ក្រុងឡាហ្គោស៖​ ធ្វើ​ចលនា​រាំ​តាម​ចង្វាក់​នៃ​ស្គរយក្ស​ស្រោប​ប្លា​ស្ទិ​ក​ មនុស្ស ២ ​នាក់ បានលោត​កញ្ឆេង និង​បង្វិលខ្លួន​ហុយ​ដីទ្រលោម​នៅតាម​ច្រក​វិថី​​​តូច​មួយ​ក្នុង​សង្កាត់​អូរ៉ូវ៉ុនហ្សូស្គី​ជា​តំបន់​ក្រីក្រ​មួយ​នៃ​ក្រុងឡាហ្គោស នៃ​បេះ​ដូង​​សេដ្ឋកិច្ច​ធំ​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា។


នៅ​ផ្ទះ​ឈើ​ដំបូល​ស័ង្កសី​យ៉ាង​តោកយ៉ាក​ អ្នកស្រុក​បានអើត​​ក្បាល​ចេញមក​ក្រៅហើយនាំគ្នាបើក​ភ្នែក​ធំៗ​​សម្លឹង​​មើល​ក្បូន​ដង្ហែការ​រាំរែក​ដ៏​ចម្លែក​នេះ ដែល​​បន្ត​ដំណើរ​ទៅមុខ​សន្សឹមៗ​។

មិនយូរប៉ុន្មានមនុស្ស​ម្នា​ជា​ច្រើន​បាន​មក​ចោមរោម​ និង​​ចូលរួម​ជាមួយ​អ្នករាំគ្រង​ដោយឈុត​​សម្លៀកបំពាក់​​ច្នៃ​ចេញពី​ដប​ប្លា​ស្ទិ​ក​ ដែល​ប្រមូលបាន​ពី​គ្រប់ច្រកល្ហក​នៃ​សង្កាត់ដ៏ក្រីក្រ​នេះ។


អ្នករាំ​ម្នាក់​ដុត​ភ្លើងផ្លុំ ​ក្នុង​ពិធីជប់លៀង​អនាធិបតេយ្យ​នៅ​សង្កាត់អូរ៉ូវ៉ុនហ្សូស្គី​នៃ​ទីក្រុងឡាហ្គោស។ AFP


សូមស្វាគមន៍​មក​កាន់ «ពិធីជប់លៀង​អនាធិបតេយ្យ» (Slum Party) ដែល​​ចាប់ផ្តើម​ជាមួយនឹង​តន្ត្រីការ​រាំនិង​ការ​ផ្លុំភ្លើងសម្ដែង​ដ៏អស្ចារ្យ។


អស់​រយៈពេល ៣ ឆ្នាំមកហើយ​​ក្រុម​អ្នក​សម្ដែង​វ័យក្មេង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ១០ ​នាក់​បានរិះរក​វិធី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ នូវ​​ជីវិត​របស់​អ្នកស្រុកអូរ៉ូវ៉ុនហ្សូស្គី​តាមរយៈ​ការ​រាំ​ និង​សម្ដែង​សិល្បៈ ដោយ​សង្ឃឹមថា សកម្មភាព​នេះ​នឹង​ផ្លាស់ប្តូរ​កេរ្តិ៍ឈ្មោះ​ដ៏អាក្រក់ជា​តំបន់​ងាយ​​​រង​ការវាយប្រហារ​ដោយ​អំពើហិង្សា​។

លោក វ៉ាលូ ស្ថាបនិក «ពិធីជប់លៀង​អនាធិបតេយ្យ» ដែល​ប្រារព្ធ​ឡើង ១ ឆ្នាំម្ដង​បាន​និយាយថា៖ «នៅ​ឆ្នាំ ២០១៩ អូ​រ៉ូ​វ៉ុ​ន​ហ្សូស្គី ​បាន​ប្រឈមមុខ​នឹង​បញ្ហា​សន្តិសុខ​ជាច្រើនហើយ​គ្មាន​នរណាម្នាក់​ហ៊ាន​ចេញទៅ​ក្រៅ​តាមផ្លូវ​ទៀត​ទេ»។

