ភ្នំពេញៈ គំនូរ​ទាំង ១០ ​​ផ្ទាំង​ ដែល​កំពុង​ត្រូវបាន​តាំង​បង្ហាញ​នៅ​ពិព័រណ៍​ក្នុង​រាជធានី​ភ្នំពេញ​ ​រំលេច​នូវ​រូបភាព​សត្វ​គោ​ដើម​ឈូក និង​ស្លឹក​ឈូក​ ដែល​អ្នក​ទស្សនា​អាច​សន្និដ្ឋាន​ថា វា​ទំនង​ជា​ឆ្លុះ​បញ្ចាំង​អំពី​អ្វី​មួយ​ពី​សំណាក់​វិចិត្រករ។

លោក ហម រិទ្ធ វិចិត្រករ​ក្នុង​ស្រុក​មក​ពី​ខេត្ត​កំពត បាន​នាំ​យក​ការ​បំផុស​គំនិត​សិល្បៈ​ពី​កុមារភាព​មក​តាំង​​ពិព័រណ៍​នៅ​សណ្ឋាគារ Raffles Le Royal ក្នុង​រាជធានី​ភ្នំពេញ ខាង​ក្នុង​ភោជនីយដ្ឋាន Le Phnom 1929 ជា​កិច្ចសហការ​រវាង​វិចិត្រសាល​ស្រាអាត​ (Sra''Art Gallery) និង Open Studio Cambodia។

«ប្រែក្លាយ​»​ ជា​ស្នាដៃ​សិល្បៈ​របស់​លោក ​រិទ្ធ ដែល​លោក​​បាន​ប្រើ​បទពិសោធ​របស់​ខ្លួន​តាមរយៈ​ការ​​សង្កេត​មើល​គំនូរ​លើ​ជញ្ជាំង​​អារាម​ពុទ្ធសាសនា​រួម​បញ្ចូល​គ្នា​ជាមួយនឹង​ការ​ច្នៃ​ប្រឌិត​​បង្កើត​​ជា​គំនូរ​ទឹក និង​ថ្នាំ​កាវ​ប្លាស្ទិក​ថ្លា​។


លោក រិទ្ធ បាន​ប្រើ​ផ្កាឈូក​តំណាង​ឱ្យ​វត្ត គោ​តំណាង​ឱ្យ​​ខ្លួន​ឯង និង​​ពន្លឺ​​តំណាង​ឱ្យ​ក្ដី​សង្ឃឹម​។

វិចិត្រករ​វ័យ​ ៣៦ ​ឆ្នាំ​បាន​និយាយ​​ថា៖ «​វា​ជា​គំនូរ​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​​ជីវិត​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ធំធាត់​នៅ​​ជនបទ​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា​។ វត្ត​ព្រះពុទ្ធ​ជា​កន្លែង​ដំបូង​ដែល​​ខ្ញុំ​អាច​សិក្សា​សិល្បៈ​ផង​ដែរ​។ ខ្ញុំ​បាន​ស្នាក់នៅ​ទីនោះ និង​ព្យាយាម​​​​រៀន​​សិល្បៈ​។ ដោយសារ​បទពិសោធ​នោះ ខ្ញុំ​នៅ​តែ​បន្ត​ព្យាយាម​​ចាប់​អាជីព​សិល្បៈ​រហូត​ដល់​សព្វថ្ងៃ​»​។​


ប្រជាជនជាតិ​ខ្មែរ​​​យល់​ច្បាស់​ពី​មូលហេតុ​ដែល​លោក ​រិទ្ធ ​ប្រើ​ផ្កា​ឈូក​តំណាង​វត្ត ព្រោះ​​​ផ្កាជា​ដង្វាយ​​ពិសិដ្ឋ​របស់​ខ្មែរ​។ ប៉ុន្តែ​លោក​​បាន​ប្រើ​គោ​ធ្វើ​សកម្មភាព​ជំនួស​រូប​លោក​ ព្រោះ​វា​កើត​ឡើង​ក្នុង​វ័យ​កុមារ ​កាល​ពី​លោក​​នៅ​ជា​ក្មេង​ឃ្វាលគោ។

One Thousand Miles ស្ថិត​ក្នុង​ចំណោម​​ការឆ្លុះបញ្ចាំង​ពីជីវិត​វិចិត្រករ​។ រូប សហការី

ខណៈ​កំពុង​យាម​គោ​នៅ​វាលស្រែ​លោក ​រិទ្ធ​ ឆ្លៀត​ពេលខ្លះ​ដើម្បី​គូរ និង​ផាត់​ពណ៌​រូប​។ ដូច្នេះ​លោក​​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​សត្វ។

