ភ្នំពេញ: ពេល​ឃើញ​ទិដ្ឋភាព​មនុស្ស​ចាស់ជរា​ម្នាក់​យក​កម្រាល​ឥដ្ឋ​លើ​ចិញ្ចើមផ្លូវ​ជា​ពូក យក​ក្រណាត់​ចាស់ៗ​ជា​ភួយ​ដណ្ដប់ ម្នាក់ៗ​មាន​ក្ដី​អាណិត​ហុច​បាយ​ហុច​ទឹក​ក៏ដូចជា​ថវិកា​ខ្លះ​ទៅតាម​សទ្ធា​ទឹក​ចិ​ត្ដ​។

​ប៉ុន្ដែ​បើ​ដឹងថា​ បុគ្គល​នោះ​ធ្លាប់ជា​អ្នក​​ផ្ដល់​ចំណេះដឹង និង​ដំបូន្មាន​ល្អៗ​ដល់​ខ្លួន អារម្មណ៍​ក្ដុកក្ដួល​សោក​សង្វេគ​ច្បាស់​ជា​ផុស​ឡើង​លើសពី​ការ​អាណិត​។

​កំពុង​អង្គុយ​សណ្ដូកជើង​ដោយ​ដាក់​ស្បែកជើង​មួយអន្លើ ជាមួយ​បាយ​ ១ ​កញ្ចប់​នៅ​ចំ​ពីមុខ បុរស​សក់​ពណ៌​ស ពាក់អាវរ​ងាដៃ​វែង​ពណ៌​ស្លែ និង​ខោ​ខ្មៅ​ខ្លី ត្រូវបាន​លោក ណន ម៉ា​រ៉ា​ឌី ជា​មិត្ត​រួម​អាជីព​ស្គាល់​ច្បាស់​ថា​ជា​លោក អាង ហួត ដែល​បាន​ចូល​និ​វត្ដ​ន៍​។​


​ជំនួប​ដ៏​ភ្ញាក់ផ្អើល និង​ក្ដុកក្ដួល​ពេល​បានឃើញ​មិ​ត្ដ​រួម​អាជីព​លើ​វិថី​អប់រំ​ក្នុង​គ្រា​កំពុង​ជួប​ការលំបាក​ខ្លាំង​។

​ពេលមុន អ្នក​ទាំង​ ២​ បង្រៀន​មុខវិជ្ជា​ភាសា​បារាំង​ដូចគ្នា​។ លោក ម៉ា​រ៉ា​ឌី បានឱ្យដឹងថា ដោយ​ខកខាន​ជួប​គាត់​សម័យ​កូ​វីដ ដើម្បី​ការពារ​សុវត្ថិភាព​រៀងៗ​ខ្លួន លោក ហួត អត់​មានកូន មាន​ប្រពន្ធ​អី និង​ជា​កំលោះ​ចាស់​។ លោក​ប្រហែលជា​រស់នៅ​ផ្ទះ​របស់​ប្អូន​ឯ​ជា​ន់ទី៣ ម្ដុំ​ដឿ​ង​ហែម​អូរឫស្សី​។


​កាលពី​ថ្ងៃទី ​១៤ ខែកុម្ភៈ ​ជា​ឱកាស​ទិវា​នៃ​ក្ដី​ស្រឡាញ់ រូបភាព​ដ៏​គួរឱ្យ​ស្លុត​​ចិ​ត្ដ​មួយ​សម្រាប់​មិ​ត្ដ​ភក្ដិ​រួម​អាជីព​ និង​អតីត​កូនសិស្ស​រាប់ពាន់នាក់ ដែល​បានឃើញ​ជីវិត​រស់នៅ​ដ៏​សែន​តោកយ៉ាក​របស់​អតីត​លោកគ្រូ​បង្រៀន​ភាសា​បារាំង​នៅ​វិទ្យាល័យ​ទួល​ទំពូង​។

​លោកគ្រូ ម៉ា​រ៉ា​ឌី បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ស្ដីពី​បុរស​ចំណាស់​ម្នាក់​អង្គុយ​ដេក​ដួល​លើ​ចិញ្ចើមផ្លូវ​ជាមួយ​អាហារ​កញ្ចប់​លើដី​អមដោយ​សំណេរ​ថា​៖ «​វាសនា​គ្រូ​នៅ​ចុងបញ្ចប់​នៃ​ជីវិត​! លោកគ្រូ អាង ហួត កំលោះ​ចាស់ គាត់​ជា​គ្រូ​ភាសា​បារាំង បង្រៀន​នៅ​វិទ្យា​ល័យ​ទួល​ទំពូង​ជាមួយ​ខ្ញុំ​។ ១ ​ជីវិត​គាត់​ជិះ​តែ​កង់​មក​បង្រៀន​ប៉ុណ្ណោះ​»​។

​កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ លោក គ្រូ ម៉ា​រ៉ា​ឌី បាន​ជួប​លោកតា អាង ហួត ដោយ​ចៃដន្យ ពេល​ឃើញ​អតីត​គ្រូបង្រៀន​ភាសា​បារាំង​រូបនេះ​សម្រាន្ដ​នៅមុខ​ហាង​ម្ដុំ​ផ្លូវ​បាក់​ទូក រហូតដល់​និយាយ​ទាំង​ភ្ញាក់​ថា​៖ «​ពុកមាត់​ដូច​មេបក្ស​ស្មូម​។ ចុ​ម​! គ្នាឯង​សោះ​»​។​

​លោក​បាន​បន្តថា​៖ «​ម្សិលមិញ ខ្ញុំ​ទៅរក​អស់​រយៈពេល​ ៤​ ម៉ោង ដោយ​មិនដឹងថា គាត់​ពនេចរ​ចេញ​ទីកន្លែង​នោះ​ទៅ​កន្លែង​ផ្សេង​។ ឥឡូវ​ខ្ញុំ​កំពុងតែ​រក​គាត់​ដែរ តែ​មិនទាន់បាន​ជួប​»​។

​លោកគ្រូ ម៉ា​រ៉ា​ឌី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ «​ក្រោយពេល​ខ្ញុំ​បាន​ជួប​គាត់ និង​បង្ហោះ​រូបភាព អតីត​សិស្ស​គាត់ សិស្ស​ខ្ញុំ និង​សិស្ស​ធ្លាប់​ស្គាល់​គាត់ រៀន​វិទ្យាល័យ​ទួល​ទំពូង បាន​ស្រា​ក់ដៃ​គ្នា​ជួយ និង​សំណូមពរ​ឱ្យ​ខ្ញុំ​បង្កើត​មូលនិធិ​ជួយ​ដល់​រូបគាត់​»​។

​គណនី Facebook ឈ្មោះ Lay Outhdom បានសរសេរថា​៖ «​ប្រែ​ពី​បាច់ផ្កា​ក្នុង​ថ្ងៃ​នៃ​សេចក្ដីស្រឡាញ់​មកជា​ថវិកា​ដើម្បី​ជួយ​ដល់​លោកគ្រូ អ្នក​​គ្រូ​មាតាបិតា​ទី​២ របស់​យើងទាំងអស់គ្នា​។ សិស្ស និង​អតីត​សិស្ស​គ្រប់​ជំនាន់​នៃ​វិទ្យាល័យ​ទួល​ទំពូង យើងខ្ញុំ​មាន​ថ្ងៃនេះ គឺ​សុទ្ធតែ​លោកគ្រូ អ្នកគ្រូ​ជា​អ្នក​បង្រៀន ប្រៀនប្រដៅ​»​។

​ក្រុមអតីតសិស្សវិទ្យាល័យទួលទំពូង ជំនាន់ទសវត្សរ៍ ៩០ យក​ថវិកា​ជូន​លោក​គ្រូ​ភាសា​បារាំង និង​គ្រូកីឡា​។ រូបថត ហ្វេសប៊ុក

​ម្ចាស់​គណនី​រូបនេះ ក៏បាន​ទទូច​ឱ្យ​លោកគ្រូ ណន ម៉ា​រ៉ា​ឌី បង្កើត​មូលនិធិ ដែល​ក្រោយមក​ប្រើ​ឈ្មោះថា «​មូល​​និ​ធិ​សប្បុរសធម៌​ទ្រទ្រង់​គ្រូ​ជួប​ការ​​លំបាក​វិ​.​ទួល​ទំពូង​»​។

​លោក ម៉ា​រ៉ា​ឌី បានឱ្យដឹងថា មិនដឹងថា ចាស់​ទៅ លោក ហួត ភ្លេច​ការ​ចងចាំ ឬ​មាន​វិបត្ដិ​ផ្លូវ​ចិ​ត្ដ​អ្វី​នោះទេ ប្រហែលជា​ឆាកជីវិត​ចុងក្រោយ​មិនមាន​អ្នក​ទីពឹង​។ លោកតា​នៅ​ចងចាំ​ខ្លះៗ ដោយ​លោក​នៅ​ស្គាល់​លោកគ្រូ ម៉ា​រ៉ា​ឌី ដែល​ហាក់​មានការ​ភ្លេចភ្លាំង​ច្រើន ដោយសារ​លោក​មាន​អាយុ​ជាង ៨០ ​ឆ្នាំ​ទៅហើយ​។

​លោក ម៉ា​រ៉ា​ឌី ដែល​អះអាងថា លោកតា​ដើរ​សម្រាន្ដ​នៅតាម​ចិញ្ចើមផ្លូវ ដោយមាន​គេ​ជួយ​យកអាសា​បោះ​លុយ​បោះ​កាក់ និង​បាយ​កញ្ចប់ ដូច​អ្នកសុំទាន​អ៊ីចឹង បាន​លើកឡើងថា​៖ «​តាមពិតទៅ គាត់​ក៏មាន​លុយ​សោធន​​និ​វត្ដ​ន៍​ដែរ តែ​ខ្ញុំ​ភ្លេច​ទៅ ពីព្រោះ​គាត់​ទំនងជា​គ្រូ​អនុវិទ្យាល័យ​ទេ​។ ជំនាន់​មុន​ចំពោះ​ប្រាក់​ចូល​និ​វត្ដ​ន៍​ទទួលបាន​ប្រហែលជា ៥០ ទៅ ៦០ ​ម៉ឺន​រៀល​ទេ ​ក្នុង ​១ ​ខែ​។ បើ​គ្រូ​វិទ្យាល័យ​បច្ចុប្បន្ន សម្ដេច​ឡើង​ឱ្យ​ច្រើន​ទៅ គាត់​អាច​ទទួលបាន​ជាង ១​ លាន​រៀល​ដែរ​»​។

