ក្រុង​ឡុង​ដ៍: អង្គុយ​លើ​សា​ឡុង​នៅ​ភាគ​ខាងជើង​ប្រទេស​អង់គ្លេស អតីត​គ្រូបង្រៀន មី​យ៉ា ហាន់​សុន បាន​ចំណាយពេល​ចាក់​នូវ​ស្នាដៃ​សិល្បៈ​ក្រណាត់​ចាក់​ឡើងវិញ​ប៉ុន​គំរូ​ដើម Bayeux Tapestry ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​។

​កើត​នៅ​ប្រទេស​ស៊ុយអែត អ្នកស្រី ហាន់​សុន បាន​ផ្ដើម​គម្រោង​នេះ​ក្នុង​ឆ្នាំ ​២០១៦ ដោយ​ធ្វើការ​ជាច្រើន​ម៉ោង​ក្នុង​ ១ ថ្ងៃ ដើម្បី​ផលិត​គំនូរ​ចាក់​លើ​ផ្ទាំង​ក្រណាត់​ប្រវែង ៧០ ​ម៉ែត្រ នូវ​រូប​ស្ដេច William the Conqueror''s ជា​ជន​ឈ្លានពាន​អង់គ្លេស​។

​អ្នកស្រី ហាន់​សុន អាយុ ៤៧​ ឆ្នាំ បាន​ប្រាប់ AFP ពី​ផ្ទះ​នៅ​ទីប្រជុំជន​ Wisbech នៃ​តំបន់ Cambridgeshire ថា​៖ «​ខ្ញុំ​អត់​មាន​អ្វី​ធ្វើ ហើយ​ខ្ញុំ​ពិតជា​ធុញទ្រាន់​ខ្លាំងណាស់​។ ដូច្នេះ ខ្ញុំ​គិតថា ខ្ញុំ​គួរ​មាន​ផែនការ​មួយ ដែល​ខ្ញុំ​មិនអាច​ធ្វើ​វា​ឱ្យ​ឆាប់​ចប់​ពេក​នោះទេ ហើយក៏​យល់ថា វា​គ្មានអ្វី​ធំ​ជាងគំនូរ​ចាក់ Bayeux Tapestry នោះទេ​»​។


​គំនូរ​ដែលមាន​ប្រ​វ​ត្ដិ​ជិត ១ ​ពាន់​ឆ្នាំ ​គឺជា​និ​មិ​ត្ដ​រូប​នៃ​ទំនាក់ទំនង​ដ៏​ក្លៀវក្លា​រវាង​ចក្រភព​អង់គ្លេស និង​ដែនដី​អឺរ៉ុប​។ អ្នកស្រី ហាន់​សុន ដែល​រស់នៅក្នុង​ចក្រភព​អង់គ្លេស​អស់​រយៈពេល​ជាង ២០​ឆ្នាំ បាននិងកំពុង​ធ្វើ​លើ​ផែនការ​របស់ខ្លួន​ក្នុង​រយៈពេល​ពី ៣ ទៅ ៤ ​ម៉ោង​ ក្នុង ​១ ​ថ្ងៃ ​សម្រាប់​រយៈពេល ៥ ​ឆ្នាំកន្លះ​មកហើយ​។ នៅ​ខែមករា អ្នកស្រី​សម្រេច​រូប​ប៉ាក់​ពាក់កណ្ដាល​។

​អ្នកស្រី​អះអាងថា​៖ «​បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ ខ្ញុំ​បាន​ប្រើ​អំបោះឆៅ​ប្រមាណ ៨ ០០០ ​ម៉ែត្រ​រួចមកហើយ​»​។


​អ្នកស្រីត្រូវ​ចំណាយពេល​ប្រមាណ ៥ ​ឆ្នាំ​ទៀត​រហូតដល់​ថ្ងៃទី​ ១៣ ខែ កក្កដា ឆ្នាំ ​២០២៧ ដើម្បី​បញ្ចប់​គម្រោង​នេះ ឬ​សរុប ១១ ​ឆ្នាំ ក្នុងការ​​បង្ហើយ​ស្នាដៃ​ប៉ាក់​រូប​ដ៏​យូរ​នេះ​។

​អ្នកស្រីបាន​អះអាងថា​៖ «​តាម​ខ្ញុំ​ដឹង គ្មាន​នរណាម្នាក់​នៅ​អឺរ៉ុប ដែល​ផលិត​គំនូរ​ប្រ​វ​ត្ដិ​សាស្ដ្រ​នេះ​ឡើងវិញ​ឡើយ​»៕ AFP/HR