ភ្នំពេញ​: បងប្អូន​ស្រី​ខ្មែរ ២ ​នាក់ អ៊ី​ដូ និង អ៊ី​យេន ចម ដែល​ធំធាត់​នៅ​តំបន់​ប្រ៊ូ​ក​ឃ្លី​ន នៃ​ក្រុង​ញូវយ៉ក ជា​ស្ថាបនិក​ហាង​លក់​អលង្ការ​អន​ឡាញ​មួយ​ឈ្មោះថា «EdoEyen» ដោយ​ការ​រចនា​គ្រឿងអលង្ការ ដែលមាន​ការ​បំផុសគំនិត​ពី​សិល្បៈ និង​វប្បធម៌​ខ្មែរ​បុរាណ​។​

​ថ្មីៗ​នេះ ស្ថាបនិក​ទាំង​ ២ ​បាន​ចាប់​ដៃគូ​នឹង​សារមន្ទីរ​សិល្បៈ​គ្លី​វើ​លែ​ន រដ្ឋ​អូ​ហា​យ៉ូ សហរដ្ឋ​អាមេរិក ក្នុង​ពិព័រណ៍ «​លាត​ត្រដាង​ព្រះ​ក្រឹ​ស្ណ​៖ ដំណើរ​ទៅកាន់​ដែនដី​គិរី​ស័ក្តិសិទ្ធិ​កម្ពុជា​» ដោយ​ដាក់តាំង​លក់​គ្រឿង​​អលង្ការ​របស់ខ្លួន​ចាប់ពី​ចុងខែវិ​ច្ឆ​កា ឆ្នាំ ​២០២១ រហូតដល់ ថ្ងៃទី​ ៣០ មករា ឆ្នាំ ​២០២២​។

​ពិព័រណ៍​នេះ​លាតត្រដាង​នូវ​រឿងរ៉ាវ និង​ដំណើរ​ការស្ដារ​ជួសជុល​ស្នាដៃ​ដ៏​អស្ចារ្យ​នៅក្នុង​ចំណោម​វត្ថុ​តាំងនៅ​ក្នុង​សារមន្ទីរ រួមមាន​រូបចម្លាក់​ព្រះ​ក្រឹ​ស្ណ​ទ្រ​ភ្នំ​គោ​វ​ធ៌​ន​។​


​អ៊ី​ដូ ចម ជា​បងស្រី​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​ការ​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​ថា​៖ «​យើង​ពិតជា​រំភើប​ជាមួយ​ការ​ចាប់ដៃ​គូ​លើ​គម្រោង​នេះ​។ អ្នករៀបចំ​ចាត់ចែង​ពិព័រណ៍​សិល្បៈ នេះ សុន​យ៉ា រី​ម៉េ​ស បាន​ចាប់​​អារម្មណ៍​លើ​ក្រវិល នាងនាគរបស់​យើង​ក្រោយពី​ឃើញ អ្នកស្រី អ៊ឹ​ង លឿង អ្នកនិពន្ធ "​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​" ពាក់​វា​»​។

អ៊ី​យេន ចម ជា​ប្អូនស្រី​បន្ថែមថា​៖ «​គោលដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​អភិរក្ស​សិល្បៈ​ខ្មែរ​បុរាណ​។ ដូច្នេះ​នៅពេល​យើង​ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​នេះ យើង​សប្បាយចិត្ត​ដែល​យើង​ហាក់​កំពុង​ឈានទៅ​មុខ​ជិត​ទិសដៅ​របស់​យើង​»​។​


អ៊ីដូ និង អ៊ីយេន ចម ពាក់ក្រវិលផ្កាឈូក​ដ៏​ស្រស់ស្អាតពី​​ហាងអលង្ការ​ EdoEyen។ រូបថត សហការី

