ក្រុងឡូសអេនជឺលេស: តារាល្បីល្បាញបំផុតលើបណ្ដាញសង្គម និងជាអ្នកជំនួញដ៏ជោគជ័យ ខាយលី ជេន្នើរ (Kylie Jenner) ជាសមាជិកគ្រួសារត្រកូល កាដាសៀន បានក្លាយជាស្ដ្រីមានអ្នកចុច follow ច្រើនបំផុតលើអ៊ីនស្តាក្រាមដោយមានចំនួនអ្នកគាំទ្រលើស ៣០៣ លាននាក់។
អ្នកមានឈ្មោះក្នុងសង្គមវ័យ ២៤ ឆ្នាំ បានផ្ដួលតារាចម្រៀងប៉ុប អារីយ៉ាណាហ្គ្រេនដេស៍ (Ariana Grande) ដើម្បីគ្រងតំណែងស្ដ្រីដ៏មានប្រជាប្រិយបំផុតនៅលើកម្មវិធីទូរស័ព្ទ។ បុគ្គលមានអ្នកគាំទ្រច្រើននៅលើ Instagram ច្រើនបំផុតទូទាំងពិភពលោកនៅតែតារាបាល់ទាត់ រ៉ូណាល់ដូ ជាមួយអ្នកគាំទ្រជាង ៣៩២ លាននាក់។ តារាបាល់ទាត់រួមអាជីព មេសស៊ី ក៏មានអ្នកគាំទ្រជាង ៣០០ លាននាក់ផងដែរ។
ខាយលី ជេន្នើរ បានកើនប្រជាប្រិយភាពជាផ្នែកមួយនៃកម្មវិធី «Keeping Up with the Kardashians» ដោយបានបង្ហាញវត្ដមានជាមួយបងប្អូនស្រីឪពុកទីទៃ ម្ដាយតែមួយ ត្រកូល កាដាសៀន។
នាងបានបន្ដជោគជ័យលើជំនួញផលិតផលគ្រឿងសម្អាងថែសម្ផស្ស Kylie Cosmetics ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនរកចំណូលបានច្រើនបំផុតក្នុងពិភពលោក។
ជេន្នើរ បានប្រកាសលើអ៊ីនស្តាក្រាមកាលពីខែតុលាថា នាងមានផ្ទៃពោះកូនទី២។ នាងមានកូនស្រីម្នាក់ជាមួយដៃគូចាស់ ត្រាវីស ស្កុត (Travis Scott) ជាតារារ៉េបដែលសម្ដែងនៅមហោស្រពតន្ដ្រី Astroworld ក្នុងទីក្រុងបូស្ដុន កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ពេលហេតុការណ៍មានអ្នកគាំទ្ររត់ជាន់គ្នាស្លាប់ ១០ នាក់។
ក្រោយសោកនាដកម្មនេះ ជេន្នើរ ទើបតែចាប់ផ្ដើមសកម្មលើបណ្ដាញសង្គមវិញនៅថ្ងៃទី ២៤ ខែធ្នូ ក្នុងការបង្ហោះរូបម្ដាយរបស់នាង និងរូបពពោះរបស់នាង៕ AFP/HR