ភ្នំពេញ: ទស្សនីយភាព​សម្ដែង​សិល្បៈ​ជាច្រើន​ប្រភេទ រួមមាន​របាំ​នេសាទ របាំ​ក្ងោក​សិល្ប៍​ ​និង​របាំ​ជា​​ច្រើន​ទៀត​នឹងត្រូវ​បានផ្ដល់​ជូន​សាធារណជន​ទស្សនា​ដោយ​សេរី​នៅ​ខាងក្រៅ​អគារ​វិទ្យាស្ថាន​វប្បធម៌​​បារាំង​នៅ​កម្ពុជា នៅ​ល្ងាច​ម៉ោង ​៦ និង ​៣០​ នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​ ១០ ខែ កុម្ភៈ ឆ្នាំ ​២០២២ ស្អែក​នេះ​។

​អំឡុងពេល​ទប់ស្កាត់​ការរីក​រាល​​ដាល​នៃ​ជំងឺ​កូ​វីដ សិល្បករ​-​សិល្បការិនី​ក៏ដូចជា​កម្មវិធី​សម្ដែង​សិល្បៈ​មួយចំនួនធំ​ត្រូវបាន​ផ្អាក និង​លុបចោល​។ ដូច្នេះ​ការ​ទស្សនា​ផ្ទាល់​នូវ​ការសម្ដែង​របាំ​ជាច្រើន​ប្រភេទ​ក្នុង​រាត្រី​តែ​ ១​ ពិតជា​ឱកាស​ដ៏​កម្រ​ពុំគួរ​នឹង​រំលង​។​

​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ដែលមាន​អាយុកាល ៣ ​ទសវត្សរ៍​មកហើយ តែ​ផ្តល់ជូន​អ្នក​នូវ​ការផ្តល់ជូន​កម្មវិធី​សិល្បៈ​វប្បធម៌​ក្នុង​ទម្រង់​ខុសៗ​គ្នា​ពេញ​ ១​ ឆ្នាំ មិន​ថា​ជា​ទស្សនីយភាព​សម្ដែង ភាពយន្ត ពិព័រណ៍ និង​សកម្មភាព​តន្ត្រី​នានា​នោះទេ​។​


​នៅក្នុង​សំណេរ​ប្រកាស​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​វេ​ប​សាយ វិទ្យាស្ថាន​​បារាំង​​កម្ពុជា បាន​អំពាវនាវ​ថា​៖ «​សូម​អញ្ជើញ​ប្រិយមិត្ត​ទាំងអស់គ្នា​មក​ស្វែងយល់​ពីរ​បាំ​ប្រពៃណី​ខ្មែរ នាពេល​រាត្រី​មួយ​ដ៏​អស្ចារ្យ​!»​។​

​របាំ​ចំនួន ១០ ​ប្រភេទ​ខុសៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា ​មក​ពី​តាម​តំបន់ និង​ទម្រង់​ប្រពៃណី​ផ្សេងៗ​គ្នា ដោយមាន​អ្នករាំ​ប្រមាណ ៤០ ​នាក់ ដែល​ត្រូវ​សម្តែង​នៅលើ​ឆាក សម្រាប់​រាត្រី​ដ៏​ពិសេស​នៅ​ខាងក្រៅ​ក្នុង​បរិវេណ​សួនច្បារ​នៃ​វិទ្យាស្ថាន​។​


​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ប្រពៃណី​។ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ តែងតែបាន​ឆ្លុះបញ្ចាំង​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជំនឿ វប្បធម៌​ប្រពៃណី​របស់​ប្រជាជន ជាពិសេស​អ្នករស់នៅ​ទីជនបទ​។

​សម្រាប់​ប្រជាជន​ទាំងនោះ ដែល​រស់នៅ​តំបន់​ខ្ពង់រាប តំបន់ភ្នំ ឬ​អ្នក​ដែល​រស់នៅ​ជុំវិញ​ទន្លេ និង​សមុទ្រ ពួកគាត់​មាន​ប្រពៃណី និង​ជំនឿ​សាសនា​ខុសប្លែកគ្នា​ជាច្រើន​ត្រូវបាន​បង្ហាញ​តាមរយៈ​របាំ​ផងដែរ​។

របាំ​ចំនួន ១០ប្រភេទមកពី​តំបន់ និង​ប្រពៃណីផ្សេងៗគ្នានៅកម្ពុជា​ នឹង​​ត្រូវ​សម្តែង​នៅ​ខាង​ក្រៅ​វិទ្យាស្ថានបារាំង​។ រូបថត ហ្វេសប៊ុក​

​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ បានផ្តល់​ជូន​នូវ​ការ​ចងក្រង​នូវ​របាំ​ជនបទ​ទាំងនេះ ដើម្បី​បង្កើន​ភាពសម្បូរ​បែប និង​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​ការអនុវត្ត​ផ្នែក​វប្បធម៌​ប្រពៃណី​ផ្សេងៗ ដែល​នៅតែ​បន្ត​គោរព​ប្រណិប័តន៍​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​យោងទៅតាម​វេ​ប​សាយ​វិទ្យាស្ថាន​​បារាំងបានឱ្យដឹងថា របាំ​ដែល​ត្រូវ​សម្តែង រួមមាន​៖ ​គោះត្រឡោក វាយ​​ក្រាប ក្រមា នេសាទ ភ្លយ​សួយ បុក​​ល័​ក្ខ តូ​ណៃ​ទិន ក្ងោក​សិល្ប៍​ ​ឆៃយ៉ាំ​ភូមិ​ខ្ញុំ​ ​និង​ភូមិ​រ៉ា​ចងមិត្ត ដោយ​ក្រុម​រាំ​ទាំងនោះ​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​បាន​អនុវត្ត​ពិធីសារ​សុខភាព ក្នុងអំឡុង​​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ ១៩ ដោយ​ការលើកទឹកចិត្ត​ឱ្យមាន​ការលាង​សម្អាត​ដៃ ការពាក់​ម៉ាស់ ការរក្សា​គម្លាត​សុវត្ថិភាព​ពីគ្នា​។​

​ទស្សនិកជន​ដែលមាន​បំណង​ទស្សនា​របាំ​ទាំង​ ១០ ប្រភេទ​ក្នុង​រាត្រី​តែ​ ១​ នេះ សូម​ទៅកាន់​វិទ្យាស្ថាន​បារាំង​ដែល​ស្ថិតនៅ​អគារ​ ២១៨ វិថី​កែវជា (១៨៤) សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​៕