ភ្នំពេញៈ នារយៈពេល ១ ខែ សាធារណជនដែលរស់នៅក្នុងរាជធានីភ្នំពេញ នឹងអាចទស្សនាការតាំងពិព័រណ៍ចំនួន ៣ កន្លែងផ្សេងៗគ្នា ដែលវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ រដូវកាលវប្បធម៌ដំបូង ជាកម្មវិធីប្រចាំឆ្នាំ ដោយបង្ហាញពីវដ្តនៃស្ថាបត្យកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការតាំងពិព័រណ៍ទាំងនេះ ត្រូវបានអមដោយវដ្តនៃសន្និសីទវេទិកាតុមូល ការបញ្ចាំងខ្សែភាពយន្ត និងវដ្តស្ថាបត្យកម្ម ក៏ដូចជាដំណើរទស្សនាតាំងពិព័រណ៍អមដោយអ្នកសម្របសម្រួល មានទីតាំងនៅសារមន្ទីជាតិនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងនៅវិទ្យាស្ថានបារាំង។
បើយោងតាមលោក ឆុន ប៊ុនឈឿន បុគ្គលិកផ្នែកទំនាក់ទំនងព័ត៌មាន នៃវិទ្យាស្ថានបារាំងនៅកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «សម្រាប់រដូវកាលវប្បធម៌ដំបូងរបស់ខ្លួន ដែលមានចំណងជើងថា «ភ្នំពេញទីក្រុងមានជីជាតិ» វិទ្យាស្ថានបារាំងនៅកម្ពុជា នឹងបើកការតាំងពិព័រណ៍ចំនួន ៣ នៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២។ ពិព័រណ៍ឈ្មោះថា «AJAP ជាកម្រងរូបថតនៃស្ថាបត្យករវ័យក្មេង និងទេសភាពឆ្នាំ ២០១៨» ប្រារព្ធធ្វើនៅទីតាំងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ https://bit.ly/3rdLI1A ចាប់ពីម៉ោង ១០ ព្រឹក។ ពិព័រណ៍ «ការប្រកួតប្រជែងស្ថាបត្យកម្មការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃច្រាំងទន្លេមេគង្គ» ធ្វើនៅសារមន្ទីរជាតិ https://bit.ly/3r6oASp នៅម៉ោង ៤ ល្ងាច។ ចំណែកឯពិព័រណ៍ «បង្កើតមន្តស្នេហ៍ពិភពលោកជាថ្មី» នៅវិទ្យាស្ថានបារាំង https://bit.ly/3qhx9dK ធ្វើវេលាម៉ោង ៦ និង ៣០ នាទីល្ងាច»។
លោក ឆុន ប៊ុនឈឿន បានបន្តថា៖ «រដូវកាលវប្បធម៌ដំបូង ដែលមានចំណងជើងថា «ភ្នំពេញទីក្រុងមានជីជាតិ» រៀបចំដោយវិទ្យាស្ថានបារាំងនៅកម្ពុជា បើកការតាំងពិព័រណ៍ នៅថ្ងៃព្រហស្បតិ៍ ទី ២០ ខែ មករា ឆ្នាំ ២០២២ រួមគ្នាក្នុងថ្ងៃតែ ១ នៅទីតាំងនៃទីកន្លែងបើកពិព័រណ៍ទាំង ៣។ ការតាំងពិព័រណ៍ផ្សេងៗ ក្នុងវដ្តនេះ មានគោលបំណង ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់គំរូលំនៅឋានថ្មី ដោយគិតគូរអំពីបញ្ហាបរិស្ថាន និងសេដ្ឋកិច្ច និងការផ្លាស់ប្តូរ ដែលមានឥទ្ធិពលដល់សង្គមបច្ចុប្បន្ន»។
ការតាំងពិព័រណ៍អាចចូលទស្សនាឥតគិតថ្លៃ និងបើកចំហសម្រាប់ទាំងអស់គ្នា ចាប់ពីថ្ងៃទី ២០ ខែមករា បន្តរហូតដល់ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២២។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី «ភ្នំពេញទីក្រុងមានជីជាតិ» អាចចូលតាមតំណភ្ជាប់ https://bit.ly/3FflrVs។
វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) គឺជាភ្នាក់ងាររបស់ក្រសួងការបរទេសបារាំង និងការអភិវឌ្ឍអន្តរជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ សកម្មភាពវប្បធម៌ នៅខាងក្រៅប្រទេសបារាំង។ វិទ្យាស្ថានដើរតួនាទីសំខាន់ ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ក្នុងវិស័យវប្បធម៌ សិល្បៈ ការអប់រំ និងបណ្តុះបណ្តាល។ វិទ្យាស្ថានផ្តល់ជូនកម្មវិធីផ្សេងៗគ្នាពេញ ១ ឆ្នាំរួមមានការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត ការប្រគំតន្ត្រី សន្និសីទ ជាមួយនឹងបេសកកម្មផ្សព្វផ្សាយ វប្បធម៌បារាំង សិល្បៈទស្សនីយភាព ភាពយន្ត តន្ត្រី អក្សរសិល្ប៍ ភាសាបារាំង ការចម្អិនអាហារ និងសិល្បៈនៃការរស់នៅក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍ និងការផ្លាស់ប្តូរវប្បធម៌៕