ក្រុង​សៀ​ង​ហៃ៖ គូស្នេហ៍​ ១ ​គូ​នៅ​ទីក្រុង​សៀង​ហៃ​បានជម្នះការបិទខ្ទប់​ និង​បែបបទ​ការិយាធិបតេយ្យ​ ដើម្បី​ប្រារព្ធ​ចំណងអាពាហ៍ពិពាហ៍​ ​នៅក្នុង​ចំណតរថយន្ត​នៃ​បរិវេណ​លំនៅឋាន​របស់​ពួកគេ​បន្ទាប់ពី​ពិធី​មង្គល​និមិត្តរូប​មួយ​ដែល​ធ្វើឡើង​តាមរយៈ Zoom ពី​សហរដ្ឋអាមេរិក​។​


​ជាមួយនឹង​បទចម្រៀងអបអរ​​កូនកំលោះ​ក្រមុំ​ និង​វត្តមានភ្ញៀវ​​ជិតស្និទ្ធ​តិចតួចបំផុតកូនក្រមុំ Janelle Nuyts ​គ្រ​ងឈុត​រ៉ូប​​ពណ៌​ស​ឥតខ្ចោះ ​បាន​ដើរ​ចុះ​តាម​ច្រក​ផ្លូវ​អមដោយ​មន្ត្រី​សុខាភិបាល​ក្នុងឈុត​អាវ​ប្លាស្ទិកស្រោបខ្លួន​ ដើម្បី​តាម​​បាញ់​សម្លាប់​មេរោគ​លើដី​ជុំវិញ​នាង​។​

​ការបិទខ្ទប់​រយៈពេល​ ១​ សប្តាហ៍​របស់​ទីក្រុង​សៀង​ហៃ​ បានធ្វើឱ្យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រជាជន​​ចំនួន២៥លាន​នាក់​សម្ងំដេក ​នៅពេលដែល​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​សូន្យ​-កូវីដ​របស់ខ្លួន​។​


​ប៉ុន្តែ​ការបន្ធូរបន្ថយ​ច្បាប់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះបានអនុញ្ញាត​ឱ្យ​ពលរដ្ឋ​​​មួយចំនួន​ចេញពីផ្ទះ​របស់​ពួកគេ បើទោះបីជា​ភាគច្រើន​ស្ថិតនៅក្នុង​ដែន​កំណត់​នៃ​​​លំនៅឋាន​របស់​ពួកគេ​ក៏ដោយ​។​


​កូនកំលោះ Matthew Mitchenerអាយុ ៣៥​ ឆ្នាំ​បាន​និយាយថា​ ដំបូង​គាត់​មានមន្ទិល​រឿង​រៀបចំ​ពិធីមង្គលការ​ក្នុងអំឡុងពេល​បិទខ្ទប់ ​ប៉ុន្តែភាពស្រពេចស្រពិល​បាន​រលាយបាត់​ពេលដែល​គាត់​បាន​ឃើញ​​កូនក្រមុំ​របស់គាត់​នៅក្នុង​រ៉ូ​ប​អាពាហ៍ពិពាហ៍​​។​


ការ​បិទខ្ទប់ទីក្រុង​សៀ​ង​ហៃ​រយៈ​ពេល​១​សប្តាហ៍​ បានធ្វើឱ្យ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​ប្រជាជន​ចំនួន២៥លាន​នាក់​ប្រែ​ស្ងាត់ជ្រងំ។ AFP

ជនជាតិ​អូស្ត្រាលី​រូបនេះ​បាន​និយាយ​ទាំង​ញញឹមខណៈ​អ្នកជិតខាង​គប់​អង្ករ​ ដើម្បី​សំណាងល្អនិង​លើកទឹកចិត្ត​ថា​៖ «​វា​ជា​រឿងមិនគួរ​ឱ្យជឿ​»​។​

​បន្ទាប់ពី​បាន​ជាប់គាំង​នៅផ្ទះ​អស់​១​ខែ គូស្នេហ៍​១គូ​នេះ​បានរៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​តាម​អ៊ីនធឺណិត​ ដោយអបអរ​ពី​បងប្អូនសាច់ញាតិ​នៅ​សហរដ្ឋអាមេរិក​ មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ចំណតរថយន្ត​នៃ​បរិវេណ​ផ្ទះ​របស់​ពួកគេ ​សម្រាប់​ការ​ប្រារព្ធ​ពិធី​មង្គល​ដ៏​តូច​មួយ​នេះ។​

​ការហាម​ប្រាម​អាពាហ៍ពិពាហ៍​រវាង​ជនបរទេស​នៅក្នុង​ប្រទេស​ចិន​បាន​ចាប់តាំងពី​ឆ្នាំ ២០១៩ ដោយ​កូនកំលោះក្រមុំមិនអាច​​បានការទទួលស្គាល់​​ពី​មន្ត្រី​ចិន ហើយ​ជម្រើស​នៃ​ការរៀបការ​​​នៅ​ស្ថានទូត​របស់​ពួកគេក៏មិនមានដែរ​។​

​ការ​ប្រារព្ធ​ពិធី​ចំណតរថយន្ត​ត្រូវបាន​សម្រេច​ត្រឹម​តែ ១​ ថ្ងៃមុន​ប៉ុណ្ណោះ នៅពេលដែល​អ្នកជិតខាង​របស់​ប្តី​ប្រពន្ធ​១គូ​នេះ​ស្នើឱ្យ​ពួកគេ​រៀបចំ​ពិធីជប់លៀង​ក្រោយពី​មានការ​​​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​។​

​អ្នក​ទាំង២​បានសម្រេច​ចិត្ត​ក្នុង​ខែមីនា​ ដើម្បី​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​តាម​អ៊ីនធឺណិត​បន្ទាប់ដឹងថា​ពួកគេ​មានកូនជាមួយគ្នា។​

កូនក្រមុំ​ Nuyts វ័យ ៣៣ ឆ្នាំ​បាននិយាយ​ថា​៖ «​ពេល​ខ្ញុំ​ស្លៀក​រ៉ូបការ​អ្វីៗ​បាន​ផ្លាស់ប្តូរ​។ វា​លើសពី​ការ​រំពឹង​ទុក​របស់​យើង​។ ​យើង​ពិតជា​មិន​នឹកស្មានថាវា​នឹងមាន​ភាព​រ៉ូ​មែន​ទិ​ក​ខ្លាំងដូច្នេះសោះ»៕ AFP/HR​