មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វ័រ​នីញ៉ា​ សម្ពោធ​ពិព័រណ៍​អាណាចក្រ​អង្គរ​

Content image - Phnom Penh Post
ពិព័រណ៍​ប្រើ​បច្ចេកវិទ្យា​​នាំទស្សនិកជន​វិលត្រឡប់ទៅ​អាណាចក្រអង្គរ​​។ រូបថត Facebook @CaliforniaScienceCenter

​ភ្នំពេញ: ការសម្ពោធ​លំដាប់​ពិភព​លោក​នូវ​ពិព័រណ៍ «​អង្គរអាណាចក្រ​បាត់បង់​នៃ​កម្ពុជា​» នឹងត្រូវ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វ័រ​នីញ៉ា​ថ្ងៃទី ​១៦ ខែកុម្ភៈ​។​

​យោងតាម PRNewswire វត្ថុ​បុរាណ​ចំនួន ​១២០ ដែល​ក្នុងនោះ​ចំនួន​ពាក់កណ្ដាល ​គឺជា​បេតិកភណ្ឌ ដែល​ធ្វើដំណើរ​ចេញពី​កម្ពុជា​ជា​លើកដំបូង​សម្រាប់​ការដាក់​តាំង​បង្ហាញ​។​

​ទស្សនិកជន​ក៏​នឹង​ទទួលបាន​បទ​ពិសោធ​ពី​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ ដែល​នាំ​ពួកគេ​វិល​ទៅកាន់​អាណាចក្រ​​អង្គរ​ដើម្បី​ស្វែងយល់​បន្ថែម​។​

​ប្រធាន និង​អគ្គនាយក​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វ័រ​នីញ៉ា លោក ជេ​ហ្វើ​រី អេ​ន រូ​ដូ​ហ្វ ត្រូវបាន​ដកស្រង់​សម្ដី​ដោយ ​PRNewswire ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សារមន្ទីរ​ជាតិ​កម្ពុជា និង​សារមន្ទីរ​ដៃគូ​ក្នុង​ការសម្ពោធ​ពិព័រណ៍​លំដាប់​ពិភពលោក​នេះ ​នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​កាលីហ្វ័រ​នីញ៉ា​»​។​

Content image - Phnom Penh Post
ពិព័រ​ណ៍​នឹង​បង្ហាញវត្ថុតាង​​ចំនួន ១២០​​។ រូបថត Facebook @CaliforniaScienceCenter

​អង្គរ​ដែល​ត្រូវបាន​ចាត់ទុកជា​បណ្ដុំ​អរិយធម៌​នៃ​ពិភពលោក ជា​ទឹកដី​មាន​ប្រាសាទ​ជាង ​១០០ ​ហ៊ុមព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​យ៉ាង​ស្ងប់ស្ងាត់​។​

​អ្នកទស្សនា​ពិព័រណ៍​ក៏​នឹង​អាច​ស្វែងយល់​ពី​បច្ចេកវិទ្យា​បុរាណវិទ្យា​ក្នុងការ​ស្វែងយល់​ពី​សិលាចារឹក ការថត​រូបភាព​ពីលើ​អាកាស និង​ការប្រើ​ឡា​ហ្សែ​៊​រ​ក្នុងការ​សិក្សា​វិភាគ ដើម្បី​ពង្រីក​ចំណេះដឹង​ពី​ស្ថាបត្យកម្ម ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស បរិស្ថាន និង​ភាព​អស្ចារ្យ​នៃ​វប្បធម៌​អាណាចក្រ​មួយ​នេះ មុននឹង​ឈានដល់​អនាគត​។​

​លោក​បាន​បន្តថា​៖ «​វា​បង្ហាញ​យ៉ាង​ស៊ីជម្រៅ​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​អាច​បន្ថែម​ការយល់ដឹង​របស់​យើង​ពី​បុរាណ​​កាល និង​រក្សា​បេតិកភណ្ឌ​វប្បធម៌​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។​

​ពិព័រណ៍​អាណាចក្រ​អង្គរនឹង​ចាប់​​ផ្ដើម​ពីថ្ងៃ​ទី ​១៦ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ៥ ខែ កញ្ញា ឆ្នាំ ​២០២២ ជាមួយ​តម្លៃ​សំបុត្រ​ម្នាក់ ​២៥,២៥​ ដុល្លារ សម្រាប់​ការចូល​ទស្សនា​ពិព័រណ៍ និង​ទស្សនីយភាព 3D IMAX លើ​អេក្រង់​យក្ស​កម្ពស់​ស្មើ​ផ្ទះ ៧ ​ជាន់​។ ពិព័រណ៍​នេះ​នឹង​បន្តធ្វើ​ដំណើរ​ទូទាំង​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងទៀត​៕

Content image - Phnom Penh Post
មជ្ឈមណ្ឌលវិទ្យាសាស្ត្រ​កាលីហ្វ័រនីញ៉ា​​។ រូបថត Facebook @CaliforniaScienceCenter

វីដេអូ៖

ព័ត៌មានថ្មីៗ