ភ្នំពេញៈលោក​ តាន់​ គីម​សួរ ប្រ​ធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​បៃ​តង​វ៉រ​រៀរ​ នៅ​ថ្ងៃទី​ ១៣ ខែ ​មិថុនា ​ឆ្នាំ​ ២០២២ ​បាន​ដាក់​​លិខិត​ជា​​របាយ​ការ​ណ៍​មួយ​ទៅ​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​​ដើម្បី​​សុំឱ្យ​អង្គ​ភាព​នេះ​ស៊ើប​អង្កេត​ពីភាព​មិន​ប្រក្រតី​នៃ​ការ​ដោះដូរ​ដី​ព្រៃ​ភ្នំតា​ម៉ៅ​ជាង ​២ ០០០ ​ហិកតា​។

លោក​ តាន់ គីម​សួរ បាន​បញ្ជាក់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី​ ១៣ ខែ​មិថុនាថា៖ «ខ្ញុំ​ពិត​ជាបាន​ដាក់​លិខិត​នោះ​មែន​​ទៅកាន់​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​ក្រោយ​ពី​បាន​មើល​ឃើញ​ថា​មាន​ភាព​ខុស​ប្រក្រតី​រវាង​លិខិត​លេខ ៣២​ សជណ​ និង​​ក្រោយ​ពី​ស្តាប់​ការ​បក​ស្រាយ​របស់​លោក​ Rithy Chhor ដែល​ជា​នាយក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន ខ្មែរ​ហ្វ្រេស​មិល ឯ.ក (​Khmer Fresh Milk Co., Ltd) »​។

លោក​បាន​បញ្ជាក់ថា​៖ «ខ្ញុំមាន​អារម្ម​ណ៍​ថា​រឿងរ៉ាវ​មិន​ប្រ​ក្រ​តី​​ជាច្រើន​កំពុង​តែ​កើតមា​ន​ឡើង​នៅពី​ក្រោយ​នៃ​ការ​រៀប​ចំ​គម្រោង​ដោះ​​ដូរទី​តាំង​ និងផ្ទេរ​កម្ម​សិទ្ធិដី​ទំហំ​ ៨០០​ ហិកតា​ ដែល​ស្ថិត​នៅ​តំបន់​ភ្នំ​តាម៉ៅ។ ​​អ្វី​ដែល​យើង​ស្នើ​សុំ​ទៅ​អង្គភាព​ ACU គឺ​ដោយ​សារ​តែ​មាន​ក្តី​​បារម្ភ​ខ្លាច​មាន​ករណី​​ក្លែង​បន្លំ​​ឯក​សារ​ក្នុង​​រឿង​នេះ​»។


យ៉ាង​ណាក្ដី​លោក​ថា លទ្ធ​ផល​យ៉ាង​ណា​នោះ​ នៅ​មិន​ទាន់​ដឹង​ទេ តែ​​ការ​ដាក់​លិ​ខិត​ទៅ​កាន់​អង្គភាព​ ACU ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រ​តី​​​។​

បើ​​យោង​តាម​សំឡេង​ក្នុង ​messen​ger របស់​លោក Rithy Chhor ដែល​បាន​បញ្ជាក់​ប្រាប់​ទៅ​លោក​ តាន់ គីមសួរ ​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ខ្មែរ ​ហ្វ្រេស មិល ឯ.ក​ របស់​លោក​ក៏ជា​អ្នក​រង​គ្រោះ​ដែរ ​ប្រសិន​បើ​មាន​ករណី​ខុស​ប្រក្រតី​ដូច​ជានៅ​​ក្នុង​លិខិត​​លេខ​ ៣២ ស​ជ​ណ ចុះ​ថ្ងៃទី ​១៤ ខែ​ មករា ឆ្នាំ​ ២០២២ របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​មែន​នោះ​។


