​ភ្នំពេញៈ ស្ថានទូត​អង់គ្លេស និង​ស្ថាន​​ទូត​ឥណ្ឌាប្រចាំ​នៅ​កម្ពុជា រួមជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា សហការគ្នា​លើ​គំនិត​ផ្តួចផ្តើម​មួយ​ ដើម្បីឱ្យ​ស្ត្រី​វ័យក្មេង ​២​រូប ទទួល​តួនាទី​ធ្វើជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ក្នុង​រយៈពេល ​១ ​ថ្ងៃ​ពេញ ក្រោម​កិច្ចពិភាក្សា​លើ​ប្រធាន​​បទ​មួយ​ឈ្មោះ «​ការងារ​ដែល​ស្ត្រី​ចង់បាន​នៅ​ឆ្នាំ ​២០៣០»​។​

យុវនារី ២​ រូប គឺ​កញ្ញា ហ្គិ​ច លីម អាយុ ១៧​ ឆ្នាំ ជា​និស្សិត និង​ការី អាយុ ១៨​ ឆ្នាំ មកពី​ខេត្តរតនគិរី ត្រូវបាន​ផ្តល់ឱកាស​ធ្វើជា​សហប្រធាន​នៃ​កិច្ចពិភាក្សា​ស្តីពី «​ការងារ​ដែល​ស្ត្រី​ចង់បាន​នៅ​ឆ្នាំ​២០៣០» ដោយមាន​ការចូលរួម​ពី​លោកស្រី អ៊ឹង កន្ថាផាវី ជា​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោក​​ស្រី ជា សិរី ជា​ឧបការីទេសាភិបាល​ និង​ជា​អគ្គនាយិកា​បច្ចេកទេស​ធ​នាគារ​​ជាតិ​នៃ​កម្ពុជា លោកស្រី ធី​ណា​​ រ៉េ​ដស ជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា លោកស្រី Devyani Khobragade ដែលជា​ឯកអគ្គ​រដ្ឋ​​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី គ្វី​ន​នេ​ត វ៉ង នាយិកា​ប្រចាំ​ប្រទេស​​របស់​អង្គការ​ភ្លែ​ន​អន្ដរជាតិ​កម្ពុជា​។​

កម្មវិធី ​១ ​ថ្ងៃ សម្រាប់​ឱកាស​បំពេញការងារ​ក្តី​សុបិន​ខ្លួន ដោយមាន​យុវតី​ខែ្មរ ២ ​រូប បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី ​៣០ ខែ មីនា ឆ្នាំ ​២០២២ ដោយ​កញ្ញា ហ្គិ​ច លីម ធ្វើជា​ឯកអគ្គរាជទូត ១ ​ថ្ងៃ ដោយ​ទទួល​តួនាទី​ជា​ឯកអគ្គរាជទូត​របស់​លោកស្រី ធី​ណា រ៉េ​ដស ដែលជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជាហើយ ការី ទទួល​តួនាទី​ធ្វើ​ឯក​​អគ្គរដ្ឋទូត លោកស្រី Devyani Khobragade ដែលជា​ឯកអគ្គ​រដ្ឋ​​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​។


កញ្ញា ហ្គិច លីម ធ្វើជា​ឯក​​អគ្គ​រាជ​ទូត​អង់​គ្លេស ធីណារ៉េដស។ រូបថត ហ្វេសប៊ុក​

យុវតី ហ្គិ​ច លីម ដែល​ចាប់អារម្មណ៍​លើ​ការពង្រឹង​អំណាច​របស់​ក្មេងស្រី បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ថា​៖ «​វា​ជា​សុបិន​របស់ខ្ញុំ​ក្នុងការ​និយាយ​ទៅកាន់​ស្ត្រី​ដែល​ទទួលបាន​ជោគជ័យ​ខ្ពស់​ និង​ស្វែងរក​ផ្លូវ ដែល​នាំ​ពួកគាត់​ទៅ​កន្លែង​ដែល​ពួកគេ​ទទួលបាន​ជោគ​​ជ័យ​។ ខ្ញុំ​ចង់ដឹង​ពី​របៀប​ដែល​ពួកគាត់​ដោះស្រាយ​ជាមួយនឹង​ការរើសអើង ដែល​ពួកគេ​បាន​ប្រឈម​។


ខ្ញុំ​ក៏​ចង់ឱ្យ​ក្មេងស្រី​ធម្មតា​ជាច្រើនរូប​ផ្សេងទៀត មើលឃើញ​នូវ​អ្វីដែល​អស្ចារ្យ​កំពុង​រង់ចាំ​ពួកគេ ប្រសិនបើ​ពួកគេ​ហ៊ាន​ដើរ​ចេញពី​កន្លែង​ដែល​ងាយស្រួល​ដូចជា​រូបខ្ញុំ​បានធ្វើ​»​។​

ឯ​យុវតី​ម្នាក់ទៀត​ឈ្មោះ ការី អាយុ ១៨ ​ឆ្នាំ មកពី​ខេត្តរតនគិរី មាន​ក្តី​​សុបិន​ចង់​ក្លាយជា​អ្នកដឹកនាំ​ដ៏​សំខាន់ និង​បានធ្វើការ​ស្ម័គ្រចិត្ដ និង​ចូលរួម​ជាមួយនឹង​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​រួមទាំង​ការរៀប​ការ​មុន​អាយុ ការរៀប​​ការ​ដោយ​ការបង្ខំ និង​ការ​មានគភ៌​ក្នុងចំណោម​ក្មេងស្រី​ជា​ជនជាតិដើម​​ភាគតិច​នោះ​។​

ការី ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ខ្លួនឯង​ដែរ​ថា​៖ «​ខ្ញុំ​ចង់​លើកកម្ពស់​ភាព​ក្លាហាន​របស់​ក្មេងស្រី​ក៏ដូចជា​ស្វែង​​យល់​ពី​តួនាទី​របស់​ឯកអគ្គរ​ដ្ឋ​ទូត និង​អ្នកដឹកនាំ​សំខាន់ៗ នៅក្នុង​ស្ថានទូត​ដើម្បី​ស្វែងយល់​ពី​ការទទួលខុសត្រូវ​រប​ស់ឯក​អគ្គរដ្ឋទូត​ម្នាក់ៗ ខ្ញុំ​ចង់​លើក​​ទឹកចិត្ត​ដល់​ក្មេងស្រី​ជនជាតិដើម​​ភាគតិច និង​ក្មេងស្រី​ដទៃទៀត​ក្នុង​ខេត្តរតនគិរី ឱ្យមាន​ក្តី​សុបិន​ធំ និង​ចក្ខុ​​វិស័យ​ទាក់ទង​នឹង​ការដឹកនាំ​ក្នុង​សហ​គម​ន៍​នៃ​ជនជាតិដើម​ភាគតិច​ពួកគេ ហើយ​ខ្ញុំ​ចង់​ជំរុញ​កុមារី ឱ្យ​ក្លាយជា​អ្នកដឹកនាំ នាពេល​អនាគត​»៕

ការី ធ្វើ​ជាឯក​អគ្គ​រដ្ឋ​ទូត​​ឥណ្ឌា​ប្រចាំ​កម្ពុជាលោកស្រី Devyani Khobragade​។ រូបថត ហ្វេសប៊ុក