លោក​រំឭក​ថា​៖ «អនុស្សាវរីយ៍​កាល​ពី​​កុមារភាព​របស់​ខ្ញុំ​មាន​សាលារៀន​ និង​វត្ត​​​​​នៅ​កន្លែង​តែ​មួយ​។ មាន​ថ្ងៃ​មួយ​នៅ​ក្នុង​ព្រះវិហារ​វិចិត្រករ​​មក​គូរ​រូប​ព្រះពុទ្ធ​ហើយ​ខ្ញុំ​ពិត​ជា​​រំភើប​ណាស់​ ដែល​បាន​ឃើញ ព្រោះ​ខ្ញុំ​មិន​ដែល​​ឃើញ​ពួក​គេ​​គូរ​ផ្ទាល់​ភ្នែក​នោះ​ទេ»។

លោក រិទ្ធ បាន​និយាយ​ថា វា​ពិត​ជា​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​ ហើយ​លោក​​​ចាប់​ផ្តើម​ស្រឡាញ់​​ការ​គូរ និង​គូរ​​តាំង​ពី​ពេល​នោះ​មក​។ លោក​ប្រើ​ផ្កាឈូក​ជំនួស​វត្ត ដើម្បី​ឧទ្ទិស​ដល់​រូប​គំនូរ​នៅ​តាម​​ព្រះវិហារ ​ដែល​ជំរុញ​ទឹក​ចិត្ត​​លោក​​ឱ្យ​ក្លាយ​ជា​វិចិត្រករ​នា​ពេល​អនាគត»។

លោក​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ ​«​សរុប​មក​ខ្ញុំ​ដាក់​គោ ស្លឹក​ឈូក និង​ពន្លឺ​រួមគ្នា ដើម្បី​ឧទ្ទិស​ដល់​ឫសគល់​នៃ​​សិល្បៈ​​ ដែល​ខ្ញុំ​បាន​ឃើញ និង​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ដែល​មាន​ក្តី​សង្ឃឹម​ធំ»។

ក្ដី​ស្រឡាញ់​សិល្បៈ​គួប​ផ្សំ​នឹង​ទេពកោសល្យ​ពី​ធម្មជាតិ លោក ​រិទ្ធ​ ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី​ផ្ទះ​​ដើម្បី​ស្វែងរក​ក្ដី​​សង្ឃឹម​ថ្មី​នៅ​សៀមរាប​។ លោក​​បាន​រៀន​ពី​របៀប​គូរ និង​ប្រើប្រាស់​ពណ៌​ទឹក និង​ថ្នាំ​កាវ​ប្លាស្ទិក​ថ្លា​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​ជ្រើសរើស​ពណ៌​ទឹក និង​ថ្នាំ​កាវ​ប្លាស្ទិក​ថ្លា ព្រោះ​វា​ងាយ​ស្រួល​ប្រើ​ជាង​វត្ថុធាតុ​ដើម​ជា​​ប្រេង។ ខ្ញុំ​អាច​យក​វា​ទៅ​ជាមួយ និង​លាប​បាន​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ចង់​បាន​។ មួយ​ទៀត​ខ្ញុំ​គ្រាន់តែ​ប្រើ​ទឹក​ធម្មតា​លាយ​ជាមួយ​សារធាតុ​ពណ៌​ជា​ការ​ស្រេច»​។

ជាមួយ​ការ​ផ្ដល់​សេវាកម្ម​គូរ​រូប​​ឯកជន​រាប់​ចាប់​ពី​សមាជិក​គ្រួសារ​សត្វ​​ចិញ្ចឹម ឬ​រូបថត​ធ្វើ​ដំណើរ​ដែល​ចូល​ចិត្ត តម្លៃ​ចាប់​ពី ២៥០ ដុល្លារ​សម្រាប់​​ទំហំ A4 និង​ធំ​ដូច​ផ្ទាំង​គំនូរ​ជញ្ជាំង​លោក រិទ្ធ​ បន្ដ​ថា​៖ «​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ ការ​គូរ​ពិត​ជា​​ល្អ​ជាង​រូប​ថត​ ព្រោះ​ខ្ញុំ​អាច​គូរ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​តាម​ស្ទីល និង​គំនិត​ប្លែកៗ​។ វា​ក៏​ជា​ជំនាញ​ពិត​នៃ​សិល្បៈ​ផង​ដែរ​»។

លោក រិទ្ធ​ បាន​សហការ​គ្នា​ជាមួយ Open Studio Cambodia ក្នុង​ឆ្នាំ ២០១៩ ដែល​លោក​បន្ដ​ស្វែងរក​ការ​អភិវឌ្ឍ​ខ្លួន​ បង្កើន​ទំនាក់ទំនង និង​ពង្រីក​​វិសាលភាព​មហាជន។