ចុងភៅ​រៀបចំ​អាហារ​សម្រាប់​អ្នករាំនិង​ភ្ញៀវ​ក្នុង​ពិធីជប់លៀងអនាធិបតេយ្យនៅ​ក្រុងឡាហ្គោស។ AFP

បុរស​ជា​អ្នករាំ​អាជីព​ដែលមាន​ឈ្មោះ​ពិត​ថាសាន់ឌេយ អូហ្សេហ្គប៊ី អូប៊ីយ៉ាជូលូ បាន​និយាយថា៖ «យើង​ចាប់ផ្តើម​រាំ​នៅតាម​ផ្លូវដើម្បី​កុំឱ្យ​ប្រជាជន​ភ័យខ្លាច​តទៅទៀតហើយ​ឱ្យពួកគេ​ចាប់ផ្តើម​មានភាពក្លាហាន​ចេញ​ដើរហើរ​តាម​​​ផ្លូវ​ឡើងវិញ»។

សមាជិករាំ​វ័យ ៣៧ ឆ្នាំ ឈ្មោះ ម៉ារថា អ៊ីហ្ស៊េ បាន​និយាយថា៖ «ពីមុន​ខ្ញុំ​សម្ងំ​នៅ​តែផ្ទះ​​ជាមួយ​កូន​របស់ខ្ញុំ​ ប៉ុន្តែ​ឥឡូវនេះ​ដោយសារតែ​ពួកគេ​ [ក្រុម Slum Party] ខ្ញុំ​បាន​ធ្វើ​អ្វីដែល​ប្លែក ទាំង​ពីមុន​មក​ខ្ញុំ​ពុំ​ធ្លាប់មាន​​អារម្មណ៍បែប​នេះ​សោះ»។

លើសពី​ការសម្តែង​សាមញ្ញៗ​អ្នករៀបចំកម្មវិធី​ក៏​ប្រើប្រាស់ ​«ពិធីជប់លៀង​អនាធិបតេយ្យ» ជា​ឧបករណ៍​ផ្សព្វផ្សាយសារ​លើក​កម្ពស់ការយល់ដឹង​ពី​​​នយោបាយផង​ដែរ​។

អ្នករាំ​នៃEnnovate Dance House សម្ដែង​នៅតាម​ផ្លូវ​ក្នុង​ពិធីជប់លៀង​អនាធិបតេយ្យ​។ AFP

អ្នករាំ​ម្នាក់ទៀត​ឈ្មោះ អូឡាមីដេ បាលីឃ្វីន បាន​និយាយ​ដោយ​ចង្អុល​ទៅ​ហ្វូង​កុមារតូចៗថា៖ «យើង​មិន​ចង់​រង​ទុក្ខ​ដូច​ឪពុកម្តាយ​របស់​យើង​ទេហើយ​យើង​ច្បាស់​ជា​មិន​ចង់​ឱ្យ​ពួកគេ​រង​ទុក្ខ​ដូច​យើង​នោះទេ»។

កាលពី​ឆ្នាំមុនវីដេអូ​ដែល​បង្ហាញ​ពីសកម្មភាពស្ថាបនិកកម្មវិធី ឡោក វ៉ាឡូ រាំ​ក្នុង​ភក់​ជ្រាំ​ដ៏ធំ​​នៅ​ចំពោះមុខ​ប៉ូលិសដើម្បី​បរិយាយ​​ពី​ស្ថានភាព​មហន្តរាយ​នៃ​ផ្លូវ​ថ្នល់​នោះត្រូវបាន​វាយប្រហារ​លើ​បណ្តាញ​សង្គម។

លោក​​បាន​និយាយថា៖ «ខ្ញុំ​ចង់​បង្ហាញថា ​អ្នក​អាចរិះគន់​បែបស្ថាបនា និង​ធ្វើ​ឱ្យ​សង្គម​ប្រសើរ​ឡើង​តាមរយៈ​​​សកម្មភាព​​សាមញ្ញ​ៗ​នៅលើ​ដីដូច្នេះ​»៕

អ្នករាំ​នៃEnnovate Dance House សម្ដែង​នៅតាម​ផ្លូវ​ក្នុង​ពិធីជប់លៀង​អនាធិបតេយ្យ​។ AFP