ភ្នំពេញៈ នាពេល​ថ្មីៗ​នេះ ក្រុម​ព្រះសុរិយា បាន​បង្ហើប​ឱ្យ​ដឹង​ពី​ការ​​សម្រេច​​នូវ​សមិទ្ធផល​មួយ​ទៀត​នៃ​ការ​​​ចម្លង​រក្សា​ទុក​នូវ​សំណៅ​ឯកសារ​ភាពយន្ត​នៅ​សម័យកាល​​​ទសវត្សរ៍​ទី៧០ ក្រោយ​ពី​​​ដឹង​​​ប្រភព​នៃ​​ដុំហ្វ៊ីល​​​កុន​រឿង​បុរាណ​មួយ​តាំង​ពី​​ឆ្នាំ ២០១៨​ មក។


បើ​តាម​ផេច​ផ្លូវ​ការ​នៃ​ក្រុម​ព្រះសុរិយា​បាន​ឱ្យ​ដឹង​ថា៖ «​ហ្វ៊ីល ១៦ មិល្លីម៉ែត្រ ពណ៌​ធម្មជាតិ​រឿង អ៊ីណាវ បុស្បិបា បាន​​ចម្លង​​រួច​រាល់​ហើយ ​ក្នុង​កម្រិត​គុណភាព​ល្អ​ប្រសើរ។ ​នេះ​ជា​ដំណឹង​ដ៏​ពិ​សេស សម្រាប់​មហា​ប្រិយមិត្ត​ជិត​ឆ្ងាយ​ជាទី​គោរព​​​រាប់អាន​នៃ​ក្រុម​ព្រះសុរិយា​ពេល​នេះ ហ្វ៊ីល​១៦ មិល្លីម៉ែត្រ ​ពណ៌​ធម្មជាតិ​រឿង អ៊ីណាវ បុស្បិបា បាន​ចម្លង​នៅ​ប្រទេស​ថៃ រួច​រាល់​ហើយ ក្រោយ​ពី​ក្រុម​​ព្រះសុរិយា​បាន​រក​​ឃើញ​ហ្វ៊ីល​នៃ​ភាពយន្ត​នេះ​ពី​ដើម​ដល់ចប់ ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ»។

ប្រភព​ដដែល​​បន្ត​ថា៖ «​ក្រោយ​ពី​ជួសជុល​ និង​ចម្លង​ទៅ​តាម​បច្ចេកទេស​ស្តង់ដា​ទំនើប​រួច​មក ​បាន​រក​ឃើញ​ថា​ ហ្វ៊ីល​នេះ​នៅ​​មាន​សំឡេង​ដើម​ច្បាស់​ល្អ ​តែ​ដោយសារ​រយៈកាល​រក្សា​ទុក​យូរ​ខ្វះ​ការ​ថែទាំ ​និង​​​​កន្លែង​រក្សា​​ទុក​ខុស​បច្ចេកទេស​នោះ បណ្តាល​ឱ្យ​ហ្វ៊ីល​នៃ​ភាពយន្ត​នេះ នៅ​សេសសល់​គុណភាព​​ត្រឹមតែ ៧០​ ភាគរយ​ប៉ុណ្ណោះ​ ហើយ​​មាន​កន្លែង​ខ្លះ​បាត់​ដោយ​​​អន្លើ ​តែ​គុណភាព​នៃ​ភាពយន្ត​នេះ​​​មាន​កម្រិតល្អ​ប្រសើរ​​ឆ្ងាយ​ជាង ​ពី​វីដេអូ​ភាពយន្ត​​​នេះ ​ដែល​មហាជន​ធ្លាប់​បាន​​​ឃើញ​ពេល​កន្លង​​ទៅ»​។​