ការ​តាំង​ពិព័រណ៍​ទោល «ប្រែក្លាយ» លើក​ដំបូង​នៅ​សណ្ឋាគារ​ Raffles ​ចាប់​ផ្តើម​នៅ​ថ្ងៃទី ១ ខែ​ឧសភា ជាមួយ​នឹង​កម្មវិធី​បើក​​​​ស្វាគមន៍ និង​សកម្មភាព​​គូរ​​គំនូរ​ផ្ទាល់ ​និង​បន្ដ​​រហូត​ដល់​ថ្ងៃទី ២៩ ខែ​ឧសភា ជាមួយ​នឹង​ពិធី​បិទ និង​ការ​គូរ​គំនូរ​ផ្ទាល់​ម្ដង​ទៀត។

លោក រិទ្ធ ​បាន​ឱ្យ​ដឹង​ថា៖ «​ក្នុង​ឱកាស​​​បើក​សម្ពោធ​ខ្ញុំ​បាន​ធ្វើ​បទបង្ហាញ​​​ដល់​អ្នក​ទស្សនា​ ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​ធ្វើ​ការ​គូរ​គំនូរ​ផ្ទាល់​​​នៅ​ចំពោះ​មុខ​ពួក​គេ​​។​​ គំនូរ​ទាំង​អស់​របស់​​ខ្ញុំ​​កើត​ឡើង​ពី​ការ​ស្រមើស្រមៃ​របស់​ខ្ញុំ។ ប៉ុន្តែ​ពេល​ខ្លះ​ក្រុម Open Studio Cambodia ​​ចែករំលែក​គំនិត​​ជាមួយ​គ្នា​ដែរ»។

ក្នុងការ​បង្កើត​ស្នាដៃ លោក​ជ្រើសរើសពណ៌ទឹក និងថ្នាំកាវប្លាស្ទិកថ្លា។ រូបថត សហការី

លោក​បាន​ចូលរួម​រំលែក​​សុខ​ និង​ទុក្ខ​ជាមួយ Open Studio Cambodia ដែលជា​សមូហភាព​សិល្បករ​ធ្វើការ​ជាមួយ​សិល្បករ​ខ្មែរ​សហសម័យ​នៅ​ខេត្ត​សៀមរាប ក្នុង​គ្រា​ដ៏​លំបាក​នៃ​ការ​រាតត្បាត​នេះ ប្រាក់​ចំណូល​​ដែល​បាន​មក​ពី​ការ​លក់​ស្នាដៃ​​សិល្បៈ​របស់​លោក​ គឺ​ជា​ផលប្រយោជន៍​របស់​ភាគី​ទាំង ២។

លោក រិទ្ធ បាន​អះអាង​ថា​៖ «​ខ្ញុំ​ពិត​ជា​​​រីករាយ​ក្នុង​ការ​ចែករំលែក​កម្រៃ​ជើងសា​របស់​ខ្ញុំ​ជាមួយ Open Studio Cambodia​។ ​ប្រាក់​ពី​ការ​លក់​ស្នាដៃ​​ជួយ​គាំទ្រ​ការ​ផ្គត់ផ្គង់​សិល្បៈ​ការផលិត​ស៊ុម និង​ការ​ដឹក​ជញ្ជូន និង​ស្វែងរក​ការ​តាំង​ពិ​ព័រណ៍សិល្បៈ​ថ្មី​សម្រាប់​សិល្បករ»​។

Open Studio Cambodia ផ្តល់​ជូន​ការ​ចូល​មើល​ស្ទូឌីយោ ដែល​អ្នក​ទស្សនា​​អាច​ជួប និង​ជាវ​ស្នាដៃ​​ដោយ​ផ្ទាល់​ពី​​សិល្បករ​ខ្មែរ​។

ក្នុង​អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ និង​បើក​ការ​​តាំង​ពិព័រណ៍​ទោល​ លោក​ រិទ្ធ ក៏​បាន​ចែក​រំលែក​ជំនាញ​​ជា​វិចិត្រករ​​ពណ៌​ទឹក និង​ថ្នាំ​កាវ​ប្លាស្ទិក​ថ្លា​ និង​​គំនិត​របស់​លោក​សម្រាប់​សិល្បករ​​ជំនាន់​ថ្មី​ក្នុង​នាម​ជា​អ្នក​ស្ម័គ្រ​ចិត្ត។

ព័ត៌មាន​បន្ថែម​មាន​នៅ​ទំព័រ Facebook@openstudiocambodia ឬ ​www.openstudiocambodia.com/hom-rith.html៕