​ភ្នំពេញៈ ភាពយន្ត​ជាប់​ក្នុង​ជម្រើស​កម្មវិធី​មហោស្រព​ភាព​​យន្ត​ក្រុង​កាន​ The Cannes Film Festival ផលិត​ចន្លោះ​ឆ្នាំ​ ២០២០-២០២១ ចំនួន ១៩ ​រឿង និង​ខ្សែភាពយន្ត​ផលិត​នៅ​ឆ្នាំ​ផ្សេងៗ ចំនួន ២០ រឿង នឹង​យកទៅ​ចាក់​បញ្ចាំង​ឱ្យ​ទស្សនា​កម្សាន្ត​នៅក្នុង​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា ​តាមរយៈ​កម្មវិធី «​មហោស្រព​ភាពយន្ត​ក្រុង​កាន នៅ​ភ្នំពេញ​-Cannes in Phnom Penh»​។


​កម្មវិធី «​មហោស្រព​ភាព​យន្ត​ក្រុង​កាន នៅ​ភ្នំពេញ​ Cannes in Phnom Penh » នេះ នឹងធ្វើ​រយៈពេល ៩ ​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី ​២០ ដល់​ថ្ងៃទី ​២៨ ខែ ឧសភា ឆ្នាំ ​២០២២ ខាងមុខនេះ​។

​បើតាម​សេចក្តីប្រកាស​ព័​ត៌មាន​ពី​វិទ្យាស្ថាន​បារាំង ប្រចាំ​នៅ​កម្ពុជាបានឱ្យដឹងថា​៖ «​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន នាពេលនេះ បានមក​ប្រារព្ធ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ហើយ​! ​វិទ្យាស្ថាន​បារាំង កំពុងតែ​សហការ​ជាមួយ​ដៃគូរោង​​កុន​ធំៗ​គឺ Major Cineplex ដើម្បី​ជ្រើស​យក​ខ្សែភាពយន្ត​ដែលជា​ប់​ក្នុង​ជម្រើស​ផ្សាយ​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន ផលិត​នៅ​ចន្លោះ​ឆ្នាំ ​២០២០-២០២១ ចំនួន ១៩ រឿង និង​ភាពយន្ត​ផលិត​នៅ​ឆ្នាំ​ផ្សេងៗ​ចំនួន ២០​ រឿង​ទៀត (​ដោយ​កុន ៦ ​រឿង បញ្ចាំង​នៅ​រោងកុន Major Cineplex និង​កុន ១៦ ​រឿង​ចាក់​បញ្ចាំង​នៅ​រោងកុន​នៃ​វិទ្យាស្ថាន​បារាំង​)​។ ខណៈ​ថ្ងៃ​បើកសម្ពោធ​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន នៅ​ភ្នំពេញ​នោះ លោកអ្នក​នឹង​បាន​ទស្សនា​ខ្សែភាពយន្ត​រឿង «Memoria» ផលិត​ដោយ Apichatpong Weerasethakul ជា​រឿង​ ១ ​ក្នុងចំណោម​វណ្ណ​កម្ម​ថ្មី​ទាំង ១៩ រឿង ដែល​ផលិត​នៅ​ឆ្នាំ​ ២០២០-២០២១ និង​មានការ​​សម្តែង​របាំ​តុង​ហ្គោ​ផងដែរ​»​។


