ភ្នំពេញ: ក្រោម​ការ​ដាក់​ទុន​កម្លាំង​កាយ​ចិត្ត​ហ្វឹកហាត់​​ក្បាច់រាំ​យ៉ាង​ទន់ភ្លន់​បង្កប់​ដោយ​អត្ថន័យ នាដកា​ខ្មែរ និង​​កូន​ខ្មែរ​នៅ​ទឹកដី​បារាំង​ដែល​​ស្នេហា​សិល្បៈ​របាំ​បុរាណ និង​សហសម័យ នឹង​បង្ហាញ​ទស្សនីយភាព​សម្ដែង​នៅ ​Chateau de Digeon នៅ​ថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ ​២០២២។

ទំព័រ​ហ្វេសប៊ុក​សមាគម​របាំ​ខ្មែរ​​នេះ ​បាន​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​នៅ​បារាំង​ថា៖ «ការ​សម្ដែង​​សិល្បៈ​របាំ​បុរាណ​ខ្មែរ​ ដែល​​​រៀបចំ​ឡើង​ដោយ​សមាគម​​ទេពមនោរម្យ​នៅ​ថ្ងៃទី​ ១៤​ ខែ​ឧសភា​ ខាង​មុខ​នេះ​ បាន​ឈាន​ជិត​​ចូល​មក​ដល់​​ហើយ​ ដោយ​អម​ជាមួយ​នឹង​ស្នាដៃ​ថ្មីៗ​​ដែល​បង្កើត​ឡើង​ដោយ​ទេពមនោរម្យ»។

ក្រៅ​ពី​ប្រកាស​​​ស្វាគមន៍​ការ​កក់​សំបុត្រ​ឱ្យ​បាន​រួសរាន់ ប្រភព​ដដែល​បាន​បន្ត​ថា៖ «​មិន​​ត្រឹមតែ​ការ​ចូល​ទស្សនា​របាំ​ ១ មុខ​ទេ​ គឺ​លោក​អ្នក​អាច​​​ដើរ​​កម្សាន្ត​ទស្សនា​លេង​នៅ​ក្នុង​​សួន​ច្បារ​ដ៏ល្អ​ស្រស់​បំ​ព្រង​ថែម​ទៀត​ផង​»។


ទេពមនោរម្យ​មាន​ការ​ហ្វឹកហាត់​របាំ​បុរាណ​ខ្មែរ​រាល់​ថ្ងៃ​សៅរ៍​ ដែល​បង្ហាត់​ដោយ​អ្នក​គ្រូ​ ​ចាប ​ចំរើនតុលា​ និង​អ្នក​គ្រូ​ ចាប​ ចំរើនមិនា​ ប្រកប​ដោយ​គុណភាព​ ហើយ​​​ការ​បង្ហាត់​បង្ហាញ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​បន្ថែម​​​ជាមួយ​ការ​មើលថែ​យ៉ាង​ហ្មត់ចត់​ពី​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ស៊ីសុវត្ថិ ​កល្យាណទេវី​ រួម​ជាមួយ​ លោក​ Neaka Lim និង​ លោក​ Nimara Hin។

ដើម្បី​ត្រៀម​ការ​សម្ដែង​នៅ​ថ្ងៃ​សៅរ៍​នេះ សមាគម​ក៏​មាន​សកម្មភាព​រៀបចំ​ការ​សំពះ​គ្រូ​ ដែល​ត្រូវ​បាន​ធ្វើ​សម្រាប់​មុន​ និង​ចេញ​សម្ដែង ដើម្បី​ប្រសិទ្ធិពរជ័យ​ សិរី​សួស្តី​ ជ័យមង្គល​​ ហើយ​សូម​ឱ្យ​សិស្ស​មិន​ភ័យ​លើ​ឆាក​​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្ដែង៕