​ជំនួញ​របស់​បងប្អូន​ស្រី​ខ្មែរ​អាមេរិក​ទាំង ​២ ​រូប គឺជា​ហាង​សិល្បៈ​ខ្មែរ​បុរាណ​ដ៏​កម្រ​មួយ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក​។ តាមរយៈ​ស្នាដៃ​ពី​រចនាប័ទ្ម​អត្តសញ្ញាណ​របស់​អាណាចក្រ​ខ្មែរ​ដ៏​រុងរឿង ពួកគេ​សង្ឃឹមថានឹង​ទទួល​បានការ​​ចាប់អារម្មណ៍​ច្រើន​ពី​ជនជាតិ​​អាមេរិក ដែល​មិនសូវ​បាន​ប្រទះ​នឹង​សិល្បៈ​បែបនេះ​។​

​យ៉ាងណាមិញ និយាយ​ពី​ចំណុច​ផ្ដើម​ដែលនាំឱ្យ​បងប្អូន​ស្រី​ខ្មែរ ទាំង ​២ បង្កើត ហាង​នេះ​ឡើង គឺ​ដោយសារ​អ្នក​ទាំង ២ ​ដក់ចិត្ត​ជាមួយនឹង​មរតក​ខ្មែរ ប្រាសាទ របាំ រួមទាំង​រឿង​​និទាន ដែល​អ្នក​ម្ដាយ​ពួកគេ​តែង​តំណាល​ឱ្យស្ដាប់ ហើយ​ពួកគេ​ក៏​ជក់ចិត្ត​នៅពេល​ឃើញ​គ្រឿង​លម្អ​នៅលើ​តួអង្គ​ទាំង​​នោះ​តាំងពី​នៅ​ក្មេងៗ​។​

​អ៊ី​ដូ រំឭក​ប្រាប់ថា​៖ «​នៅពេលយើង​ឃើញ​ព្រះ​នាង​​ម្ចាស់ ឬ​អប្សរា​ពាក់​គ្រឿង​​អលង្ការ​ទាំងអស់នោះ យើង​ចង់យក​វា​មក​ពាក់​ក្នុង​ជីវិត​ប្រចាំថ្ងៃ តែ​វា​ហាក់ដូច​បុរាណ និង​លក្ខណៈ​ប្រពៃណី​ពេក​។ ប៉ុន្តែ​ចំណុច​នេះហើយ ដែលនាំឱ្យ​យើង​មានគំនិត​ច្នៃ​វា​ក្នុង​ការរក្សា​នូវ​វប្បធម៌​របស់​យើង ហើយ​មាន​បញ្ចូល​ភាព​ទាន់​​សម័យ​»​។​

​ចំណុច​នេះ​ផងដែរ ដែល​អ្នក​ទាំង ​២ អះអាងថា ជា​លក្ខណ​​ពិសេស​របស់​ហាង​។ ពួកគេ​ថា​អតិថិជន​អាច​ពាក់​អលង្ការ​របស់​ពួកគេ​បាន​គ្រប់​ទីកន្លែង ទៅ​ជួប​ជាមួយ​មិត្តភក្តិ ញ៉ាំ​អាហារ​ពេល​ល្ងាច ទៅ​ទិញ​ទំនិញ ឬ​ពាក់​ទៅធ្វើ​ការ ប្រសិនបើ​ពួកគេ​ចង់​មាន​ភាព​លេចធ្លោ ជាមួយ​គ្រឿង​លម្អ​កាយ​ដែល​ទាក់ទាញ​ភ្នែក ឬ​អាច​ទុក​ពាក់​ក្នុងឱកាស​ពិសេស​ក៏បាន​។​

អ៊ី​យេន និយាយថា​៖ «​យើង​ចង់ឱ្យ​អ្នក​ពាក់​មាន​អារម្មណ៍​ស្រស់ស្អាត ទាក់ទាញ ទាន់​សម័យ ជឿជាក់ ហើយ​សំខាន់បំផុត គឺ​ចង់ឱ្យ​បងប្អូន​ខ្មែរ​មាន​មោទនភាព​នៅពេល​ពាក់​គ្រឿងអលង្ការ​របស់​យើង​»​។​

