ភ្នំពេញៈ នាឱកាសសម្តែងនៅក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ ២០២២ ប្រធានបទ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក» គេឃើញរបាំសហសម័យមួយបង្កើតដោយអ្នកជំនាញសិល្បៈ ២ រូប ក្នុងគោលដៅ រក្សា និងលើកស្ទួយពីតម្លៃរបាំជនជាតិភាគតិច «កួយ» ដែលកំពុងតែជិតបាត់បង់។
បើយោងតាមការផ្សព្វផ្សាយពីគេហទំព័រផ្លូវការ នៃអង្គការសិល្បៈខ្មែរអមតៈ https://cultural-season-2022.blogspot.com/2022/02/blog-post_28.html បានឱ្យដឹងពីដំណើរដើមទងនៃអ្នកបង្កើតរបាំសហសម័យ និងអត្ថន័យរបាំកួយនេះថា៖ «ចុងហើយ ដកណៅចេ (បណ្តុះដុះ ដំកំពៀច)» គឺជាស្នាដៃសិល្បៈរបាំ ដែលសហការរួមគ្នារវាង របាំសហសម័យ និងរបាំនៃសហគមន៍ជនជាតិដើមកួយ ដើម្បីឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ ប្រពៃណី និងការរស់នៅយ៉ាងជិតស្និទ្ធនឹងធម្មជាតិ»។
ប្រភពដដែលបន្តថា៖ «អ្នកជំនាញសិល្បៈ ២ រូប បានចូលរួមដៃបង្កើតសិល្បៈរបាំមួយ ក្រោមចំណងជើងជាភាសាកួយថា «ចុងហើយ ដកណៅចេ» ឬជាភាសាខ្មែរ (បណ្តុះដុះ ដំកំពៀច) ដែលមានអត្ថន័យថា «ការយកចិត្តទុកដាក់ដាំដុះ និងថែរក្សានូវធនធានធម្មជាតិ អាចធ្វើឱ្យមានការ-លូតលាស់ អាចជាប្រយោជន៍នៅថ្ងៃអនាគត សម្រាប់យើងទាំងអស់គ្នា។ តែប្រសិនបើ អ្នកនៅតែធ្វើព្រងើយកន្តើយ និងបំផ្លាញធនធានទាំងអស់នោះវានឹងតបស្នងអវិជ្ជមាន មកដល់យើងនៅថ្ងៃអនាគតវិញ»។
បើតាមការបរិយាយនោះ របាំសហសម័យនេះ គឺជាសមិទ្ធផលស្នាដៃរបស់កញ្ញា ជុំវណ្ណ សូដាជីវី ហៅថា កញ្ញា ប៊ែល ជានាដកា របាំសហសម័យ និងជាគ្រូបង្រៀនផ្នែកដឹកនាំទម្រង់របាំបុរាណ និងសហសម័យនៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោកស្រី ខា ស្រស់ វ័យ ៦៧ ឆ្នាំ ជាសិល្បការិនី និងជាអ្នកប្រឹក្សាសិល្បៈផ្នែករបាំជនជាតិដើមកួយ១ រូបមកពីខេត្តស្ទឹងត្រែង។
តាមរយៈបទពិសោធនៃការរស់នៅក្នុងតំបន់សហគមន៍ព្រៃឡង់ជាយូរឆ្នាំ និងកត់សម្គាល់ពីការបាត់បង់វប្បធម៌ប្រពៃណី ក៏ដូចជាសិល្បៈរបស់សហគមន៍ ជនជាតិដើមកួយ បន្តិចម្តងៗ អ្នកដំឡើងស្នាដៃមានវ័យ ៦៧ ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំបង្ហាញរបាំនេះ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយអត្តសញ្ញាណនៃជនជាតិដើមកួយ។ យើងរៀបចំ ថែរក្សាដើម្បីឱ្យក្មេងជំនាន់ក្រោយៗ ឱ្យគាត់ដឹងថា នេះជាប្រពៃណីរបស់កួយ កុំឱ្យបាត់បង់ទៀត» ។
ទំនៀមទម្លាប់នៃការរស់នៅយ៉ាងជិតស្និទ្ធជាមួយនឹងធម្មជាតិ និងការអាស្រ័យផលពីធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃរបស់ជនជាតិកួយដូចជាការចូលព្រៃប្រមូលជ័រទឹក ពីដើមឈើទាល និងដើមត្រាច ជំនឿជីវចល ការសែនព្រេន និងជាន់អារក្សជាដើម នឹងត្រូវលើកមកបង្ហាញនៅក្នុងការសម្តែងរបាំនេះ។
កញ្ញា ប៊ែល បញ្ជាក់ពីការច្បិចយកមកបង្ហាញការរស់នៅពីសហគមន៍ជនជាតិដើមកួយ ដែលជាចំណេះដឹងពីជ្រុងមួយ គួរឱ្យចាប់អារម្មណ៍នេះដែរថា៖ «ជនជាតិកួយ គាត់បង្កើតការរាំ ការច្រៀង និងប្រពៃណីរបស់គាត់ពីដូនតា តែទន្ទឹមនឹងនេះ វាក៏ផ្សារភ្ជាប់នូវទំនាក់ទំនងទៅនឹងជីវិតរស់នៅរបស់ពួកគាត់ផងដែរ»៕