡើយដោយ​ជ្រើសរើស​យកការ​​រស់នៅក្នុង​អា​ផាត​មិនជា​ន់ទី​ ៤​​ ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំងហើយ​ជា​ញឹកញាប់​ធ្វើការ​ដើរ​ទិញ​អីវ៉ាន់​ផ្ទាល់ខ្លួននៅផ្សារទំនើបសាមញ្ញ​ៗ។

ក្នុង​ឆ្នាំ ២០១៤​ លោកស្រី​ថែមទាំង​បាន​នាំ​លោកនាយករដ្ឋមន្ត្រី​ លី កេឈាំងទៅកាន់​ផ្សារ​ទំនើប​ដែល​លោកស្រី​​​ចូលចិត្ត​ទិញទំនិញ​នៅ​ទីក្រុងប៊ែរឡាំង​ បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគីទៀតផង។

ដូច្នេះ ប្រហែលជា​លោកស្រី​​នឹង​ចំណាយពេល​១​​យប់​ដ៏​ស្ងប់ស្ងាត់​ ដើម្បី​ពិសា​ស្រាស និង​ទទួលទាន​អាហារ​ចំណូលចិត្ត​គឺ​ស៊ុប​ដំឡូង​ដ៏​ឆ្ងាញ់៕

លោកស្រី មឺរកែល ចូលចិត្ត​សកម្មភាព​ដាំដុះ​ធ្វើសួនដំណាំ និង​ទទួលទាន​​ម្ហូប​ស៊ុបដំឡូងដ៏ឆ្ងាញ់ពិសា។ AFP