​បងប្អូន​ស្រី​អ្នក​ច្នៃ​ម៉ូដ​ទាំង ​២ ​រំភើប​ណាស់ ដែល​ស្ទើរតែ​គ្រប់គ្នា​បាន​កោតសរសើរ​ពេល​ឃើញ​គ្រឿងអលង្ការ​របស់​ពួកគេ ដោយ​លើកឡើងថា​៖ «​យើង​តែងតែ​សុបិន​ចង់​ស្លៀក​ឈុត​នេះ ​កាលពី​ក្មេង​! យើង​តែងតែ​ចង់បាន​គ្រឿងអលង្ការ​ប្រភេទ​នេះ​ឱ្យមាន​ភាពទំនើប​ទាន់សម័យ​! យើង​ពិតជា​គាំទ្រ​ស្នាដៃ​នេះ​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌​ខ្មែរ​យើង​»​។​

​វត្ថុ​ធាតុ​ដែល​ប្រើប្រាស់​ក្នុង​គ្រឿងអលង្ការ ពួកគេ​ធ្វើការ​ជាមួយ​អង្គការ United Precious Metal Refining ដោយ​អង្គការ​នេះ​ប្រើប្រាស់​តែ​គ្រឿង​កែច្នៃ និង​មាន​ផល​​ប៉ះពាល់​តិចតួច​ទៅ​បរិស្ថាន​។

​អ្នក​ទាំង​ ២ ​ក៏​កំពុងធ្វើការ​ជាមួយ​អ្នក​រចនា​គ្រឿងអលង្ការ​នៅ NYC និង​អ្នក​ចែកចាយ​ត្បូង ដែល​រក​ប្រភព​ត្បូង​ទទឹម និង​ត្បូង​មរកត​ពី​ប្រទេស​ឥណ្ឌា និងអាហ្វ្រិ​ក​។​

​បច្ចុប្បន្ន អ៊ី​យេន បានឱ្យដឹង​ដែរ​ថា ហាង​មានការ​ដំណើរការ​ទៅតាម​អ្វីដែល​ពួកគេ​អាច​គ្រប់គ្រង​បាន ដោយ​ផ្ដោតទៅលើ​ការផលិត ការលក់ និង​និង​ទីផ្សារ​ឱ្យបាន​ហ្មត់ចត់ ព្រោះ​ពួកគេ​ចង់ឱ្យ​ច្បាស់​ថា ចំណូល​​ចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ទាំង​​អស់នេះ​ ត្រូវបាន​បញ្ចូល​ទៅក្នុង​គ្រឿងអលង្ការ​របស់​ពួកគេ​។

​អ៊ី​យេន បាន​លើកឡើងថា​៖ «​យើង​រីករាយ​ណាស់ ដែល​បានទទួល​ភ្ញៀវ​ជាង​ ៥០​ រដ្ឋ​នៅ អាមេរិក និង​កាន់តែ​សាយ​​ភាយ​ទៅ​ទី​បន្តបន្ទាប់​ទៀត​»​។​

​គ្រឿងអលង្ការ​មានតម្លៃ​ចាប់​​ពី ១៤០ ​ដុល្លារ ទៅជាង ៤ ​ម៉ឺន​ដុល្លារ ទៅតាម​ម៉ូដ និង​លោហ​​ធាតុ​។ ស្នាដៃ​ការងារ​ដំបូង​គឺមាន គ្រឿងអលង្ការ​លើ​មុខ រួមមាន​ក្រវិល​កៀប​ត្រចៀក ក្រវិល និង​មកុដ​។

