ភ្នំពេញៈ ផ្ទាំងទស្សនីយភាព​នៃ​ការសម្តែង​របាំ​ក្បាច់បុរាណ​រឿង «​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ និង​ព្រះនាង​ឥន្ទ្រទេវី​» ដែលជា​ស្នាដៃ​ដំឡើង និង​ដឹកនាំ​សម្តែង ដោយ​នាដកា វ័យ​ជាង ៦០ អ្នកគ្រូ ឱម យុវណ្ណឌី នឹងត្រូវ​សម្តែង​ល្ងាច​ថ្ងៃ​សៅរ៍ ទី​ ៧ ខែឧសភា ឆ្នាំ ២០២២​។

បើតាម​ការរំឭក​ឡើងវិញ ក្រោយពី​ពន្យារពេល​តាំងពី​ខែមីនា​កន្លងមក នៅតាម​គេហទំព័រ ភួងមាល័យ​បាយសី​ខ្មែរ ដែលជា​ក្រុម​ស្រាវជ្រាវ ​និង​ដំឡើង​គ្រឿង តែងកាយ​សម័យអង្គរ​បាន​ឱ្យដឹងថា​៖ «​ទស្សនីយភាព​របាំ​ក្បាច់បុរាណ​រឿង «​ព្រះបាទ​ជ័យ​វរ្ម័នទី​ ៧ និង​ព្រះនាង​ឥន្ទ្រទេវី​» បាន​ត្រឡប់​មកវិញហើយ​!​ ដោយ​ហេតុតែ​ចំនួន​កៅអី​មានកំណត់ និង​ឆ្លើយតប​តាម​តម្រូវការ​សំបុត្រ​របស់​ទស្សនិកជន យើងខ្ញុំ​បានរៀបចំ​នូវ​ការសម្តែង​ជា ២ ពេល​ផងដែរ គឺ​នៅវេលា​ម៉ោង ៣ រសៀល និង​ម៉ោង ៦ ល្ងាច នា​ថ្ងៃទី​ ៧-​ ឧសភា ថ្ងៃ​តែមួយ​។ ការសម្តែង​នៅ​ថ្ងៃ​សៅរ៍ ទី​ ៧ ខែឧសភា ឆ្នាំ​ ២០២២ នៅវេលា​ម៉ោង ៣- រសៀល និង ៦- ល្ងាច មាន​ទីតាំងនៅ​មហោស្រព The-black box theater នៃ​សាលារៀន​កាណាដា អន្តរជាតិ​ភ្នំពេញ កោះពេជ្រ​»​។

ការជាវ​សំបុត្រ​ចូលទស្សនា​មាន ៣ ប្រភេទ​គឺ ១ សន្លឹក​តម្លៃ ៤ ម៉ឺន​រៀល (​ពណ៌​ក្រហម​) ១ សន្លឹក​តម្លៃ ៦ ម៉ឺន​រៀល (​ពណ៌​បៃតង​) និង ១ សន្លឹក​តម្លៃ ១០ ម៉ឺនរៀល (​ពណ៌​ខៀវ​)​។


ប្រភព​ដដែល​ខាងលើ​បន្តថា​៖ «​សូម​ប្រិយមិត្ត​ទស្សនិកជន​ជាវ​សំបុត្រ តាមរយៈ Link ខាងក្រោម https://hello.last2ticket.com/event/4335 ឬ​តាម​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន បន្ថែម 069 906 677 (Eng) 096 2789 333 (​ខ្មែរ​)​។ ចំពោះ​អតិថិជន ដែល​បាន​ទិញ​សំបុត្រ​រួចហើយ អាច​រក្សាទុក​សំបុត្រ​ចាស់ សម្រាប់​ប្តូរ​យក​សំបុត្រ​ថ្មី​វិញ​បាន​»​។

នាដកា ដែល​សម្តែង​ជា​តួអង្គ​ព្រះនាង​ឥន្ទ្រទេវី​។ រូបថត ហ្វេសប៊ុក


ដោយឡែក​ចំពោះ​សាច់រឿង​របាំ​រឿង «​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ និង​ព្រះ​នាង​ឥន្ទ្រទេវី​» នោះ បើតាម​នាដកា វ័យ​ជាង ៦០ ​ឆ្នាំ អ្នកគ្រូ ឱម យុវណ្ណឌី ​ដែលជា​អ្នកដឹកនាំ​ក្រុម​របាំ​សាលា​ព្រះអង្គ​ម្ចាស់ក្សត្រី​បុប្ផាទេវី និង​ជា​គ្រូ​ទទួលបន្ទុក​បច្ចេកទេស​មានប្រសាសន៍​ឱ្យដឹងពី​អត្ថន័យ​ផងដែរ​។

អ្នកគ្រូ ឱម យុវណ្ណឌី មាន​ប្រសាសន៍ថា​៖ «​គ្រាន់តែ​លើកយក​តួអង្គ «​ព្រះនាង​ឥន្ទ្រទេវី- ជ័យរាជទេវី​» ត្រង់​ឈុត ស្នាព្រះហស្ត ដែល​ទ្រង់​កសាង​ក្នុង​វិស័យ​សិក្សាធិការ និង​សិល្បៈ​វប្បធម៌ ដែល​ការពិត ព្រះនាង​ជា​គ្រូ​គ្រប់​វិស័យ​ទាំង​ស្ថាបត្យកម្ម វិទ្យាសាស្ត្រ​ជាដើម តែ​ផ្នែក​របាំ​បុរាណ ខ្ញុំ​មិនអាច​ធ្វើបាន​ដោយ​ត្រូវការ​មធ្យោបាយ​បច្ចេកវិទ្យា​ច្រើន​ណាស់ ដែល​ប៉ះពាល់​ទម្រង់​របាំ​ក្បាច់បុរាណ​ខ្មែរ​»៕