​ក្រោយពី​ស៊ើបសួរ​តាមរយៈ​អតីត​សិស្ស​របស់លោក និង​អតីត​សិស្ស​របស់​លោកតា ហួត លោក ម៉ា​រ៉ា​ឌី បានឱ្យដឹងថា ​មាន​អតីត​សិស្ស​ជំនាន់ ៩៦-៩៧ បាន​យក​គាត់​ទៅ​ងូតទឹក​សម្អាត​កាយ និង​ព្យាបាល ពីព្រោះ​គាត់​មាន​របួស​ហើមជើង​ហើម​ដៃ​។​

​លោកគ្រូ ម៉ា​រ៉ា​ឌី បាន​បន្ដថា​៖ «​ឥឡូវនេះ អតីត​សិស្ស​ជួយ​តាមរយៈ​មូលនិធិ​ខ្ញុំ​បាន​ប្រមាណ​ពី ២ ០០០ ទៅ ៣ ០០០ ​ដុល្លារ​ហើយ​»​។

​ប៉ុន្ដែ​លោក​អះអាងថា លោក​មិនឱ្យ​ប្រាក់​ទាំងនោះ​ទៅ​គាត់​នោះ​ផ្ទាល់​ទេ ដោយ​បារម្ភ​អំពី​សុវត្ថិភាព​។ លោក​បាន​ជំនុំ​គ្នា​ជាមួយ​អតីត​សិស្ស​ផ្សេងៗ ដោយ​អតីត​សិស្ស​ម្នាក់ ជា​ជំទាវ​ចង់​យកទៅដាក់​នៅ​មណ្ឌល​ចាស់ជរា តែ​មណ្ឌល​នោះ ទទួល​តែ​ស្ដ្រី​។

​លោក​ថា​៖ «​ចំពោះ​មូលនិធិ​របស់ខ្ញុំ យើង​មានបំណង​យក​គាត់​មក​នៅ​វត្ដ​ទួល​ទំពូង ដោយ​ឱ្យ​គាត់​ស្គាល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយ​ចាំ​មូលនិធិ​នេះ​បន្តក់​ឱ្យ​គាត់ ​ដើម្បី​បាន​រស់​ជាមួយ​ព្រះសង្ឃ​។ ១ ​ខែ ខ្ញុំ​នឹង​ផ្ដល់​ថវិកា​ជូន​គាត់​ប៉ុន្មានៗ​អ៊ីចឹងទៅ​»​។

​លោក ម៉ា​រ៉ា​ឌី ក៏បាន​បម្រុង​ថវិកា​ខ្លះ​ទុក​លៃលក​ធ្វើបុណ្យ​អតីត​គ្រូបង្រៀន​ដ៏​កម្សត់​នា​ដង្ហើមចុងក្រោយ​ផងដែរ​។​

​លោកគ្រូ​បន្ថែមថា​៖ «​វា​ជាការ​រៀបចំ​ទុកជាមុន ដើម្បី​កុំឱ្យ​វា​អភ័ព្វ​ពេក ដោយសារ​កើតមក​វា​អភ័ព្វ​ទៅហើយ កុំឱ្យ​ស្លាប់​ទៅវិញ នៅតែ​អភ័ព្វ​ទៀត​»​។

​មិ​ត្ដ​ភក្ដិ​ប្រកៀក​ស្មា​ផ្ដល់​ការអប់រំ​ដល់​សិស្ស​រូបនេះ​បានឱ្យដឹងថា អ្នករស់នៅ​ជុំវិញ​ស្មានតែ​តា​ចំណាស់​នេះ​ជា​អ្នកសុំទាន ឬ​អ្នក​រើស​អេតចាយ​។

​លោក ម៉ា​រ៉ា​ឌី បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា យី​គាត់​និយាយ​បារាំង​រូ អា ពត អត់​មាន​វ៉ៃ​ចោល​ទេ សល់​តាំងពី​ទសវត្សរ៍​ឆ្នាំ ​១៩៧០​។ អ្នកខ្លះ​ឃើញ​គាត់​ដើរ​កាន់​ស្បោង​រើស​អេតចាយ ចេះ​និយាយ​ភាសា​បារាំង​យ៉ាងច្បាស់ បែរជា​គិតថា គាត់​បែក​​កម្ម​ឋាន មកពីណា​ពី​ណី​»​។

​អតីត​សិស្ស ឬ​អ្នក​ចង់​ចូលរួម​មូលនិធិ​របស់លោក ម៉ា​រ៉ា​ឌី សូម​ទាក់ទង​លេខ​ទូរស័ព្ទ ឬ​គណនី ABA: 078 808 280៕