លោក Rithy Chhor ​បញ្ជាក់​ពី​ប្រវត្តិ​របស់​ក្រុម​ហ៊ុន​លោក​ ដោយ​សារ​​តែ​មាន​ការ​ភាន់​ច្រឡំ​ច្រើន​ពី​មហា​​ជន​​មក​លើ​ក្រុម​ហ៊ុន​ ខ្មែរ ហ្វ្រេស មិល ឯ.ក​ ​ពីករណី​ដោះ​ដូរ​​ទី​តាំង​នោះ​ថា៖ ​«តាម​ពិត​ក្រុម​ហ៊ុន ខ្មែរ ហ្វ្រេស មិល ឯ.ក​ ជា​ក្រុម​ហ៊ុន​ដែល​មាន​ទី​តាំង​នៅ​ភ្នំ​តា​ម៉ៅ​នោះ​ គឺ​ជា​ក្រុម​ហ៊ុន​បង្កើត​ឡើង​ដោយ​ Fund​ មាន​ ៤0 ភាគ​​រយ​ទទួល​បាន​មូល​និធិ​ពី​EMIមក​ពី​​តំបន់​អឺរ៉ុប​ និង​​ ៤០ ​ភាគ​រយ​​ទទួល​បាន​មូល​និធី​ពី​ Nexasia​ មក​ពី​ជប៉ុន​និង​សិង្ហ​បុរី​សរុប​​ចំនួន​ ៨០ ភាគ​រយ​ និង​មាន​ Co​-founder ចំនួន​ ២០​ ភាគ​រយ ​ដែល​មាន​ភាគ​ហ៊ុន​ជា​មួយ​ជន​ជាតិ​ខ្មែរ​និង​អ៊ី​ស្រា​អែល។ក្រុម​ហ៊ុន​នេះ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១៨​ ដោយ​មាន​ការ​ចុះ​បញ្ជី​តាម​រយៈ CDC (ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា)។

លោក​បាន​បញ្ជាក់​ទៀត​ថា​ «ក្រុម​ហ៊ុន ខ្មែរ​ហ្វ្រេស មិល ឯ.ក​ គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​ទទួល ​Fund ពី​បរទេស ហើយ​មិន​មាន​សិទ្ធិ​ក្នុង​ការ​ទិញ​ដី​ ឬធ្វើ​អ្វីនោះ​ទេ ​​ដើម្បី​ធ្វើ​ការ​វិនិ​យោគ​។ ចំពោះ​ដី​ចំនួន ​៣០០​ហិកតា ​ដែល​មាន​​ទីតាំង​នៅ​ភ្នំតា​ម៉ៅ​នោះ​គឺ​យើង​ជួល​​ពី​រាជ​រដ្ឋាភិ​បាល​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ។ពួក​ខ្ញុំ​ក៏​ពិបាក​យល់​​ដែរ​ចំពោះ​ សជណ​ចុះ​ថ្ងៃទី ​១៤ ​ខែ ​មករា ឆ្នាំ​ ២០២២​ របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី…​»។

បើ​យោង​តាម ស.ជ.ណ ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​ ១៤ ខែ​ មករា ឆ្នាំ​ ២០២២ បាន​ឱ្យ​ដឹង​ថា​ រាជ​រដ្ឋាភិ​បាល​យល់​ព្រម​ជា​គោល​ការណ៍​ដោះ​ដូរ​ទីតាំង​ដី​ស្ថា​នីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ​ទំហំ​ ៣០០​ ហិក​តា​ និង​ទីតាំង​ដី​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំ​តាម៉ៅ​ទំហំ​ ៥០០​ ហិក​តា ​ស្ថិតនៅ​ឃុំ​កណ្ដឹង ​ស្រុក​បាទី ខេត្ត​តាកែវ ​ជា​មួយ​ក្រុម​ហ៊ុន​ខ្មែរ​ហ្វ្រេស​មិល​ឯ.ក ​ហើយ​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​និង​ដៃគូ​សហ​ការ​មុន​ធ្វើការ​អភិវឌ្ឍ​។​

ភ្នំពេញ​ប៉ុស្តិ៍​នៅ​ពុំ​ទាន់​អាច​ទាក់​ទង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សុំ​ការ​បញ្ជាក់​ពីការ​ដាក់​របាយ​ការ​ណ៍​ករណី​ដី​នៅភ្នំ​តាម៉ៅ​នេះ​បាន​នៅ​ទេ នៅ​​ថ្ងៃទី​ ១៣ ខែ​មិថុនា​។

ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មួយ​​ចំនួន​ដែល​ថា ​ឧទ្យាន​សួន​សត្វ​និងមជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ នឹង​ត្រូវ​​រុះ​រើ​ផ្ទេរ​​ទៅ​ខេត្ត​សៀម​រាប​ ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​មណ្ឌល​គិរី​ នោះ​ កាល​ថ្ងៃ​ទី​ ១០ ខែ​ ឧសភា ឆ្នាំ​ ២០២២ កន្លង​​ទៅ លោក ញឹក រតនៈពេជ្រ ​ប្រធាន​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំតាម៉ៅ​​ធ្លាប់​បាន​បដិសេធ​រួច​ហើយ​។

លោក រតនៈពេជ្រ ​បាន​បញ្ជាក់​ថា៖ «ករណី​នេះ​សូម​​ជម្រាប​ជូន​​សា​ធារណ​ជន​មេត្តា​ជ្រាប​ថា ឧទ្យាន​សួន​សត្វ​ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ​ពុំ​មាន​ផែន​ការ​រុះរើ ឬ​ផ្ទេរ​ទៅ​កាន់​ខេត្ត​សៀម​រាប ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​មណ្ឌល​គិរីនោះ​ទេ​ ដូច្នេះពុំ​មាន​ផល​ប៉ះ​ពាល់​ដល់​សត្វ​ព្រៃ​មួយ​ចំនួន​ដែល​កំពុង​តែ​រស់​នៅ​ទី​នេះ​ឡើយ​»។

លោក​បាន​បន្ត​ថា ហ្វូង​​ប្រើស រ​មាំង ជ្រូក​ព្រៃ​ និង​សត្វ​ស្លាប​ទាំង​អស់​នេះត្រូវ​បាន​ដោះ​លែង​​ឱ្យ​រស់​នៅ​ក្នុង​បរិវេណ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ ភ្នំតា​ម៉ៅ​ ដែ​ល​មាន​ផ្ទៃដី​ជាង​ ៤០០​ ហិកតា និង​មាន​រ​បង​សុ​វត្ថិ​ភាព​ព័ទ្ធជុំ​វិញ​ក្នុង​គោល​បំណង​បម្រើ​ឱ្យ​ការ​ងារ​អប់រំ ការ​បង្កាត់​ពូជ ​និង​កាត់​បន្ថយ​ជម្លោះ​រវាង​សត្វ​ព្រៃនិង​សហ​គមន៍​មូល​ដ្ឋាន​។​

លោក​បាន​ឱ្យដឹង​ទៀត​ថា បន្ថែម​ពីលើ​នេះ រាជ​រដ្ឋាភិ​បាល​តាម​រយៈ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ដាក់​ទុន​បន្ថែម​សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍​ឧទ្យាន​សួន​សត្វ​និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំតា​ម៉ៅ​ទៀត​ផង ក្នុង​នោះរួម​មាន ​គម្រោង​ស្ថាបនា​កែ​លម្អ​គុណ​ភាព​ប្រព័ន្ធ​​ផ្លូវ​ក្នុង​ឧទ្យាន​មាន​ប្រវែង​ជាង ​១៥​ គីឡូម៉ែត្រ គម្រោង​សាង​សង់​បន្ទប់​អនា​ម័យ​ចំនួន ​៥​ កន្លែង គម្រោង​សាង​សង់​អគា​ររដ្ឋ​បាល ​១ កន្លែង និង​គម្រោង​សាង​សង់​មជ្ឈ​មណ្ឌល​កម្សាន្ត​ ​កសាង​អាង​ស្តុក​ទឹក ១​​ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ឱទ្យាន​ កសាង​ខ្លោង​ទ្វារ​ចំនួន ​២ ​កន្លែង​ និង​មាន​ដាំ​ដើម​ឈើ​ ផ្កា​លម្អ​តាម​ផ្លូវជាង​ ១ ម៉ឺន​ដើម ​ដើម្បី​បម្រើ​សេវា​កម្ម​ទេស​ចរណ៍​ ដើម្បី​រក​ចំណូល​ដល់​សហគ​មន៍​មូល​ដ្ឋាន និង​ជួយ​ឱ្យ​ឧទ្យាន​សួន​សត្វ​ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំតា​ម៉ៅ​ធានា​បាន​និរន្ត​រភាព​ប្រចាំ​ថ្ងៃ​​ផង​​ដែរ​៕