បើ​តាម​លោក វីរៈ វ៉ារ៉ានី ជា​អ្នក​ស្រាវជ្រាវ ចងក្រង​​ចម្រៀង និង​​ភាពយន្ត​នៃ​សម័យកាល ​ទសវត្សរ៍​ទី​ ៦០-៧០ ដើម្បី​ផ្សព្វផ្សាយ និង​ជា​អនុប្រធាន​នៃ​​​ក្រុម​ព្រះសុរិយា បាន​ឱ្យ​ដឹង​ពី​​ប្រវត្តិ​នៃ​រឿង​ អ៊ីណាវ បុស្បិបា នេះ​​ដែរ​ថា​៖ «មហា​ខ្សែ​ភាពយន្ត​​រឿង អ៊ីណាវ បុស្បិបា នេះ​គឺ​ជា​ភាពយន្ត​ដ៏​ល្បីល្បាញ​កំពូល​​​មួយ ​​កាល​ពី​មុន​ឆ្នាំ ១៩៧៥ វា​ជា​ស្នាដៃ​ដ៏​សម្រិតសម្រាំង​​នៃ​ផលិតកម្ម​បក្សី​ឋានសួគ៌​ភាពយន្ត​ ​ដឹកនាំ​​ដោយ​​លោក អ៊ីវ៉ុង ហែម។​ ភាពយន្ត​ដ៏​ល្បីល្បាញ​នេះ​ គឺ​ជា​ប្រភេទ​​រឿង​​ព្រេង​បុរាណ​របស់​ជាតិ​ជ្វា​ ក្រោម​​ចំណង​ជើង​ដើម​នៃ​រឿង​ថា «​ប៉ាន់​​យី​»​។ នៅ​សម័យ​​ឧដុង្គ​ ប្រទេស​​កម្ពុជា​ យើង​បាន​ទទួល​ឥទ្ធិពល​រឿង​​នេះ ​​ពី​ជ្រោយ​​​កោះជ្វា​ ក្រោម​ជំនួញ​​របស់​ពួក​ជ្វា ហើយ​ដូនតា​ខ្មែរ​ក៏​បាន​សម្រិតសម្រាំង​ កែ​ច្នៃ​ប្រឌិត​​ឱ្យ​​មាន​លក្ខណៈ​ជា​ខ្មែរ ដោយ​​បាន​បញ្ចូល​ឈុត​ឆាក ​និង​រសជាតិ​បែប​ខ្មែរ​ទាំង​​ស្រុង ហើយ​​មហាជន​បាន​ស្គាល់​​រឿង​នេះ​ភាគ​ច្រើន​តាមរយៈ​ការ​និទាន​តៗ​​​គ្នា ​និង​ការ​សម្តែង​រឿង​​ជា​របាំ​ព្រះរាជទ្រព្យ»។


ក្រៅ​ពី​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​នោះ ​ប្រទេស​សៀម​ ប្រទេស​​លាវ​ និង​ប្រទេស​ភូមា ក៏​​បាន​ទទួល​ឥទ្ធិពល​រឿង​នេះ​ផង​​ដែរ​។ ​នៅ​ទសវត្សរ៍​ឆ្នាំ​ទី​២០ អ្នក​​ឧកញ៉ា​វិបុលរាជសេនា ​នូ កន បាន​សរសេរ​ចងក្រង​រឿង​នេះ ​មក​ជា​សំណេរ​នៃ​ពាក្យ​កាព្យ។ អ្នក​ស្រាវជ្រាវ ចងក្រង​ចម្រៀង និង​​ភាពយន្ត​នៃ​ក្រុម​ព្រះសុរិយា​រូប​នេះ បាន​​បន្ត​ថា៖ «​ខ្សែ​ភាពយន្ត​នេះ បាន​បញ្ចាំង​លើក​ដំបូង​ថ្ងៃទី ២០ ​ខែ​ កក្កដា ឆ្នាំ ១៩៦៨​ នៅ​រោង​ភាពយន្ត​​អេដែន​ នៅ​រាជ​ធានីភ្នំពេញ ​ទទួល​​បាន​ជោគជ័យ​​សម្បើម​​អស្ចារ្យ។ រឿង​នេះ​​សម្តែង​ ដោយ​​ក្រុម​តារា​​ល្បីៗ​នៃ​ប្រទស​​កម្ពុជា ​រួម​មាន​លោក គង់​ សំអឿន អ្នកនាង សោម វណ្ណ ស៊ូដានី លោកស្រី សាក់ស៊ី ស្បោង លោក ម៉ុង ដូលីន លោក​ ប៉ិច សាលឿន និង​លោកស្រី ម៉ែម៉ឺន ជាដើម។


ផលិតករ​ក៏​​បាន​ដាក់​បញ្ចូល​ចម្រៀង ​​២​ បទ​ដ៏​ពី​រោះ​បក​​ស្រាយ​​ដោយ​លោក ស៊ីន ស៊ីសាមុត លោកស្រី ប៉ែន រ៉ន និង​ រស់ សេរីសុទ្ធា»៕​