ក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នឹងធ្វើបច្ចុប្បន្នភាពកម្មវិធីរថយន្តរបស់ខ្លួន ដើម្បីការពារអ្នកបើកបរពីការលេងហ្គេមវីដេអូនៅលើឧបករណ៍បញ្ជា ខណៈពេលរថយន្តកំពុងធ្វើចលនា។ នេះបើតាមនិយតករសុវត្ថិភាពចរាចរណ៍របស់សហរដ្ឋអាមេរិកបាននិយាយកាលពីសប្ដាហ៍មុន។
អ្នកនាំពាក្យរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍១ផ្ញើទៅ កាន់ AFP ថា៖ «បន្ទាប់ពីការបើកការវាយតម្លៃបឋមនៃ ''Passenger Play'' របស់ក្រុមហ៊ុន Tesla ក្រុមហ៊ុន Tesla បានជូនដំណឹងដល់ទីភ្នាក់ងារថាខ្លួនកំពុងផ្លាស់ប្តូរមុខងារនៃលក្ខណពិសេសនេះ»។
សេចក្ដីថ្លែងការណ៍នេះបន្តថា៖ «នៅក្នុងការអាប់ដេតកម្មវិធីថ្មី ''Passenger Play'' ឥឡូវនេះនឹងត្រូវបានចាក់សោ និងមិនអាចប្រើប្រាស់បាននៅពេលដែលរថយន្តកំពុងមានចលនានោះទេ»។
ទីភ្នាក់ងារនេះបានប្រកាសថាខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតលើរថយន្ត Tesla ប្រហែល៥៨ម៉ឺនគ្រឿងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងការអនុញ្ញាតឱ្យអ្នកបើកបរលេងនៅលើអេក្រង់ប៉ះរបស់ប្រព័ន្ធកម្សាន្ត ខណៈពេលរថយន្តកំពុងធ្វើចលនា។
ម៉ូដែលដែលរងផលប៉ះពាល់គឺម៉ូដែល 3, S, X និង Y ។
NHTSA បាននិយាយថាជម្រើសដើម្បីចូលរួម Passenger Play នៅលើអេក្រង់ចម្បងអំឡុងពេលបើកបរបានធ្វើឱ្យអ្នកបើកបរងាយនឹងមានការរំខាន និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបាននិយាយនៅមុននេះថា មុខងារលេងហ្គេមត្រូវបានដាក់ដំណើរការមានតាំងពីខែធ្នូ ឆ្នាំ២០២០ នៅក្នុងរថយន្ត Tesla ជាច្រើន ហើយការស៊ើបអង្កេតបន្ទាប់ពីមានពាក្យបណ្តឹងរបស់អតិថិជនត្រូវបានធ្វើឡើងកាលពីដើមឆ្នាំ ២០២១ នេះ។
ពាក្យបណ្តឹងពី Lake Oswego រដ្ឋ Oregon បាននិយាយថា៖ «ហេតុអ្វីបានជាក្រុមហ៊ុនផលិតត្រូវបានអនុញ្ញាតឱ្យបង្កើតវីដេអូបន្តផ្ទាល់ដែលរំខាននិងកាន់កាប់អេក្រង់ជាង២ភាគ៣ដែលអ្នកបើកបរពឹងផ្អែកលើព័ត៌មានអំពីរថយន្តទាំងអស់ដូច្នេះ?»។
យោងតាម NHTSA បានឱ្យដឹងថាការបើកបរមិនប្រុងប្រយ័ត្នបានបណ្តាលឱ្យមានឧប្បត្តិហេតុស្លាប់ចំនួន ៣១៤២ ករណីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩។
ទោះបីជាមានភាពចម្រូងចម្រាសជាច្រើនក៏ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងខ្ពស់ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យប្រធានក្រុមហ៊ុន Elon Musk ក្លាយជាអ្នកមានបំផុតនៅលើពិភពលោកនេះបើយោងតាមទស្សនាវដ្តី Forbes៕ AFP