ក្រុង​ប៉ារីស៖ មាន់គក ​១​ ក្បាល​ឈ្មោះ «Pitikok» បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​កើត​ទុក្ខ​ទោម្នេញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ហើយ​ឥឡូវនេះពលរដ្ឋ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​សាកល្បង​ដែន​កំណ​ត់ច្បាប់​ពី​ករណី​សំឡេង​​រំខាន​​​។​


​អ្នកជិតខាង​ខឹងសម្បា​នឹង​សម្រែក​រងាវ​កោក​កាក​ បាន​បីសត្វ​មាន់​ជា​ម្ចាស់​សម្រែកទៅ​តុលាការ​។​

​ប៉ុន្តែ​​អ្នកស្រី​​ជា​ម្ចាស់មាន់​គក​អាច​រួច​ផុតពី​ការពិន័យ​ក្រោម​ច្បាប់​ថ្មី​ដែល​ការពារ «កេរដំណែល​​សញ្ញាណ​​»​ នៅ​ទីជនបទចាប់​ពី​សំឡេង​កណ្ដឹង​​​ព្រះវិហាររហូត​ដល់​​ក្លិន​សត្វពាហនៈ​​ក្នុង​កសិដ្ឋាន​។​


​ម្ចាស់​មាន់គក​​នៅក្នុង​ភូមិ Oursbelille ចម្ងាយ ១៥០ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Toulouse បាន​ប្រឈម​​នឹង​ពាក្យ​បណ្តឹង​សា​ជា​ថ្មី​ហើយ​គ្រោង​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​ក្នុង​ខែមិថុនា​។​


​​


សំឡេង​មាន់គក​​នៅក្នុង​ភូមិOursbelille ចម្ងាយ១៥០គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Toulouse បាន​ធ្វើ​ឱ្យ​ម្ចាស់វា​ប្រឈម​​នឹង​ក្ដីក្ដាំ។ AFP

ម្ចាស់មាន់​គក​ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយថា​៖ «​រឿង​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ២០១៩មក​។ បុរស​​អ្នកជិត​ខាង​​​ក្បែរ​​នោះដែល​មក​វិស្សមកាល​តែ​២ដង​ក្នុង​១ឆ្នាំ​ (​គាត់​) បាន​មកជួប​ខ្ញុំ និង​​ទាមទារ​ឱ្យ​ខ្ញុំ​​យក​មាន់​របស់​ខ្ញុំ​​ចេញ​»​។​

អ្នកស្រី​​បាន​ប្រាប់ទីភ្នាក់ងារ​ AFP ថា៖«ការព្យាយាម​សម្របសម្រួល​បាន​បរាជ័យ​​​ដោយសារតែ​ដំណោះស្រាយ​តែ ១ គត់ ​ដែលលោក​ម្ចាស់ផ្ទះ​ជិត​ខាង ​បានស្នើ​នោះ​ គឺថា​យើង​ត្រូវ​តែ​យក​សត្វ​របស់​យើងចេញ​​​។​ អស់​ឆ្ងល់​ហ្មង!»។

ករណីនេះ​រំឭក​ឡើងវិញ​នូវ​វិវាទ​ជា​បន្តបន្ទាប់​​​បាន​កើតឡើងដល់​​អ្នកភូមិ​ ដែលមាន​កសិដ្ឋាន​តូចៗ​ធ្វើ​ឱ្យ​ទាស់​ចិត្ដ​​អ្នកមិនស៊ាំ​នឹង​សំឡេង​ស្រុកស្រែជនបទ ដែលភាគច្រើន​​ជា​អ្នក​ចំណូល​ថ្មី ឬ​អ្នកមក​​វិស្សមកាល​ដើម្បី​ស្វែងរក​ភាព​ស្ងប់ស្ងាត់​នៅតាម​ជនបទ​។​

​នៅក្នុង​ជម្លោះ​ពាក់​ព័ន្ធ​​​សត្វ​ស្លាប​ ១ករណី​​ផ្សេងទៀត​បាន​ល្បី​​ទូទាំង​ពិភពលោក​។ កាលនោះមាន់គកឈ្មោះម៉ូរីស (Maurice) និង​ម្ចាស់​របស់​វា​បាន​ឈ្នះ​ក្ដី​តាមផ្លូវ​ច្បាប់​ជាមួយ​អ្នកជិតខាង​ក្នុង​ខែកញ្ញា ឆ្នាំ២០១៩ដោយ​ចៅក្រម​​បាន​ច្រានចោល​ការអះអាង​ពី​ការរំខាន​ដល់​​ភាព​ស្ងប់ស្ងាត់​​។​

បុរស​ម្នាក់​កាន់​មាន់គក នៅ​មុខ​សំណង់ទួរអេហ្វែល ទីក្រុងប៉ារីស ប្រទេសបារាំង។ AFP

ប៉ុន្តែ​ជម្លោះ​បែបនេះ​ត្រូវបាន​គេ​ដឹងថា​បាន​ក្លាយជា​ហិង្សា​។ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​កាលពី​ខែសីហា ឆ្នាំ២០២០ ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់មាន់ឈ្មោះម៉ារសែល (Marcel) ​ជា​មាន់គក​​ដែល​ត្រូវបាន​បាញ់សម្លាប់​ដោយ​អ្នកជិតខាង​នៅឃុំ Vinzieux ភាគខាងត្បូង​ប្រទេស​បារាំង​។​

​ឧប្បត្តិហេតុ​បែបនេះ​បាន​ជំរុញ​ឱ្យ​សមាជិកសភា​អនុម័ត​ច្បាប់​កេរដំណែល​​ជនបទ​ក្នុង​ខែមករា​ឆ្នាំ២០២១ ដោយ​ការពារអត្តសញ្ញាណ​សំឡេង​​នៅ​ស្រុកស្រែ​ជនបទ​ដូចជា ​ទា និង​សំឡេង​ត្រាក់ទ័រ​មុន​ថ្ងៃ​រះ ក៏ដូចជា​កណ្ដឹង​ពាក់​ក​សត្វពាហនៈ​ និង​លាមក​គោ​ក្របីជាដើម។

អ្នកនាង Stephane Jaffrain មេធាវី​របស់​ម្ចាស់មាន់គក ​Pitikok បាន​និយាយថា៖ «​ជាថ្មី​ម្តងទៀត​យើង​កំពុង​ដោះស្រាយ​ជាមួយនឹងអ្នក​ទើប​មកនៅ​​ថ្មីៗ​ដែល​មក​លេង​ជនបទ​ ហើយ​​​មិនអាចទ្រាំទ្រ​ ឬពិបាក​ស៊ូទ្រាំ​ជាមួយ​សំឡេង​​ធម្មជាតិ​»៕ AFP/HR ​

មាន់គកឈ្មោះម៉ូរីស និង​ម្ចាស់​របស់​វា​បាន​ឈ្នះ​ក្ដី​តាមផ្លូវ​ច្បាប់​ជាមួយ​អ្នកជិតខាង​ក្នុង​ខែកញ្ញាឆ្នាំ២០១៩។ AFP