​ប្រភព​ដដែល​បាន​បន្តថា​៖ «​ការរៀបចំ​មហោស្រព​ភាព​​យន្ត​ក្រុង​កាន នៅ​ភ្នំពេញ​នេះ ដើម្បី​អបអរសាទរ​ដល់​ការ​​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាព​​យន្ត​ក្រុង​កាន នៅ​ប្រទេស​បារាំង ខួប​លើក​ទី​៧៥ ដែល​គេ​បានចាប់ផ្តើម​ធ្វើ​ពីថ្ងៃ​ទី​ ១៧ រហូតដល់​ថ្ងៃទី​ ២៨ ខែ ឧសភា ឆ្នាំ ​២០២២​។ មហោស្រព​ភាពយន្ត​ក្រុង​កាន នេះ​គឺជា​កម្មវិធី​មួយ​ដ៏​ល្បីល្បាញ​នៅលើ​សកល​​លោក​។ ជា​រៀងរាល់ឆ្នាំ គេ​បាន​អ​ញ្ចើ​ញ​សិល្បករ និង​ផលិតករ នៅ​ជុំវិញ​ពិភពលោក​មក​ចូល​​រួម​កម្មវិធី​នេះ ដើម្បី​បកស្រាយ និង​បង្ហាញ​ពី​ស្នាដៃ​ខ្លួន ក្នុង​កិច្ច​ការរួម​គ្នា​បង្កើត​ជាស​ម្ព័​ន្ធ​ភាព​លើ​វិស័យ​ភាពយន្ត នាពេល​​បច្ចុប្បន្ន និង​ពេលអនាគត នៅលើ​សកលលោក​។


​គួរ​រំឭក​ដែរ នៅ​ឆ្នាំ ​២០១៩ គេ​ឃើញ​មាន​ខ្សែភាពយន្ត​ដែល​ជាប់​ជម្រើស​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន ចំនួន ៥៧ រឿង បានមកពី​ចំនួន ៣៥ ប្រទេស​ផ្សេងគ្នា ខណៈ​កម្មវិធី​ទាំងមូល​នៅក្នុង​ឆ្នាំ ​២០១៩ នេះ មាន​សិល្បករ និង​ផលិតករ​មកពី​ជុំវិញ​ពិភព​លោក​ចំនួន​ ១៧០ ​ប្រទេស​ឯណោះ​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា ការ​ប្រារព្ធ​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន នៅ​ភ្នំពេញ ធ្លាប់​បានធ្វើ​លើកដំបូង​ក្នុង​ឆ្នាំ ​២០១៨ ខណៈ​មកដល់​ឆ្នាំ ​២០២២ នេះ ទើប​អាច​រៀបចំ​កម្មវិធី​នេះ មកវិញ​បាន​ម្តងទៀត​។


បើ​យោងតាម លោក ឆន ប៊ុន​ឈឿន បុគ្គលិក​ផ្នែក​ទំនាក់​​ទំនង​ព័ត៌មាន​នៃ​វិទ្យា​សា្ថ​ន​បារាំង បង្ហើប​ឱ្យដឹងថា​៖ «​កម្ម​វិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន នេះ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ទើបតែ​ដល់​ឆ្នាំ ​២០២២ ទើប​យើង​បានរៀបចំ​ម្តងទៀត​។ ការរៀបចំ​លើក​មុន​ចុងក្រោយបង្អស់​នោះ គឺ​នៅ​​ក្នុង​ឆ្នាំ ​២០១៨»​។​

​សម្រាប់​ការ​ទស្សនា​ខ្សែ​ភាព​​យន្ត​ទាំង ៣៩ រឿង ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កាន ឆ្នាំ ​២០២២ នេះ ក៏​តម្រូវឱ្យ​ជាវ​សំបុត្រ​ទស្សនា​ដែរ ដោយ​សំបុត្រ ១ តម្លៃ ៣ ដុល្លារ សម្រាប់​ការ​ទស្សនា ១ រឿង ខណៈ​ការចំណាយ ២០ ​ដុល្លារ សម្រាប់​ការ​ទស្សនា​ខ្សែ​ភាព​យន្ត​ទាំងអស់​។ សំបុត្រ​កុន​អា​ចរក​ជាវ​បាន​នៅឯ​វិទ្យាស្ថាន​បារាំង ចាប់ពី​ថ្ងៃទី ​២០ ខែ​ ​ឧសភា ឆ្នាំ ​២០២២ តទៅ​៕