
រថយន្ត Mercedes ស៊េរីចាស់ ១ គ្រឿង លក់បានកំណត់ត្រា $១៤៣លានពីការដេញថ្លៃ។ AFP
ទីក្រុងឡុងដ៍៖ ក្រុមហ៊ុន RM Sotheby''s បានប្រកាសថារថយន្ត Mercedes-Benz ស៊េរីឆ្នាំ ១៩៥៥ ដែលជារថយន្តមួយក្នុងចំណោមតែ ២ គ្រឿងគត់នៃស៊េរីនេះត្រូវបានដេញថ្លៃកាលពីដើមខែនេះ ក្នុង តម្លៃ ១៣៥ លានអឺរ៉ូ (១៤៣ លានដុល្លារ) ដែលធ្វើឱ្យវាក្លាយជារថយន្តថ្លៃបំផុតដែលមិនធ្លាប់លក់ពីមុនមក។
ក្រុមហ៊ុនដេញថ្លៃរថយន្តបុរាណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្ត Mercedes-Benz 300 SLR Uhlenhaut ត្រូវបានលក់ទៅឱ្យអ្នកប្រមែប្រមូលវត្ថុមានតម្លៃឯកជនមួយដោយទទួលបានតម្លៃស្ទើរតែ ៣ ដង នៃតម្លៃកំណត់ត្រាមុនក្នុងឆ្នាំ ២០១៨ ដោយរថយន្ត Ferrari 250 GTO ឆ្នាំ ១៩៦២ ដែលមានតម្លៃ ៤៨ លានដុល្លារ។
ការដេញថ្លៃតែ ១គត់ដែលបានធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា នៅឯសារមន្ទីរ Mercedes Benz ក្នុងទីក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ បានបន្ថែមឱ្យដឹងថា តម្លៃដ៏ខ្ពស់កប់ពពករបស់រថយន្តនេះបានធ្វើឱ្យវាបានចូលទៅក្នុងបញ្ជី «វត្ថុមានតម្លៃបំផុតទាំង ១០ ដែលត្រូវបានលក់ក្នុងការដេញថ្លៃ»។
យោងតាមចំណាត់ថ្នាក់របស់ AFP នៃស្នាដៃសិល្បៈដែលត្រូវបានលក់ដេញថ្លៃក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរថយន្ត 300 SLR ជាប់ចំណាត់ថ្នាក់ទី៦ ឬទី៧ ជាមួយនឹងកំណត់ត្រាគ្រប់ពេលវេលាត្រូវបានកាន់កាប់ដោយស្នាដៃសិល្បៈ Salvator Mundi របស់វិចិត្រករ ឡេអូណាដូ ដា វាំងស៊ី ដែលបានលក់ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ក្នុងតម្លៃ ៤៥០,៣ លានដុល្លារ។
បន្ទាប់មកគឺស្នាដៃគំនូរតារាហូលីវូដ Shot Sage Blue Marilyn ដោយវិចិត្រករ អេនឌី វ័រហូល ដែលលក់ក្នុងខែនេះផងដែរក្នុងតម្លៃ ១៩៥ លានដុល្លារ។

រថយន្ត Mercedes-Benz 300 SLR Uhlenhaut ត្រូវបានថតរូបទុកកាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៩៥៥។ AFP
ដោយឡែករថយន្តនេះគឺជាគំរូ ១ ក្នុងចំណោមរថយន្តគំរូ ២ ដែលត្រូវបានបង្កើតឡើងដោយនាយកដ្ឋានប្រណាំងរថយន្ត Mercedes-Benz ហើយត្រូវបានដាក់ឈ្មោះតាមអ្នកបង្កើត និងជាប្រធានវិស្វករ Rudolf Uhlenhaut។ នេះបើយោងតាមក្រុមហ៊ុនដេញថ្លៃ RM Sotheby''s ។
ក្រុមហ៊ុនដេញថ្លៃបានបន្ថែមថា៖ «អ្នកទិញឯកជនបានយល់ព្រមថារថយន្ត 300 SLR Uhlenhaut Coupe នឹងនៅប្រើសម្រាប់ការតាំងបង្ហាញជាសាធារណៈក្នុងឱកាសពិសេសម្ដងម្កាល ខណៈដែលរថយន្តស៊េរី 300 SLR Coupe គ្រឿងទី២ នៅតែស្ថិតក្នុងកម្មសិទ្ធិក្រុមហ៊ុននឹងបន្តដាក់តាំងបង្ហាញនៅសារមន្ទីរ Mercedes-Benz ក្នុងទីក្រុង Stuttgart»។
យោងតាមរបាយការណ៍របស់ RM Sotheby''s រថយន្ត 300 SLR ដែលអាចសម្គាល់បានដោយខ្សែលើតួរថយន្ត និងទ្វារមេអំបៅ ត្រូវបានគេយកគំរូតាមរថយន្តប្រណាំង W196 R Grand Prix ដែលធ្លាប់បានឈ្នះជើងឯកពិភពលោក Formula 1 ចំនួន ២ នៅឆ្នាំ ១៩៥៤ និង ១៩៥៥ ដោយមានជនជាតិអ៊ីតាលី Juan Manuel Fangio ជាអ្នកបញ្ជាចង្កូត។
ប៉ុន្តែនៅខែមិថុនាឆ្នាំ១៩៥៥ សោកនាដកម្មបានវាយប្រហារក្រុម Mercedes-Benz នៅពេលដែលការប្រណាំង 24 Hours of Le Mans ការធ្លាក់រថយន្ត SLR ១ គ្រឿងក្នុងចំណោម ៣០០ គ្រឿងបានសម្លាប់អ្នកបើកបរជនជាតិបារាំង Pierre Levegh និងអ្នកទស្សនាចំនួន ៨៣ នាក់។
សោកនាដកម្មនោះដែលជាសោកនាដកម្មដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រណាំងរថយន្ត និងបានបង្ខំឱ្យក្រុមហ៊ុនដកខ្លួនចេញពីវិស័យកីឡានេះអស់រយៈពេលជាច្រើនឆ្នាំ។
ក្រុមហ៊ុន RM Sotheby''s បាននិយាយថា ប្រាក់ចំណូលដែលបានមកពីការដេញថ្លៃនេះនឹងត្រូវប្រើប្រាស់ដើម្បីបង្កើតមូលនិធិ Mercedes-Benz ទូទាំងពិភពលោកដែលនឹងផ្តល់មូលនិធិដល់ការស្រាវជ្រាវវិទ្យាសាស្ត្របរិស្ថាន និងបដិវត្តន៍កាត់បន្ថយឧស្ម័នកាបោន៕ AFP

ខ្សែបន្ទាត់លើតួរថយន្ត និងទ្វារមេអំបៅ ជាភាពពិសេសនៃ Mercedes-Benz 300 SLR Uhlenhaut ឆ្នាំ ១៩៥៥។ AFP