សិប្បករ​មាន​ពិការភាព​ដែល​ត្រូវបាន​គេ​មើល​រំលង​នៅ​ជប៉ុន​តតាំង​រក​សមភាព​បម្រើ​ការងារ​

Content image - Phnom Penh Post
ជនមានពិការភាព​ បម្រើការ​នៅ​កន្លែង​សិប្បកម្ម​ផលិត​វត្ថុអនុស្សាវរីយ៍ កន្សែងបង់ក និង​គ្រឿង​កែវ។ រូបថត AFP

​ក្រុង​តូ​ក្យូ: ក្នុង​តំបន់​ដ៏​មាន​ប្រជា​ប្រិយភាព​នៃ​ទីក្រុង​តូ​ក្យូ អតិថិជន​អាច​ស្វែងរក​ទំនិញ​តូចៗ​នៅ​ហាង Majerca ដែល​លក់​ផលិតផល​សិប្បកម្ម​ចាប់ពី​កន្សែង​ត្បាញ​រហូតដល់​គ្រឿង​​កែវ​ដោយ​ស្នាដៃ​ជន​មាន​ពិការភាព​។

​ទោះ​ក្នុងនាម​ជា​ប្រទេស​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​កបាន​ ២​ ដង និង​ការ​ប្ដេជ្ញា​ជា​សាធារណៈ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើសមាហរណកម្ម​ជន​មាន​ពិការភាព​យ៉ាងណាក៏ដោយ ក៏​សកម្មជន និង​អ្នកជំនាញ​និយាយថា កន្លែង​ការងារ​នៅ​ប្រទេស​ជប៉ុន​ នៅតែមាន​ការលំបាក​ចំពោះ​ពួកគេ​។

​យោងតាម​លោក មី​ហូ ហាត់​តូ​រិ ដែល​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ផលិត​មួយចំនួន​នៅ​រោង​សិប្បកម្ម​មួយ​ដែល​ផ្គត់ផ្គង់​ឱ្យ​ហាង Majerca បាន​និយាយថា នោះ​ជាការ​បាត់បង់​ដ៏​ធំ​សម្រាប់​សង្គមជាតិ​។

​លោក ហាត់​តូ​រិ បាន​ប្រាប់ថា​៖ «​បុគ្គលិក​ខ្លះ​នៅទីនេះ​ធ្លាប់​ធ្វើការ​ជាង ៣០​ ឆ្នាំ​មកហើយ ហើយ​ពួកគេ​មាន​បទពិសោធ​ច្រើន ដែល​យើង​គួរតែ​ចាត់ទុក​ពួកគេ​ជា​អ្នកសិល្បៈ​»​។

​បុគ្គលិក​ជាច្រើន​នាក់​ដែលមាន​ពិការភាព​ផ្នែក​ប្រាជ្ញា​ស្មារតី​បម្រើការ​នៅ​ទីនោះ​។ នៅ​ទីកន្លែង​មួយ បុរសៗ​ចាក់ពុម្ព និង​សង្កត់​ក្រណាត់​ធ្វើ​កាត ខណៈ​នៅ​កន្លែង​ផ្សេង ស្ដ្រី​ម្នាក់​បង្វិល​អំបោះឆៅ ហើយ​អ្នកដទៃ​រៀបចំ​ឧ​ប​ករ​ណ៍​តម្បាញ​លើ​កី​ឈើ ដើម្បី​បង្កើតជា​សាច់​ក្រណាត់​ដ៏​ស្រស់ស្អាត​។

​អ្នកនាង អា​យ៉ា​ម៉េ កា​វ៉ា​សា​គិ អាយុ ២៨ ​ឆ្នាំ ដែលមាន​ពិការភាព​អាប់​បញ្ញា បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​កំពុង​ផលិត​សាច់​ក្រណាត់​ ដើម្បី​ធ្វើជា​កន្សែង​បង់​​ក ដោយ​ត្បាញ​ពី​សរសៃអំបោះ​»​។

​រោង​សិប្បកម្ម​លក់​កាបូប និង​កន្សែង​បង់ក ទៅតាម​ហាង និង​វិចិត្រសាល​នានា ដោយ​វត្ថុ​សិប្បកម្ម​ទាំងនោះ​មានតម្លៃ​រាប់ពាន់​យ៉េន​។

​លោក​បាន​និយាយថា​៖ «​ជួនកាល​ខ្ញុំ​បាន​បង្កើន​ថ្លៃ ៥ ​ដង​លើ​វត្ថុ​មានតម្លៃ​តែ ៥០០ ​យ៉េន ​(១ ៧០០ ​រៀល​)»​។

Content image - Phnom Penh Post
របស់លេង​ដែល​ផលិត​ដោយសិប្បករ​មាន​ពិការភាព​ផ្នែក​បញ្ញា​។ រូបថត AFP

​ក្រុមហ៊ុន​ហ្វា​ស្សិន Heralbony ដែល​កាក់កប​នឹង​ផលិតផល​គ្រឿង​​តុបតែង​កាយ​ទាន់សម័យ​ដោយ​ធ្វើ​​ការ​ជាមួយ​អ្នក​ឌី​ហ្សា​ញ​ប្រមាណ ១៥០ ​នាក់ ដែលមាន​ពិការភាព​បញ្ញា ក៏បាន​ដាក់​តម្លៃ​ផលិតផល​របស់ខ្លួន​ក្នុង​កម្រិត​ស័ក្ដិសម​នឹង​កម្លាំង​ពលកម្ម​ជន​មាន​ពិការភាព​ផងដែរ​។

​ក្រុមហ៊ុន​បាន​លក់​ក្រវាត់ក​តម្លៃ ២៤ ២០០ ​យ៉េន (២២១​ ដុល្លារ​) និង​និង​ខោ​មានតម្លៃ​ខ្ពស់ជាង​នេះ​។​

​ស្ដ្រី​អ្នកនាំពាក្យ មី​យូ​ណា កា​ស្ស៊ុ​កា ចាត់ទុក​តម្លៃ​សិប្បកម្ម​ជន​មាន​ពិការ​​ភាព​នេះ​ថា​៖ «​វា​ពិតជា​សមរម្យ​»​។

​ហើយ​នៅ​ហាង Majerca ស្ថាបនិក​មី​ស្ស៊ុ​ហ៊ី​រ៉ុ ហ្វូ​ជី​ម៉ូ​តុ ជឿថា ការបង្ហាញ​ផលិតផល​របស់​សិប្បក​រ​មាន​ពិការ​​ភាព​នឹង​ជួយ​ទប់ទល់​ការរើសអើង​ក្នុង​វិស័យ​ការងារ​។

​លោក​បាន​និយាយថា​៖ «​ដោយ​ការ​​ចូល​ទស្សនា​នៅ Majerca ខ្ញុំ​រំពឹងថា មនុស្ស​ម្នាក់​នឹង​មើលឃើញ​នូវ​អ្វីដែល​ពួកគេ​ធ្វើ និង​អ្វីដែល​ពួកគេ​អាចធ្វើ​បាន ហើយ​ចាប់ផ្ដើម​គិតថា តើ​ពួកគេ​ត្រូវបាន​ចាត់ទុកជា​បុគ្គលិក​ដូច​គេ​​ដូច​ឯង​ដែរ​ឬ​អត់​?»៕ AFP/HR

ព័ត៌មានថ្មីៗ