ភ្នំពេញ: ភាពយន្ត​ «​គ្រួសារ​» (Coalesce) ដែល​និពន្ធ និង​ដឹកនាំ​ដោយ លោក Jesse Miceli ផ្ដិត​យក​សាច់រឿង​សង្គម​ដោយ​ផ្ដោតលើ​បុរស ៣ ​នាក់ មាន​វ័យ សាវតារ និង​ស្ថាន​ភាពខុសៗ​គ្នា ត្រូវបាន​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល Barbican Centre នៃ​ម​ហោ​​ស្រព​ភាពយន្ត Queer East Film Festival កាលពី​ថ្ងៃទី​ ១៩ ខែឧសភា​។

​បុរស​ក្មេង​ជាងគេ សុង​សា មកពី​សហគមន៍​ក្រីក្រ និង​ត្រូវ​បង្ខំ​ឱ្យ​លក់​ខោអាវ​ចល័ត​តាម​រ៉ឺម៉ក មុននឹង​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​តន្ត្រី death metal​។​

​បុរស​ម្នាក់ទៀត​ឈ្មោះ ធី ជា​អ្នក​នៅ​ជាយក្រុង បម្រើការ​ដោយ​ប្រើ​ពលកម្ម និង​រាប់ខ្លួន​ឯង​ជា​កូន​សម្អប់​ក្នុង​គ្រួសារ​។ ធី ធ្លាប់​គេង​ជាមួយ​បុរស និង​នារី ប៉ុន្តែ​អ្វីដែល​ច្បាស់​ គឺ​បទ​ពិសោធ​ផ្លូវភេទ​ដូចគ្នា​ជា​ថ្នូរ​នឹង​ប្រាក់​។ បំណង​ចង់​ទិញ​ម៉ូតូ និង​ដើរហើរ​មាន​សេរីភាព បានធ្វើឱ្យ​ធី​ចូល​បម្រើការ​ជា​អ្នករាំ​នៅ​បា​រ៍​ប្រុស​ស្រឡាញ់​ប្រុស​។


​តួអង្គ​ម្នាក់ទៀត ជា​បុរស​រៀប​​ការ​រួច​ឈ្មោះ ភារ​ម្យ ចំណាយ​​ពេល​រត់​តាក់ស៊ី​ដោះបំណុល និង​ពុំមាន​ពេល​សប្បាយ​នឹង​គេ​។ ភារ​ម្យ ដឹក​ភ្ញៀវ​ទៅកាន់​តំបន់​ទេសចរណ៍ វប្បធម៌ និង​កម្សាន្ត​នៃ​ទីក្រុង​ភ្នំពេញ ជា​បេះដូង​នៃ​សេដ្ឋកិច្ច ឧស្សាហកម្ម និង​វប្បធម៌​នៃ​កម្ពុជា ដែល​ទាក់ទាញ​ទេសចរ​មកពី​គ្រប់ទិសទី និង​អ្នកវិនិយោគ​ចិន​។

​អ្នកដឹកនាំ​រឿង​ប្រើ​សកម្មភាព​ដ៏​មមាញឹក​នៃ​ទីក្រុង ជាពិសេស​ពន្លឺភ្លើង​ណេ​អុង​ពេល​រាត្រី ដោយ​ឈុត​ឆាក​ស្រុកស្រែ​ត្រូវបាន​ថត​នៅពេល​ព្រឹក​។ ឈុត​​ឆាក​ភាគច្រើន​បង្ហាញ​តួអង្គ​ធ្វើដំណើរ​តាមផ្លូវ ដែល​ស្ដែង​ពី​ជីវិត​ឥត​សម្រាក​។​


​អ្នកដឹកនាំ​រឿង Miceli ពុំ​ប្រើ​ភាពយន្ត​នេះ​ដើម្បី​វាយតម្លៃ​តួអង្គ​ណាមួយ​ទេ ដោយ​រាល់​ការសម្រេចចិត្ត​របស់​ពួកគេ​ គឺជា​ការឆ្លើយតប​នឹង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ជីវិត​។ ជាជាង​ជ្រើស​យក​ការលំបាក​តូចចិត្ត តួអង្គ​ជ្រើសរើស​ការដើរតាម​គន្លង​វាសនា និង​រក្សា​កូន​ចិត្ត​នៃ​ក្ដីសង្ឃឹម​។​

តួអង្គធ្វើ​ការ​នៅ​បារ៍ប្រុសស្រឡាញ់ប្រុស។ រូបថត queereast.org.uk/

​លោក Miceli បាន​បម្រើការ​នៅ​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន បន្ទាប់ពី​បញ្ចប់​ការសិក្សា​ផ្នែក​ភាពយន្ត​នៅ Sorbonne Nouvelle University ក្រុង​​ប៉ារីស​។ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ​២០១០ លោក​បាន​មកលេង​កម្ពុ​ជា និង​ជាប់​ចិត្តនឹង​រាជា​ណា​ចក្រ​នេះ ដោយ​បន្ត​ផលិតភាព​យន្ត​ជា​ភាសា​ខ្មែរ ជាមួយ​តួ​សម្ដែង​កម្ពុជា និង​ក្រុមការងារ​ផលិត​ក្នុងស្រុក​។​

​វិល​ត្រឡប់មក​ភាពយន្ត​រឿង «​គ្រួសារ​» ចម្ងល់​ស្ថិត​ត្រង់​ថា តើ​វាសនា​របស់​បុរស​ទាំង​៣​ក្នុង​ដំណើរ​រត់​រកប្រាក់​ចិញ្ចឹមជីវិត​នៅក្នុង​ពិភពលោក ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នេះ​នឹង​ទៅជា​យ៉ាងណា​។​

Queer East Film Festival គឺជា​មហោស្រព​ភាពយន្ត​ផ្ដោតលើ​វណ្ណ​កម្ម​ពុំ​សូវ​ត្រូវបាន​ចាក់​បញ្ចាំង និង​ភាពយន្ត​មាន​សាច់រឿង​ប្រុស​ស្រឡាញ់​ប្រុស ស្រី​ស្រឡាញ់​ស្រី អ្នក​ស្រឡាញ់​ពហុ​ភេទ អ្នក​កែ​ភេទ និង​អ្នក​មិនអាច​កំណត់​ភេទ​ខ្លួនឯង​។ មហោស្រព​ស្វាគមន៍​ភាពយន្ត​ពី​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ ដើម្បី​លើកកម្ពស់​សំឡេង​សហ​​គម​ន៍​អាស៊ី​នៅ​អង់គ្លេស​។​

​នេះ​ជា​លើក​ទី​៣ នៃ​ម​ហោ​​ស្រព Queer East Film Festival ដែល​បានចាប់ផ្ដើម​ពីថ្ងៃ​ទី ​១៨ និង​បន្ត​ដល់​ថ្ងៃទី ​២៩ ខែ ឧសភា ឆ្នាំ ​២០២២​។​

​ព័ត៌មាន​បន្ថែម​ពី​មហោស្រព និង​ការ​ទស្សនា​សម្រង់​វីដេអូ​ខ្លី​ពី​រឿង «​គ្រួសារ​» មាននៅ​វេ​ប​សាយ queereast.org.uk/film/coalesce/៕