​ស្នាដៃ​បន្ទាប់​គឺ​អលង្ការ​នៅ​ដៃ រួមមាន​ចិញ្ចៀន​អ​រូបិយ (Aroubei) ត្បូង​ទទឹម ត្បូង​​មរកត កង​រុំ​ដៃ និង​កងដៃ​។ គ្រឿងអលង្ការ​លើ​ខ្លួន​នឹង​ជា កម្រង​ច្នៃ​ម៉ូដ​បន្ទាប់ ដោយ​ក្នុងនោះ​រួមមាន​ខ្សែក ដែល​អ្នក​ទាំង​ ២​ កំពុងធ្វើការ​ច្នៃ​វា​ឡើង​។​

​យ៉ាងណាមិញ អ៊ី​ដូ ថា បញ្ហា​ប្រឈម​មាន​ច្រើន ហើយ​ក្នុងនោះ​ គឺ​ការស្វែងរក​ក្រុម​ជួយ​ធ្វើឱ្យ​គំនិត​រចនា​ចេញពី​សិល្បៈ​ខ្មែរ​ពិតប្រាកដ​នេះ មានជីវិត​រស់​រវើក ដោយ​មិន​សាញ​នឹង​ការ​ឌី​ហ្សា​ញ​ស្មុគស្មាញ​។​

អ៊ី​ដូ បានឱ្យដឹងថា​៖ «​ដូចជា​ខ្សែក​នេះ​វា​ប្លែក​ថ្មី​មិន​ធ្លាប់​មាននៅ​ញូវយ៉ក ធ្វើឱ្យ​ពួកគេ​សាញ​ក្នុងការ​ធ្វើការ​ស្រាវជ្រាវ និង​ផលិត​ឱ្យ​យើង​។ យើង​បានតែ​គិតថា យើង​នឹង​អា​ចរក​ក្រុម​ដែល​ស្ម័គ្រចិត្ត​ជួយ​ឱ្យ​គំនិត​រចនា​របស់​យើង​ចេញ​ជា​រូបរាង​ឆាប់ៗ និង​ជា​ម្នាក់​ដែល​យល់​ពី​តម្លៃ បំណង ចិត្ត និង​បេសកកម្ម​របស់​ហាង​យើង​ច្បាស់​»​។​

​អ៊ី​ដូ ថា បច្ចុប្បន្ន​ពួកគេ​ជា​ហាង​អន​ឡាញ​តូច​មួយ ហើយ​មិន​ចង់​គិត​វែងឆ្ងាយពេក​ទេ តែ​នឹង​ផ្ដោត​ទីផ្សារ​ក្នុងស្រុក​។ រីឯ​ការពង្រីក​ទៅ​អន្តរជាតិ ពួកគេ​នឹង​រង់ចាំ​ដល់ពេល​ពួកគេ រឹងមាំ​ធនធាន​ហិរញ្ញវត្ថុ​សិន​។​

​អ៊ី​យេន បាន​សង្កត់ធ្ងន់ថា​៖ «​យើង​ចង់​បញ្ជាក់ថា បេស​ក​កម្ម​របស់​យើង​ គឺ​អភិរក្ស​វប្បធម៌​របស់​យើង ដោយ​នាំ​អលង្ការ ដែល​ធ្លាប់​ពាក់​តែ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍ និង​ក្នុងការ​​សម្ដែង​បុរាណ​ដែល​បាត់បង់នោះមក​វិញ​។ យើង​គិតថា ​វាស្រស់ស្អាត​ពេក មិន​សម​នឹង​ទុកចោល ឬ​គ្រាន់តែ​រីករាយ​ពាក់​វា​បានតែ​ម្ដងម្កាល​ទេ​។ ​យើង​រិះរក​វិធី​ធ្វើឱ្យ​យើង​អាច​ពាក់​វា​បាន​រាល់ថ្ងៃ និង​ពោរពេញ​ដោយ​ភាពទាន់សម័យ​»​។

​ស្វែងយល់​ពី «EdoEyen» ក្នុង​អ៊ី​ន​ស្តា​ក្រាម instagram.com/edoeyen/ និង​វេ​ប​សាយ www.EdoEyen.com៕